Connect with us

សន្តិសុខសង្គម

អាជីវករលក់ដូរលើផ្លូវ ២៣០ ស្នើអាជ្ញាធរពិនិត្យលើបុគ្គលម្នាក់ដែលមានសិទ្ធិចាត់ចែងជួលផ្លូវសាធារណៈយកប្រយោជន៍ផ្ទាល់ខ្លួន

បានផុស

នៅ

ប្រជាពលរដ្ឋក៏ដូចជាអាជីវករលក់ដូរនៅលើកំណាត់ផ្លូវលេខ២៣០ ជាប់ផ្សារនាគមាស ស្នើឲ្យអាជ្ញាធរខណ្ឌទួលគោក ជួយពិនិត្យលើបុគ្គលម្នាក់ដែលមានសិទ្ធិចាត់ចែងជួលផ្លូវសាធារណៈដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអាជីវករ បគ្គល់រូបនោះមានឈ្មោះ ពន្លឺ មានសិទ្ធិចាត់ចែងយកដងផ្លូវសាធារណៈមកកាន់កាប់ធ្វើជាកម្មសិទ្ធ មិនតែប៉ុណ្ណោះ បានយកផ្លូវជារបស់រដ្ឋធ្វើអាជីវកម្មដាក់តម្លៃជួល ទៅតាមទំហំទីតាំងថែមទៀតផង។ ក្រុមអាជីវករលើកឡើងថា បុគ្គលឈ្មោះ ពន្លឺ មានសិទ្ធិអំណាចចង់អោយអ្នកណាលក់ក៏បាន ហើយរាល់ទីតាំងដែលលក់លើផ្លូវសាធារណៈ ប្រសិនបើមិនបង់លុយឲ្យទេ គឺបុគ្គលនោះមិនអោយប្រកបអាជីវកម្មបានឡើយ។

លោក សុខ ជា តំណាងអាជីវករ ៤ ទៅ៥នាក់ ដែលលក់ដូរនៅលើកំណាត់ផ្លូវលេខ ២៣០ បានលើកចោទជាសំនួរថា តើក្រុមសុីវិលទាំងនោះជានរណា ហើយមានតួនាទីអ្វី ទើបហ៊ានយកដងផ្លូវសាធារណៈមកកាន់កាប់ធ្វើជាកម្មសិទ្ធ មិនតែប៉ុណ្ណោះ បានយកផ្លូវជារបស់រដ្ឋធ្វើអាជីវកម្មដាក់តម្លៃជួល ទៅតាមទំហំទីតាំងថែមទៀតផង ។

លោក ស៉ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានប្រាប់អោយដឹងថា ចំពោះបញ្ហាទាំងអស់នេះ លោកក៏ធ្លាប់ទទួលបានអ្នករាយការណ៍ប្រាប់ពីបញ្ហាយកលុយនេះដែរ ហើយលោកនឹងរាយការណ៍ជូនលោក ជា ពិសី អភិបាលខណ្ឌទួលគោក ដើម្បីចាត់ការបុគ្គលនោះទៅតាមផ្លូវច្បាប់។

លោកអភិបាលរងខណ្ឌបញ្ជាក់ថា ដោយកន្លងទៅលោកមានការយោគយល់ទៅដល់អាជីវករលក់ដូរលើកំណាត់ផ្លូវ ២៣០នេះ អោយមានការលក់ចាប់ពីម៉ោង ៧យប់ រហូតដល់ម៉ោង៦ព្រឹក ប៉ុន្តែកំឡុងពេលលក់ដូរនោះ ត្រូវទុកផ្លូវសម្រាប់អោយប្រជាពលរដ្ឋធ្វើដំណើរ ហើយក្រោយពេលលក់ដូរចប់សពគ្រប់ ត្រូវសម្អាតអនាម័យ ធ្វើយ៉ាងណាអោយស្អាតមុនម៉ោង ៦ព្រឹក ដើម្បីជាការងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម