Connect with us

កីឡា

CPL និង​ក្លិប​បាល់ទាត់​ជា​​ច្រើន​កំពុង​ធ្វើ​សកម្មភាព​សប្បុរស​ជួយ​ជនភៀសសឹក

បានផុស

នៅ

ក្រុម​ហ៊ុនខេមបូឌានព្រីមមៀរលីគ (CPL) និង​ក្លិប​បាល់ទាត់​ជា​ច្រើន​​បាន​កំពុង​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​ដើម្បី​ស្វែង​រក​ថវិកា គ្រឿង​ឧបភោគ បរិភោគ​ផ្សេង​ៗ​ដើម្បី​ជួយ​ដល់​វិរកង​ទ័ព និង​ជន​ភៀសសឹក​ដោយសារ​សង្គ្រាម​នៅ​ព្រំ​ដែន។

ការ​រៃអង្គាស​​​​ថវិកា គ្រឿង​ឧបភោគ និង​បរិភោគ​ផ្សេង​ៗ​តាម​រយៈ​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​ បរិច្ចាគ​ថវិកា គ្រឿង​ម្ហូប​អាហារ និង​សម្ភារៈ​ប្រើ​ប្រាស់​ដែល​​អាច​​ធ្វើ​ទៅ​បាន​នៅ​ទី​លាន​ការ​ប្រកួត ទីតាំង​ក្លិប និង​តាម​រយៈ QR Code ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលនិធិ CPL Care

មូលនិធិយុទ្ធនាការ CPL Cares តាមរយៈការផ្សព្វផ្សាយមនុស្សធម៌ របស់ខេមបូឌានព្រីមៀរលីគ និងយុទ្ធនាការរៃអង្គាសថវិកា និងសម្ភារៈប្រើប្រាស់ តាមបណ្ដាកីឡដ្ឋានរបស់ក្លិបបាល់ទាត់ទាំងអស់ (Host Team) ដែលចូលរួមក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ សម្រាប់ការប្រកួតនាពេលបច្ចុប្បន្ននេះ។ គោលបំណងសំខាន់នៃការរៃអង្គាសថវិកា និងសម្ភារៈប្រើប្រាស់ ឬសម្ភារៈសិក្សានេះ គឺដើម្បីជួយឧបត្ថម្ភគាំទ្រដល់បងប្អូនជនភៀសសឹកដែលទទួលរងផលប៉ះពាល ដោយសារការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដែលកំពុងត្រូវការជំនួយជាបន្ទាន់។

តាមរយៈស្តង់បរិច្ចាគនៅតាមកីឡដ្ឋាននៅថ្ងៃប្រកួត បងប្អូន អ្នកគាំទ្រទាំងអស់អាចនាំយកស្បៀង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ មកចូលរួមបរិច្ចាគបាន ដូចជា អង្ករ សម្លៀកបំពាក់ ឬសម្លៀក សម្ភារៈសិក្សា សៀវភៅ បិច ឬសម្ភារៈក្មេងលេង ជាដើម។ សម្ភារៈទាំងនេះ បងប្អូនអាចនាំយកមកបរិច្ចាគនៅស្តង់បរិច្ចាគបានជារៀងរាល់ការប្រកួតរបស់ CPL ពោលគឺជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ឬមានការជូនដំណឹងនៅលើគេហទំព័រក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ។  

“ដើម្បី គ្រួសារ របស់យើង”

ព្រះ​ខ័ន​រាជ​ស្វាយរៀង

ក្លិប​បាន​ប្រកាស​ថា ក្លិបនឹងបរិច្ចាគថវិកាទាំងអស់ ដែល​​ទទួល​បាន​​ពីការលក់សំបុត្រទស្សនាការប្រកួតជាមួយ អឹមអូអាយ កំពង់ដេវ៉ា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ជូនទៅសមរភូមិមុខ។ ក្នុងកាលៈទេសៈនេះ យើងខ្ញុំសង្ឃឹមថា បងប្អូនអ្នកគាំទ្រ និងសាធារណជន នឹងចូលរួមទស្សនាការប្រកួតឲ្យបានច្រើនកុះករដើម្បីសាមគ្គីភាព និងការរួបរួមជាមួយអ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលពីសរមភូមិមុខ។

ថ្ងៃអាទិត្យ ​ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ជំនួប​រវាង ព្រះខ័នរាជស្វាយរៀង vs អឹមអូអាយ កំពង់ដេវ៉ា វេលា​ម៉ោង ៦ ល្ងាច ​ នៅ​ពហុកីឡដ្ឋានជាតិ មរតកតេជោ។

ភ្នំពេញ​ក្រោន

ក្លិប​បាន​ប្រកាស​ថា ស្មារតីស្នេហាជាតិរបស់អ្នកគាំទ្របាល់ទាត់ជាតិ​។ ​បន្ទាប់ពីមានការប្រកាស​អំពីរការបរិច្ចាគចំណូលនៃការលក់សំបុត្រទស្សនាការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមអង្គរថាយហ្គឺរ ឃើញថា មានអ្នកគាំទ្រជាច្រើនបានទិញសំបុត្រទស្សនាការប្រកួតនេះ។ យើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលរួមបន្ថែមទៀតដើម្បីជាកម្លាំង និងការគាំទ្រទៅកាន់ជនភៀសសឹកនៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែន។

អាយ​អេសអាយ ដង្កោសែន​ជ័យ

ក្លិប​បាន​ប្រកាស​ថា គាំទ្រក្រោមស្មារតីរួបរួមគ្នា ដើម្បីក្តីសង្ឃឹមរបស់កម្ពុជា! អ្នកគាំទ្រ «ដំរីជ័យ» បានចូលរួមជាមួយជាមួយ ISI GROUP សម្រាប់​កាវវេចខ្ចប់ ដឹក​ជញ្ជូន និងរៀបចំស្បៀង ថ្នាំសង្កូវ សម្លៀកបំពាក់ និងសម្ភារៈចាំបាច់មួយចំនួន ដែលក្រុមហ៊ុនបានរៀបចំ សម្រាប់បងៗប្រជាជនខ្មែរដែលកំពុងរស់នៅតាមជំរុំភៀសសឹកនាពេលនេះ។ យើងនឹងបន្តរក្សាគោលជំហររឹងមាំ ស្មារតីសាមគ្គីភាពក្នុងនាមជាកម្លាំង​ជួរក្រោយ និងនៅតែផ្តល់ស្នាមញញឹមឲ្យគ្នាជានិច្ច!

ចូលរួមជាមួយយើងក្នុង មូលនិធិ អាយ អេស អាយ ដើម្បីជនភៀសសឹក ឬលោកអ្នកអាចបរិច្ចាគជាថវិកាតាមរយៈការស្កេន KH QR​ កូដ។

បឹងកេត

ក្លិប​បាន​ប្រកាស​ថា ៖«​រួប​រួមសាមគ្គីជាតិខ្មែរ។ ​សូមជម្រាប​ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ដើម្បីចូលរួម​គាំទ្រដល់វិរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានពីសំណាក់យោធាថៃ។ សូមអំពាវនាវដល់សាធារណជន បងប្អូនមហាគ្រួសារបាល់ទាត់ខ្មែរ ចូលរួមបរិច្ចាគជាស្បៀង សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ ថ្នាំសង្កូវគ្រប់ប្រភេទ តាមរយៈក្លិបបាល់ទាត់បឹងកេត បានចាប់ពីពេលនេះតទៅ ។ ទីតាំងស្ថិត​នៅ​​ការិយាល័យក្លិបបាល់ទាត់បឹងកេត។

ខាង​លើ​គ្រាន់​តែ​ក្លិប​មួយ​ចំនួន​ដែល​បាន​លើក​យក​មក​បង្ហាញ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​មាន​ក្លិប​ជា​ច្រើន​ទៀត​ដែល​បាន​ធ្វើ​សកម្មភាព​សប្បុរស​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម