កីឡា
Rico ប្រកួតមិនចាញ់ ១១ ឆ្នាំជាប់គ្នា ត្រូវគេប្រសិទ្ធនាមជាស្តេចឃីកបុកស៊ីងពិភពលោក
កីឡាករសញ្ជាតិ ហូល្លង់ Rico Verhoeven ត្រូវបានពិភពលោកប្រសិទ្ធនាមជា «ស្តេចប្រដាល់ឃីកបុកស៊ីងពិភពលោក» បន្ទាប់ពីមានកំណត់ត្រាប្រកួតមិនចាញ់សោះរយៈពេល ១១ ឆ្នាំ និងឈរជាម្ចាស់ខ្សែក្រវាត់ Glory ឃីកបុកស៊ីង ទម្ងន់ធ្ងន់យូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រ។

ភាពជោគជ័យនៃអាជីពជាកីឡាករឃីកបុកស៊ីងរបស់ Rico មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាកើតឡើងតាមរយៈការហ្វឹកហាត់ បូករួមជាមួយទេពកោសល្យតាំងពីក្មេង។ កុមារ Verhoeven បានកើតនៅប្រទេស ហូងល្លង់ ឆ្នាំ ១៩៨៩ ដោយធំដឹងក្តីឡើងជាមួយការហ្វឹកហាត់ក្បាច់គុនការពារខ្លួនតាំងពីអាយុ ៦ ឆ្នាំ ដោយសារឪពុករបស់គេ គឺជាអ្នកបង្ហាត់ក្បាច់គុនម្នាក់។
កត្តានេះ បានរុញច្រានឱ្យ Rico ចាប់អាជីពជាអ្នកកីឡាប្រយុទ្ធម្នាក់ ដែលអាចប្រកួតបានច្រើនប្រភេទកីឡា ទាំងកីឡាឃីកបុកស៊ីង ប្រដាល់សកល និងក្បាច់គុនចម្រុះ។ យ៉ាងណាមិញ អាជីពដែលជោគជ័យបំផុតសម្រាប់ Rico គឺការប្រកួតកីឡាឃីកបុកស៊ីង ដោយផ្តើមអាជីពតាំងពីឆ្នាំ ២០០៥ មកដល់ ២០២៦ នេះ កីឡាករវ័យ ៣៧ ឆ្នាំ បានឆ្លងកាត់ការប្រកួតចំនួន ៧៦ ដង ក្នុងនោះឈ្នះ ៦៦ ដង (ផ្តួលដៃគូឱ្យសន្លប់ ២១ ដង) និងចាញ់ ១០ ដង។

រឿងដ៏ចាប់អារម្មណ៍បំផុត គឺក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយ ពោលតាំងពីឆ្នាំ ២០១៥ មក បន្ទាប់ពីចាញ់ចុងក្រោយទល់នឹងកីឡាករ Andrey Gerasimchuk កីឡាករ Rico មិនទាន់ស្គាល់បរាជ័យនៅឡើយទេ ដោយឆ្លងកាត់ ២២ ប្រកួត ឈ្នះទាំង ២២ ប្រកួត។ រឿងដ៏ពិសេសមួយទៀត គឺ Rico បានឈរជាម្ចាស់ខ្សែក្រវាត់ឃីកបុកស៊ីងទម្ងន់ធ្ងន់ពិភពលោក GLORY Heavyweight World Title យូរជាងគេបំផុត រហូតដល់ទៅ ១១ ឆ្នាំ។
ខ្សែក្រវាត់ GLORY Heavyweight World Title នេះ គឺ Rico ដណ្តើមបានពីកីឡាករ Daniel Ghiță នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៤។ ក្រោយមក គ្មានកីឡាករណាម្នាក់ អាចដណ្តើមបានពីកីឡាករហូល្លង់រូបនេះឡើយ ដោយមានកីឡាករ ១៥ នាក់ចូលដណ្តើម ហើយជាលទ្ធផលគឺបានចាញ់ទាំងអស់។
បន្ទាប់ពីការពារជោគជ័យបាន ១៥ ដង ដោយកាន់កាប់ដល់ឆ្នាំ ២០២៥ កីឡាករ Rico ក៏បានប្រកាសលះបង់ខ្សែក្រវាត់នេះដោយគ្មានមូលហេតុ។ ការលះបង់ខ្សែក្រវាត់នេះ មិនមែនមានន័យ ថា Rico បញ្ចប់អាជីពនោះទេ ប៉ុន្តែត្រូវបានគេប៉ាន់ស្មាន ថា គាត់ចង់បិទបញ្ចប់សម័យកាលរបស់ខ្លួន ជាកីឡាករ ដែលគ្មាននរណាម្នាក់អាចដណ្តើមបានខ្សែក្រវាត់នេះពីគាត់បាន ឬអាចនឹងប្តូរអាជីពទៅប្រកួតកីឡាផ្សេងវិញ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


