Connect with us

កីឡា

បឹងកេត​ នឹង​អស់​ឱកាស​ដណ្តើម​លេខ ២ បើចាញ់ ភ្នំពេញក្រោន ល្ងាច​ថ្ងៃអាទិត្យ​នេះ​

បានផុស

នៅ

បឹងកេត ធ្វើ​ការ​ធ្ងន់​ទៀត​នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​ឧសភា ឆ្នាំ ២០២៦ សម្រាប់​ការ​ប្រកួត​លីគ​សប្តាហ៍​ទី២៨ នៅ​ពេល​ត្រូវ​ទទួល​ ភ្នំពេញក្រោន នៅទី​លាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

បឹងកេត ទើប​តែ​ប្រកួត​ស្មើ​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ១-១ សម្រាប់​ការ​ប្រកួត​ជើង​ទី១ វគ្គ​ពាក់​កកណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើកទី​១៩ កាល​ពី​យប់​ថ្ងៃ​ពុធ ទី​២៩​ ខែ​មេសា ឆ្នាំ ២០២៦។ រយៈ​ពេល ៣ ថ្ងៃ​បន្ទាប់​ ពួក​គេ​ត្រូវ​​ប្រកួត​ជា​មួយ ភ្នំពេញ​ក្រោន នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​ឧសភា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​សំខាន់​មួយ​ទៀត​សម្រាប់ បឹងកេត ដើម្បី​ប្រជែង​ជា​មួយ ភ្នំពេញក្រោន ក្នុង​ការ​ស្វែង​រក​ចំណាត់​ថ្នាក់​លេខ ២ សម្រាប់​ពាន​រង្វាន់​អាស៊ី AFC Champions League​ Two។ ភ្នំពេញក្រោន មាន ៥០ ពិន្ទុ កំពុង​ស្ថិត​នៅ​លេខ ២ ក្នុង​តារាង​ បន្ទាប់​ពីឈ្នះ ១៥ ស្មើ ៥ និង​ចាញ់ ៧។ ប្រសិន​បើ ភ្នំពេញ​ក្រោន ឈ្នះ បឹងកេត នៅ​ថ្ងៃ​អាទិត្យ​នេះ ពួកគេ​នឹង​ទទួល​បាន​កៅអី​សម្រាប់​ពាន​រង្វាន់​អាស៊ី AFC Champions League Two។

ចំណែក បឹងកេត វិញ​មាន ៤៤ ពិន្ទុ ស្ថិត​នៅ​លេខ ៤ តាម​ពី​ក្រោយ ភ្នំពេញ​ក្រោន ៦ ពិន្ទុ បន្ទាប់​ពី​ឈ្នះ ១២ ស្មើ ៨ និង​ចាញ់ ៧។ ប្រសិន​បើចាញ់ បឹងកេត នឹង​អស់​ឱកាស​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ ២ ហើយ​ដោយសារ​ការ​ប្រកួត​នៅ​​សល់តែ ៣ ប្រកួត​ទៀត​ប៉ុណ្ណោះ​​​គិត​ទាំង​ថ្ងៃ​អាទិត្យ​នេះ។ អ្វី​ដែល​កាន់​តែ​ធ្វើ​ការ​ធ្ងន់​ទៀត​នោះ​គឺ ៣ ថ្ងៃ​បន្ទាប់ បឹងកេត ត្រូវ​ប្រកួត​ជា​មួយ ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ ២០២៦ ក្នុង​លីគ។

ក្រុម​ដែល​ដណ្តើម​ចំណាត់​ថ្នាក់​លេខ ២ គឺ អង្គរថាយហ្គឺរ ដែល​មាន ៤៧ ពិន្ទុ តាម​ពី​ក្រោយ ភ្នំពេញ​ក្រោន តែ ៣ ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ទោះ​បី​ជា​ អង្គរថាយហ្គឺរ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ក៏​ពួក​គេ​មិន​អាច​ប្រកួត​ពាន​អាស៊ី​បាន​ដែរ ដោយសារ AFC មិន​បាន​ទទួល​ស្គាល់​ពួក​គេ​ក្នុងនាម​ជា​ក្លិប​បំពេញ​តាម​តម្រូវ​​ការ​​នៃ​អាជ្ញា​ប័ណ្ណ​ក្លិប​អាស៊ី។ ប្រការ​នេះ​មាន​ន័យ​ថា ប្រសិន ភ្នំពេញ​ក្រោន ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​លេខ ៣ ក៏​ពួក​គេ​ ទទួល​បាន​កៅ​ប្រកួត​ក្នុង​ពាន​អាស៊ី​ដែរ។

នៅ​ថ្ងៃ​អាទិត្យ​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជា​មួយ អង្គរថាយហ្គឺរ នៅ​ខេត្ត​សៀមរាប ខណៈ ណាហ្គាវើលដ៍ ទទួល ក្រុម អឹមអូអាយ កំពង់ដេវ៉ា នៅ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ៕

៣ ប្រកួត​ចុង​ក្រោយ ​សម្រាប់​ បឹងកេត

  • ប៉ះ ភ្នំពេញ​ក្រោន ថ្ងៃ​អាទិត្យ ទី​៣ ឧសភា
  • ប៉ះ  ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ឧសភា
  • ប៉ះ អឹមអូអាយ កំពង់ដេវ៉ា ថ្ងៃ​អាទិត្យ ទី​១៧ ឧសភា

៣ ប្រកួត​ចុង​ក្រោយ សម្រាប់ ភ្នំពេញក្រោន

  • ប៉ះ បឹងកេត ថ្ងៃ​អាទិត្យ ទី​៣ ឧសភា
  • ប៉ះ ណាហ្គាវើលដ៍ ថ្ងៃ​អាទិត្យ ទី​១០ ឧសភា
  • ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃអាទិត្យ ទី១៧ ឧសភា

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម