Connect with us

កីឡា

កីឡាករ Liu Mengyang ជើងខ្លាំងឃីកបុកស៊ីងចិនមានប្រវត្តិមិនធ្លាប់ចាញ់កីឡាករ ថៃ

បានផុស

នៅ

កីឡាករ Liu Mengyang ជាជើងខ្លាំងឃីកបុកស៊ីងរបស់ប្រទេស ចិន បានបង្កើតកំណត់ត្រាដ៏អស្ចារ្យ ដោយមិនធ្លាប់​ចាញ់កីឡាករ ថៃ ទាល់តែសោះ រាល់ពេលជួបគ្នាម្តងៗ ហើយរឿងដ៏ពិសេសមួយទៀត គឺរូបគេ​ជាអ្នកទាត់​ឱ្យអ្នកប្រដាល់កំពុងឡើងកូដ ថៃ Tawanchai P.K. ខូចជើងកាលពីឆ្នាំមុន។

កីឡាករ Liu Mengyang ទល់នឹង Tawanchai
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Liu Mengyang ជាអ្នកប្រដាល់ឃីគបុកស៊ីងជំនាន់ក្រោយរបស់ ចិន ដែលទើបរះឡើងកាលពីឆ្នាំ ២០២១។ កីឡាករកើតនៅឆ្នាំ ២០០២ ដែលបច្ចុប្បន្នមានវ័យ ២៣ ឆ្នាំរូបនេះ មានជំនាញប្រកួតគុនចម្រុះមួយទៀត ក្រៅពីកីឡាឃីគបុកស៊ីង។ រូបគេត្រូវបានគេចាត់ទុកជាតារារះថ្មីម្នាក់ នៃកីឡាឃីគបុកស៊ីងរបស់ ចិន បន្ទាប់ពីឆ្លងកាត់ការប្រកួតអាជីព ៤២ ដង ឈ្នះ ៣៥ និង ចាញ់ ៧ ប្រកួត។

ដ្បិតធ្លាប់មានប្រវត្តិចាញ់ ៧ លើកក៏ពិតមែន ប៉ុន្តែអ្នកលេងជំនាញទាត់ជើងក្រោមរូបនេះ តែងតែធ្វើបានល្អរាល់ពេលជួបជើងខ្លាំងរបស់ ថៃ ដោយធ្លាប់ប្រកួតតទល់ ៤ លើក ទទួលបានលទ្ធផលឈ្នះទាំង ៤ លើក។ កាលពីឆ្នាំ ២០២៣ កីឡាករ Liu Mengyang បានឈ្នះកីឡាករ Seksan ដោយពិន្ទុ។ ឆ្នាំ ២០២៤ រូបគេបានឈ្នះកីឡាករ Sudsakorn Sor Klinmee ដោយពិន្ទុ។

កីឡាករ Liu Mengyang

ឈានចូលឆ្នាំ ២០២៥ កីឡាករ Liu Mengyang បានឈ្នះកីឡាករ Shadow Singha Mawynn នៅសង្វៀន ONE ដោយពិន្ទុ។ ចំណែកនៅចុងឆ្នាំ ២០២៥ រូបគេបានបន្តឈ្នះកីឡាករដ៏ល្បីរបស់ ថៃ មួយរូបទៀតនៅសង្វៀន ONE ដដែល គឺកីឡាករ Tawanchai P.K. ដោយផ្តួលឱ្យបោះបង់ការប្រកួតទឹកទី ១ បន្ទាប់ពីខូចជើងស្តាំ។

ទាំងនេះជាកំណត់ត្រាដ៏ល្អរបស់កីឡាករ ចិន វ័យ ២៣ ឆ្នាំរូបនេះ ដែលការប្រកួតរបស់គេកន្លងមកនៅសង្វៀន ONE ជាពិសេសទល់នឹងកីឡាករ ថៃ មិនដែលចាញ់នោះទេ។ យ៉ាងណា នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៦ ខាងមុខនេះ រូបគេនឹងត្រូវជួបកីឡាករ ថៃ មួយរូបទៀតនៅសង្វៀន ONE គឺកីឡាករ Superbon Singha Mawynn៕

កីឡាករ Liu Mengyang ទល់នឹង Tawanchai

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម