Connect with us

កីឡា

វៀតណាម​សល់​លុយ​ហោច​ណាស់​៥​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃ​ពី​ស៊ីហ្គេម​​នៅ​​កម្ពុជា

បានផុស

នៅ

ប្រទេស​វៀតណាម​នៅ​សល់​លុយ​យ៉ាង​ហោច​ណាស់​៥​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​ថ្ងៃ​ៗ​សម្រាប់​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​ទទួល​បន្ទុក​ទាំង​អស់​លើ​ការ​ចំណាយ​ ក្នុង​នោះ​ការ​ចំណាយ​លើ​កត្តា​៣​សំខាន់​​​គឺ​សំបុត្រ​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​ទាំង​អ្នក​គាំទ្រ​ជាតិ និង​អន្តរជាតិ, ផ្តល់​សិទ្ធិ​ផ្សព្វផ្សាយ​ដោយ​ឥត​គិត​ថ្លៃទាំង​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ។ ជា​ពិសេស​មិន​គិត​ថ្លៃ​លើ​​ម្ហូប​អាហារ ការ​ស្នាក់​នៅ និង​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​កម្ពុជា​ដល់​គ្រប់​អត្តពលិក និង​ប្រតិភូ​កីឡា​​អាស៊ាន​ទាំង​អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​​គោលការណ៍​ ប្រទេស​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម យ៉ាង​ហោច​ណាស់​ត្រូវ​ឲ្យ​អត្តពលិក និង​ប្រតិភូ​កីឡា​ម្នាក់​ៗ​បង់​ប្រាក់​៥០​ដុល្លារ​​ក្នុង​១​ថ្ងៃ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ផ្ទះ។ ពួក​គេ​អាច​ចំណាយ​លើស​​នេះ​ថែម​ទៀត ប្រសិន​បើ​ស្នាក់​នៅ​សណ្ឋាគារ​កាន់​តែ​ទំនើប។ យ៉ាង​ណា តម្លៃ​៥០​ដុល្លារ​ដែល​ម្នាក់​ៗ​ត្រូវ​បង់​​ក្នុង​១​ថ្ងៃ​ៗ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ស៊ីហ្គេមលើក​ទី​៣២ គឺ​កម្ពុជា​​មិន​ឲ្យ​ភ្ញៀវ​ចំណាយ​ឡើយ។

​ផ្អែក​លើ​​ចំណុច​នេះ គ្រប់​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ស៊ីហ្គេម នៅ​កម្ពុជា​នៅ​សល់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ។ ជាក់​ស្តែង​ប្រទេស​វៀតណាម​គ្រោង​បញ្ជូន​អត្តពលិក និង​ប្រតិភូ​ចំនួន​​១៦៦៣​នាក់ ដូច្នេះ​​នៅ​ពេល​​កម្ពុជា​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់ វៀតណាម​អាច​សល់​លុយ​យ៉ាង​ហោច​ណាស់​ក៏​៥​ម៉ឺន​ដុល្លារ​អាមេរិក​​ក្នុង​១​ថ្ងៃ។

ស្រប​ពេល​កីឡា​ស៊ីហ្គេម​នៅ​កម្ពុជា​ចាប់​ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ទើប​ចប់ ប៉ុន្តែ​កីឡា​មួយ​ចំនួន​ត្រូវ​មក​មុន​ថ្ងៃ​ប្រកួត និង​ក្រោយ​ចប់​ការ​ប្រកួត​ទើប​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម