Connect with us

សន្តិសុខសង្គម

រដ្ឋបាលរាជធានី សម្រេចផ្អាកអាជីវកម្មមួយចំនួនជាបណ្ដោះអាសន្នដែលនៅជុំវិញមណ្ឌលប្រឡងបាក់ឌុបទាំង៣៥

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ជាមួយនឹងការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានា ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចផ្អាកទីតាំងអាជីវកម្មមួយចំនួនដែលនៅជុំវិញមណ្ឌលប្រឡងនេះ គឺដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ៣៥មណ្ឌល។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦សីហា នេះបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សា គ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានា ដែលស្ថិតនៅ ជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ទីតាំងអាជីវកម្មផ្សេងទៀត រួមទាំងការដ្ឋានសំណង់ ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេង រំខាន ឬសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។ សម្រាប់ភ្ញៀវទេសចរដែលស្នាក់នៅក្នុងសណ្ឋាគារ អគារស្នាក់នៅរួម ផ្ទះសំណាក់ ឬផ្ទះជួលបណ្តោះអាសន្ន ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចេញ-ចូលជាធម្មតា។ ដោយឡែកសម្រាប់ការផ្ញើកង់-ម៉ូតូនៅតាមមណ្ឌលប្រឡង មិនត្រូវបានបង់ប្រាក់ឡើយ។

សូមជម្រាបថា ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង ២៨ សីហា ២០២៥ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម