Connect with us

កីឡា

ខ្សែ​ប្រយុទ្ធ​គួរ​​​ឲ្យ​ចាប់​អារម្មណ៍​ពូល D ពាន AFC Challenge League លើ​ដី​កម្ពុជា

បានផុស

នៅ

ក្លិប​ទាំង​ ៤ នៅ​ក្នុង​ពូល D ពាន​រង្វាន់​ក្លិប​អាស៊ី AFC Challenge League សុទ្ធ​តែ​មាន​ខ្សែ​ប្រយុទ្ធ​ច្រើន​នាក់ ប៉ុន្តែ​ពេល​នេះ សូម​បង្ហាញ​ខ្សែ​ប្រយុទ្ធ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ក្រុម​​ជើង​ឯកលីគ​ឡាវ ​ក្រុម​ជើង​ឯកម៉ុងហ្គោលី ​ក្រុម​ជើង​ឯក​លីគ​​ហ្វីលីពីន និង ​ក្រុម​ជើង​ឯក​លីគ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប Ezra FA របស់​ឡាវ

  • ខ្សែ​ប្រយុទ្ធសញ្ជាតិ​ឡាវ​ Peter Phanthavong អាយុ ១៩ ​ឆ្នាំ  ​កម្ពស់ ១.៦៥​ ម៉ែត្រ លេច​ធ្លោ​​នៅ​ក្នុង​ចំណោម​កីឡាករ​ក្នុង​ស្រុក​ និង​បរទេស​​របស់​ក្លិប​។
  • ខ្សែ​ប្រយុទ្ធសញ្ជាតិជប៉ុន Ren Yoshioka អាយុ ២៧​ឆ្នាំ កម្ពស់ ១.៧៤​ ម៉ែត្រ ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​ដែល​​បាន​រួម​ចំណែក​ជួយ​ក្រុម Ezra FC មិន​ទាន់​បរាជ័យ​ឡើយ​នៅ​ដើម​រដូវ​កាល​នេះ។

ពួក​គេ​បានជួយ​ក្រុម Ezra FC ឈ្នះ​ ៧ ប្រកួត​ជាប់​គ្នា​ រក​បាន ២១ ពិន្ទុ ឈរ​លើ​កំពូល​តារាង ដោយ​ស៊ុត​ចូល​ដៃ​គូ ២៥ គ្រាប់ ក្នុង​នោះ​ត្រូវ​ដៃ​គូ​ស៊ុត​ចូល​ ២ គ្រាប់​ប៉ុណ្ណោះ។ ដូច្នេះ​ពួក​គេ​ល្អ​ទាំង​ការពារ និង​ប្រយុទ្ធ។

ក្លិប SP Falcons របស់​ម៉ុងហ្គោលី

  • ខ្សែ​ប្រយុទ្ធ​សញ្ជាតិអ៊ូបេគីស្ថាន Reza Ayvazov ​អាយុ ៣០​ឆ្នាំ កម្ពស់ ១.៨៤​ ម៉ែត្រ មាន​បទ​ពិសោធ​ច្រើនលើ​ឆាក​អន្តរជាតិ ហើយ​ជា​តួ​សំខាន់​ក្នុង​ការ​រក​គ្រាប់​បាល់​របស់​ក្រុម។
  • ខ្សែ​បម្រើ​ប្រយុទ្ធសញ្ជាតិ​ប្រេស៊ីល André Ferreira អាយុ​៣១​ឆ្នាំ កម្ពស់ ១.៧៤​ ម៉ែត្រ ដែល​ជា​តួ​បម្រើ​ដ៏​សំខាន់​របស់​ក្លិប SP Falcons។

ពួក​គេ​បាន​ជួយ​ក្លិប SP Falcons ឈរ​លើ​កំពូល​តារាង​លីគ​កំពូល​ម៉ុងហ្គោលី បន្ទាប់​ពី​ឈ្នះ ៣ ប្រកួត និង​ស្មើ ២ ប្រកួត​ ស៊ុត​ចូល​ដៃ​គូ ១២ គ្រាប់ និង​ត្រូវ​បាន​ដៃ​គូស៊ុត​ចូល​តែ១​គ្រាប់​ប៉ុណ្ណោះ។ នេះគិត​ត្រឹម ៥ ប្រកួត​ដំបូង។

ក្លិប Manila Digger របស់​ហ្វីលីពីន

  • ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាំប៊ី កីឡាករ Saikou Ceesay អាយុ ២៥​ឆ្នាំ កម្ពស់ ១.៨០​ ម៉ែត្រ ​រក​បាន ៦ គ្រាប់​នៅ​លីគ​ហ្វីលីពីន ដើម​រដូវ​កាល​នេះ។
  • ខ្សែ​ប្រយុទ្ធ សញ្ជាតិ​ហ្គាំប៊ី Baboucarr Touray អាយុ ១៩ ឆ្នាំ កម្ពស់ ១.៧៥​ ម៉ែត្រ រក​បាន ៤ គ្រាប់ នៅ​លីគ​ហ្វីលីពីន​ដើម​រដូវ​កាល​នេះ។ រូប​គេ​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​កំពុង​ពេញ​កម្លាំង​ល្អ។

ពួក​គេ​បាន​ជួយ​ក្លិប Manila Digger មិន​ទាន់​ស្គាល់​បរាជ័យ​​នៅ​រដូវ​កាល​ថ្មី​នេះ​ដោយ​ឈ្នះ ៤ ប្រកួត និង​ស្មើ ១ ប្រកួត មាន ១២ ពិន្ទុ ដោយ​ស៊ុត​ចូល​ដៃ​គូ ២២​គ្រាប់ និង​ត្រូវ​ដៃ​គូ​ស៊ុត​ចូល ៧​គ្រាប់ កំពុង​ឈរ​លើ​កំពូល​តារាង​លីគ​ហ្វីលីពីន។

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង

  • ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Patrick Robson អាយុ ២៧​ឆ្នាំ កម្ពស់ ១.៨២​ម៉ែត្រ រក​បាន ៦ គ្រាប់​ហើយ​នៅលីគ​កំពូល​កម្ពុជា​ដើម​រដូវ​កាល​នេះ។
  • ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាណា Kwame Peprah អាយុ ២៤ ឆ្នាំ កម្ពស់ ១.៨១​ម៉ែត្រ រក​បាន ៦ គ្រាប់​ហើយ​នៅ​លីគ​កំពូល​កម្ពុជាដើម​រដូវ​កាល​នេះ។

ពួក​គេ​បាន​ជួយ​ឲ្យ​ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លើ​កំពូល​តារាង ដោយ​មាន ១៥ ពិន្ទុ បន្ទាប់​ពី​ឈ្នះ ៥ និង​ចាញ់ ១ ដោយ​ស៊ុត​ចូល​ដៃ ១៩​គ្រាប់ និង​ត្រូវ​ដៃ​គូ​ស៊ុត​ចូល ៤​គ្រាប់។ កីឡាករ​ទាំង​ពីរ​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ដ៏​មាន​ប្រសិទ្ធភាព​របស់​ក្លិប​ជើង​ឯក​លីគ​កម្ពុជា។

សូមបញ្ជាក់​ថា ការ​ប្រកួត​សន្សំពិន្ទុ​ពូល D ពាន​រង្វាន់ AFC Challenge League លើ​ទឹក​ដី​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ដល់​ទី​១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម