Connect with us

កីឡា

នេះ​ជា​ចំណុច​ខ្លាំង ធ្វើ​ឲ្យ​ប្រទេសតូចពល​រដ្ឋជាង​៥០ម៉ឺន​នាក់​ កាបវែរ បង្កើត​ប្រវត្តិ​សាស្ត្រ​ឡើង​ជុំ​ចុង​ក្រោយ World Cup លើកដំបូង

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិ កាបវែរ បានសាងនូវភាពភ្ញាក់ផ្អើលធំមួយសម្រាប់ពិភពលោក ដោយពួកគេទទួលបានកៅអីចូលលេងពានបាល់ទាត់ជើងឯកពិភពលោក (World Cup) ជុំ​ចុង​ក្រោយជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្របាលទាត់ ក្នុងនាមជាប្រទេសតូចជាងគេទី ២ បន្ទាប់ពី អៀរឡង់ និងមានប្រជាជនត្រឹមកន្លះលាននាក់។

ក្រុមជម្រើសជាតិកាបវែរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនទទួលបានកៅអីចូលលេងពាន World Cup ២០២៦ ក្រុម​បាល់ទាត់​ជម្រើសជាតិ កាបវែរ បានឆ្លងកាត់នូវការប្រកួតពិបាកៗជាច្រើន ជាមួយការប្រកួតទាំងក្នុងដី និងក្រៅដីចំនួន ១០ ប្រកួតប្រចាំពូល D នៃវគ្គជម្រុះក្នុងទ្វីប អាហ្វ្រិក។ ក្រុមជម្រើសជាតិ កាបវែរ បានបញ្ចប់ការប្រកួតក្នុងពូល ដោយស្ថិតនៅកំពូលតារាង បន្ទាប់ពីឆ្លងកាត់ ១០ ប្រកួត ឈ្នះ ៧ ស្មើ ២ និងចាញ់ ១ រក​បាន​ ២៣ ពិន្ទុ និងឈរនៅលើក្រុមលេខ ២ កាមេរូន ចំនួន ៤ ពិន្ទុ។

ការទទួលបានកៅអី World Cup ជុំ​ចុង​ក្រោយ ជាលើកដំបូងរបស់ក្រុមជម្រើសជាតិ កាបវែរ បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារពួកគេ​ជាប្រទេសកោះតូចមួយមានប្រជាជនត្រឹម ៥៩ ម៉ឺននាក់ និងមានផ្ទៃដីត្រឹម ៤,០៣៣ គីឡូម៉ែត្រការ៉េ ពោលគឺតូចជាងខេត្តកំពង់ចាមរបស់កម្ពុជាផង ដែលមានផ្ទៃដី ៤,៥៤៩ គីឡូម៉ែត្រការ៉េ។

យ៉ាងណា នេះមិនមែនជាភាពចៃដន្យនោះទេ សម្រាប់ប្រទេសកោះនៅតំបន់ អាហ្វ្រិក មួយនេះទទួលបានកៅអីចូលលេងពាន World Cup ជាលើកដំបូង។ ខាងក្រោមនេះជាចំណុចខ្លាំង ៣ ចំណុចរបស់ កាបវែរ ដែលអាចដណ្តើមបានកៅអីចូលលេងពាន World Cup ២០២៦ ជាលើកដំបូង៖

  • គ្រូបង្វឹកប្រកបដោយភាពជាអ្នកដឹកនាំល្អ

គ្រូបង្វឹករបស់ពួកគេគឺលោក Pedro “Bubista” Brito បានដើរតួយ៉ាងសំខាន់ក្នុងការរៀបចំក្រុម។ លោក Pedro ជាគ្រូបង្វឹក ដែមានឈាមជ័រជាជនជាតិ កាបវែរតែម្តង ហើយនៅក្នុងអាជីពរបស់លោកមិនធ្លាប់មានបទពិសោធដឹកនាំក្រុមកំពូលណាទេ ប៉ុន្តែអ្វីដែលជាចំណុចពិសេសរបស់លោក គឺលោកពូកែរៀបចំក្រុមនៅលើទីលានបានយ៉ាងល្អ ហើយលោកតែងធ្វើឱ្យក្រុមមួយលេងយ៉ាងស៊ីសង្វាក់គ្នា តាមរយៈការបណ្តុះស្មារតី និងជំនឿជាក់ខ្លាំងទៅលើកីឡាករនីមួយៗ។

លោក Pedro
  • ការប្រមូលផ្តុំកីឡាករកំពុងលេងនៅក្រៅប្រទេសក្នុងលីគធំៗ

កីឡាកររបស់ក្រុមជម្រើសជាតិ កាបវែរ ១០០% ពោលទាំង ២៣ នាក់តែម្តង គឺគ្មាននរណាម្នាក់ជាកីឡាករលេងនៅក្នុងស្រុកនោះទេ។ ពួកគេបានខិតខំរៀបចំក្រុមទាំងមូលជាយូរមកហើយ ទម្រាំមានភាពខ្លាំងដូចពេលនេះ។ តាមរយៈការប្រមូលកីឡាករពី​ក្រៅ​ប្រទេស​ កំពុងលេងនៅលីគធំៗក្នុងពិភពលោកដូចជា អេស្ប៉ាញ ព័រទុយហ្គាល់ អង់គ្លេស បារាំង និងហូល្លង់ជាដើម មកលេងជុំគ្នាឱ្យក្រុមជម្រើសជាតិ កាបវែរ។

ជាក់ស្តែង​ខ្សែការពារ David Moreira លេងនៅក្រុម Sporting U23 ក្នុង​ប្រទេស ព័រទុយហ្គាល់, ខ្សែការពារ Logan Costa លេងនៅ Villarreal ប្រទេស អេស្ប៉ាញ, ខ្សែការពារ Ricardo Santos លេងនៅ Swansea City ប្រទេស អង់គ្លេស និង ខ្សែបម្រើ Sidnei Tavares លេងនៅ Blackburn Rovers ប្រទេស អង់គ្លេស ជាដើម។ អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀត កីឡាកររបស់ កាបវែរ ទាំងអស់សុទ្ធតែជាកីឡាករកំពុងពេញកម្លាំង ដែលមានអាយុជាមធ្យម ២៥ ឆ្នាំ ហើយមានតិចតួចណាស់ ដែលមានអាយុដល់ ៣០ ឆ្នាំ។

ខ្សែការពារ Ricardo Santos
  • ជាក្រុមលេងមិនចាញ់ច្រាប និងមានស្មារតីមោះមុត

ក្រៅអំពីការមានគ្រូបង្វឹកល្អ និងមានកីឡាករសុទ្ធតែមានបទពិសោធលេងនៅតំបន់ អឺរ៉ុប ក្រុមជម្រើសជាតិ កាបវែរ មានចំណុចមួយទៀត គឺស្មារតី។ ពួកគេជាក្រុមចូលចិត្តលេងប្រយុទ្ធ និងមានស្មារតីមិនចុះចាញ់ មិនថាក្នុងកាលៈទេសៈបែបណា ឬលេងទល់ក្រុមខ្លាំងបែបណាទេ។ ជាក់ស្តែងការប្រកួតជម្រុះក្នុងពូល D ទល់នឹងក្រុមជម្រើសជាតិ កាមេរូន ដែលជាក្រុមខ្លាំងបំផុតប្រចាំតំបន់ អាហ្វ្រិក ក៏ពួកគេអាចយកឈ្នះបានដែរ ដោយពេលនោះយកឈ្នះក្នុងលទ្ធផល ១-០។ ដោយឡែកការប្រកួតចុងក្រោយ ទល់នឹងក្រុមជម្រើសជាតិ អេសវ៉ាទីនី ដែលជាការប្រកួតចុងក្រោយ ដើម្បីកាត់សេចក្តី ក៏ពួកគេលេងដោយទំនុកចិត្ត និងមិនភិតភ័យនោះដែរ រហូតចុងក្រោយបានយកឈ្នះក្នុងលទ្ធផល ៣ ទល់នឹង ០។

កីឡាករកាបវែរ

គួរឱ្យដឹងថា ការប្រកួតជុំទី ១ ប្រចាំតំបន់ អាហ្វ្រិក បានរកឃើញ ៩ ក្រុមហើយ ដែលបានឡើងទៅជុំចុងក្រោយពាន World Cup ២០២៦ ក្នុងនោះមាន អេហ្ស៊ីប សេណេហ្គាល់ អាហ្វ្រិកខាងត្បូង កាបវែរ ម៉ារ៉ុក កូតឌីវ័រ អាល់ហ្ស៊េរី ទុយនីស៊ី និងហ្គាណា។ ចំណែកក្រុមជម្រើសជាតិ ហ្គាបុង កុងហ្គោ កាមេរូន និងនីហ្ស៊េរីយ៉ា ត្រូវធ្វើការប្រកួតវគ្គជម្រុះជុំទី ២ ដើម្បីរកមួយក្រុមឡើងទៅប្រកួតជម្រុះ (playoff) ជាមួយទ្វីបផ្សេង៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម