Connect with us

សន្តិសុខសង្គម

មន្ត្រីបរិស្ថានខេត្តកំពត ចុះពិនិត្យ និងណែនាំក្រុមហ៊ុន «កាស៊ីណូខ្ញុំ» ឲ្យបញ្ឈប់បង្ហូរទឹកកខ្វក់ចេញមកក្រៅប៉ះពាល់បរិស្ថាន

បានផុស

នៅ

កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត និងមន្ត្រីជំនាញក្រសួង រួមទាំងអាជ្ញាធរស្រុក និងភូមិឃុំ បានចុះពិនិត្យទីតាំង«កាស៊ីណូខ្ញុំ» ស្ថិតនៅក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់តា្រច ខេត្តកំពត ដែលបានបង្ហូរកាកសំណល់រាវបង្កឲ្យមានក្លិនស្អុយ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរចុះពិនិត្យនេះ មន្ត្រីជំនាញបានណែនាំម្ចាស់កាស៊ីណូ ត្រូវរៀបចំប្រព័ន្ធលូបង្ហូរទឹក សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងហាមបង្ហូរទឹកចេញក្រៅ។

ប្រធានមន្ទីរបរិស្ថានខេត្តកំពត លោក អេង ប៉ូឡូ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងពាក់ព័ន្ធការបង្ហូរទឹកកខ្វក់ចេញពីក្រុមហ៊ុន “កាស៊ីណូខ្ញុំ” បង្កឲ្យមានក្លិនស្អុយប៉ះពាល់បរិស្ថាន អនាម័យរស់នៅរបស់ប្រជាពលរដ្ឋដែលមានលំនៅឋានជុំវិញកាស៊ីណូប្រមាណ៩គ្រួសារ មន្ត្រីជំនាញមន្ទីរបរិស្ថានបានចុះពិនិត្យ និងបានណែនាំនូវលក្ខណៈបច្ចេកទេស និងវិធានការគាំពារបរិស្ថានច្រើនជំហ៊ានរួចមកហើយ។

ជាក់ស្តែងថ្ងៃនេះ មានទាំងមន្ត្រីជំនាញខាងក្រសួងបរិស្ថាន មន្ទីរបរិស្ថាន អាជ្ញាធរស្រុក និងភូមិឃុំផងដែរ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំរបស់ក្រុមហ៊ុន ដើម្បីលប់បំបាត់ការបង្ហូរទឹកកខ្វក់ចេញមកខាងក្រៅបរិវេណកាស៊ីណូ ឬបង្ហូរចូលព្រែក រួមទាំងពិនិត្យការគ្រប់គ្រងសំរាមផងដែរ។

លោក អេង ប៉ូឡូ ប្រធានមន្ទីរបានបន្តថា ខេត្តកំពតក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន លោកតែងជំរុញណែនាំ អាជ្ញាធរ មន្ទីជំនាញពាក់ព័ន្ធ កងកម្លាំង ប្រជាពលរដ្ឋ ឲ្យរួមគ្នាលើកកម្ពស់អនាម័យបរិស្ថាន ទាំងនៅទីតាំងឯកជន និងសាធារណៈ ដើម្បីទាក់ទាញទេសចរឲ្យមកលេងខេត្តកំពត។ ហើយកន្លងមកមន្ទីរបានខិតខំប្រឹងប្រែង និងចុះជំរុញ ណែនាំដល់បណ្តាអាជីវកម្ម ឬសេវាកម្ម ដើម្បីធ្វើកិច្ចសន្យាគាំពារបរិស្ថាន។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងទេថា តើទឹកកខ្វក់បំភាយក្លិនស្អុយនោះ មានផលប៉ះពាល់យ៉ាងណាដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋនៅឡើយ ខណៈមន្ត្រីជំនាញក្រសួងបរិស្ថាន ទើបបានយកទឹកកខ្វក់នោះ ទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីញែករកសារធាតុពុល និងផលប៉ះពាល់ផ្សេងៗ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម