កីឡា
សហព័ន្ធគ្រោងចំណាយជាង៤ម៉ឺនដុល្លារសម្រាប់ប្រណាំងកង់ថ្នាក់ជាតិចុងសប្តាហ៍នេះ
សហព័ន្ធខ្មែរទោចក្រយានគ្រោងនឹងចំណាយប្រាក់ប្រមាណជាង៤ម៉ឺនដុល្លារអាមេរិកដើម្បីរៀបចំការប្រកួតប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលត្រូវបានលើកមកខែមករា ឆ្នាំ២០២៤។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរទោចក្រយានបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា កីឡាប្រណាំងកង់កម្ពុជាបានបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកអគ្គលេខាធិការបានលើកឡើងថា ៖«យើងបានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងក្នុងកីឡាស៊ីហ្គេម ដោយយើងបានឈ្នះមេដាយ២គ្រឿង។ កន្លងមកយើងមិនធ្លាប់បានឈ្នះមេដាយទេនៅស៊ីហ្គេម តែឆ្នាំ២០២៣ ស៊ីហ្គេមនៅកម្ពុជាយើងឈ្នះបានមេដាយ២គ្រឿង»។ ការប្រកួតស៊ីហ្គេមនៅកម្ពុជា កីឡាករ ឃីម ម៉េងឡុង បានឈ្នះមេដាយ២គ្រឿងគឺមេដាយប្រាក់ លើវិញ្ញាសាបុរស Men’s elimination និងមេដាយសំរិទ្ធ លើវិញ្ញាសា Men’s cross country។

សមិទ្ធផលដែលទទួលបានពីកីឡាស៊ីហ្គេមជាចំណែកមួយដ៏សំខាន់ដែលផ្តល់កម្លាំងកាយចិត្តសម្រាប់សហព័ន្ធ ដៃគូសហការ និងអត្តពលិកសម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣។ តាមការឲ្យដឹងពីលោក នូ ចំរើន ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះមានវិញ្ញាសាច្រើនជាងឆ្នាំមុនៗ ក្នុងនោះកីឡាករ កីឡាការិនីមានលទ្ធភាពចូលរួមប្រកួតដល់ទៅ២វិញ្ញាសាដែលរួមចំណែកជួយធ្វើឲ្យពួកគាត់បង្កើនសមត្ថភាពកាន់តែខ្លាំង។
លោក នូ ចំរើន បានឲ្យដឹងថា ៖«សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ យើងគ្រោងចំណាយទឹកប្រាក់ចំនួន៤២៧៥០ដុល្លារដែលមានរយៈពេល២ថ្ងៃនៅថ្ងៃទី៦-៧ ខែមករា ឆ្នាំ០២៤។ យើងមិនមែនផ្តល់រង្វាន់លើកទឹកចិត្តតែជយលាភីលេខ១ដល់លេខ៣ទេគឺដល់លេខ៥ដើម្បីឲ្យកីឡាករ កីឡាការិនីកាន់តែសប្បាយចិត្ត»។
ការប្រកួតដែលមានរយៈពេល២ថ្ងៃធ្វើនៅខេត្តកំពង់ឆ្នាំងដែលខុសប្លែកពីឆ្នាំមុនៗរៀបចំការប្រកួតតែ១ថ្ងៃនៅខេត្តសៀមរាប។

លោក នូ ចំរើន បានបន្តថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមានអត្តពលិកចំនួន២៩៨នាក់បានចុះឈ្មោះចូលរួមប្រកួតដែលមានកើនឡើងច្រើនជាងឆ្នាំ២០២២។ អ្វីដែលគួរឲ្យសំគាល់ទៀតនោះមាន៧វិញ្ញាសាដែលកីឡាករ កីឡាការិនីម្នាក់មានលទ្ធភាពចុះឈ្មោះចូលរួមប្រកួតដល់ទៅ២វិញ្ញាសា។
កត្តាអំណោយផលដល់ការប្រកួតថ្នាក់ជាតិដល់ទៅ២ថ្ងៃគឺដោយសារទទួលបានប្រាក់ឧបត្ថម្ភពីដៃគូសហការ និងការរៀបចំនៅខេត្តកំពង់ឆ្នាំងដែលងាយស្រួលក្នុងការធ្វើដំណើរ។ លោកអគ្គលេខាធិការជឿថា ការបង្កើតឲ្យអត្តពលិកចូលរួមច្រើនវិញ្ញាសាកាន់តែធ្វើឲ្យពួកគាត់មានឱកាសបង្កើនសមត្ថភាពក្នុងការត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ៕
វិញ្ញាសា៧មានដូចខាងក្រោម៖
- វិញ្ញាសា កង់គួកបុរសថ្នាល អាយុ១៨ឆ្នាំចុះក្រោម
- វិញ្ញាសា កង់គួកបុរសពេញវ័យ អាយុចាប់ពី១៨ឆ្នាំឡើង
- វិញ្ញាសា កង់គួកបុរស អាយុចាប់ពី៤០ឆ្នាំឡើង
- វិញ្ញាសា កង់ភ្នំបុរសថ្នាល អាយុ១៨ឆ្នាំចុះក្រោម
- វិញ្ញាសា កង់ភ្នំបុរសពេញវ័យ អាយុ១៨ឆ្នាំឡើង
- វិញ្ញាសា កង់ភ្នំនារី អាយុ១៥ឆ្នាំឡើង
- វិញ្ញាសា កង់ភ្នំបុរស អាយុ៤០ឆ្នាំឡើង
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ១០ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី