កីឡា
កីឡាការិនីស្រស់សោភាវ័យ១៩ឆ្នាំ ហេង ស៊ីវហ៊ាង កំពុងស្ថិតលើផ្លូវជោគជ័យ
កីឡាការិនីវ័យក្មេង ហេង ស៊ីវហ៊ាង កំពុងធ្វើដំណើរលើវិថីកីឡាប្រកបដោយមោទនភាពសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ បន្ទាប់ពីកញ្ញាបានប្តូរពីកីឡាតេក្វាន់ដូទៅចាប់អាជីពកីឡាជឺជីតស៊ូក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយ។

កាលពីអាយុប្រមាណ៨ឆ្នាំ ហេង ស៊ីវហ៊ាង បានចាប់អារម្មណ៍នឹងវីរកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដែលទទួលបានជោគជ័យលើឆាកអន្តរជាតិក្នុងឆ្នាំ២០១៤ ហើយក៏ចង់ក្លាយជាបុគ្គលម្នាក់ដែលទទួលបានការចាប់អារម្មណ៍ពីមហាដែរ។ កញ្ញាតែងតែចង់ជម្នះនឹងពាក្យ ក្មេងស្រីមិនអាចធ្វើអ្វីបាន ព្រមទាំងក្តីស្រឡាញ់ចំពោះកីឡាបានក្លាយជាមូលដ្ឋានគ្រឹះធ្វើឲ្យកញ្ញាចាប់អាជីពកីឡា។
កញ្ញា ស៊ីវហ៊ាង បានរៀបរាប់ថា ៖«ពេលខ្ញុំហាត់កីឡាដំបូង ពិបាកខ្លាំង ទាំងកាយ និងស្មារតី។ ខ្ញុំជាក្មេងស្រី គេនិយាយបែបនេះ បែបនោះ សូម្បីតែម៉ាក់ប៉ាក៏អត់សូវគាំទ្រដែរពីដំបូង។ ពួកគាត់ប្រហែលជាគិតថា ពេលនោះខ្ញុំគ្រាន់តែជាក្មេងស្រី ធ្វើអ្វីមិនច្បាស់ ទើបពួកគាត់មិនសូវគាំទ្រ តែពេលឃើញខ្ញុំផ្តោតយកយកចិត្តទុកដាក់មែនទែនទើបពួកគាត់គាំទ្រពេញទំហឹង»។

កីឡាការិនីដែលមានដើមកំណើតនៅរាជធានីភ្នំពេញបានចាប់ផ្តើមហ្វឹកហាត់កីឡាតេក្វាន់ដូដំបូងនៅឆ្នាំ២០១៤។ យ៉ាងណា មាឌតូច និងនៅក្មេង ស្របពេលកីឡាការិនីតេក្វាន់ដូក៏មានច្រើន ដូច្នេះកញ្ញាមិនបានជាប់ជម្រើសជាតិឡើយ។ ការហ្វឹកហាត់កីឡាតេក្វាន់ដូរយៈពេល៧ឆ្នាំ មិនសូវមានអំណោយផល កញ្ញាក៏សម្រេចឈប់ពីកីឡាតេក្វាន់ដូទៅហ្វឹកហាត់កីឡាថ្មីគឺជឺជីតស៊ូនៅចុងឆ្នាំ២០២២។
កញ្ញា ហេង ស៊ីវហ៊ាង បានប្រាប់ថា គោលដៅធំបំផុតគឺប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ពេលនោះសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាត្រូវការកីឡាករ កីឡាការិនីត្រៀមស៊ីហ្គេម ដូច្នេះហើយបានជាកញ្ញាសម្រេចចាប់យកកីឡាថ្មីមួយនេះ។

កញ្ញាបាននិយាយថា ៖«ហាត់កីឡាជឺជីតស៊ូដំបូងពិបាកចិត្តខ្លាំង ពីព្រោះខ្ញុំហាត់វិញ្ញាសាសម្តែង។ វិញ្ញាសាសម្តែងត្រូវការហ្វឹកហាត់ដដែលៗរាល់ថ្ងៃ សម្តែងយ៉ាងណាឲ្យពិតៗ។ ជាពិសេសបុកហាត់ខ្លាំងត្រៀមស៊ីហ្គេម ហើយហាត់ដដែលៗធ្វើឲ្យខ្ញុំធុញ។ សឹងតែធ្វើឲ្យខ្ញុំបោះបង់ចោលពាក់កណ្តាលទី តែដោយសារខ្ញុំចង់ប្រកួតស៊ីហ្គេមទើបមិនបោះបង់ចោល»។
«ម្យ៉ាងទៀត ពេលនោះ ប៉ាម៉ាក់ខ្ញុំគាំទ្រ លើកទឹកចិត្តខ្លាំងឲ្យខ្ញុំខំប្រឹងទៅ ព្រោះជាឱកាសកម្រសម្រាប់តំណាងជាតិក្នុងកីឡាស៊ីហ្គេម»។ កញ្ញាបានបន្ថែម។

ការប្រឹងប្រែងរយៈពេលប៉ុន្មានខែមុនពេលកីឡាស៊ីហ្គេម ឆ្នាំ២០២៣ មកដល់បានផ្តល់ឲ្យកីឡាការិនីវ័យ១៩ឆ្នាំទទួលបានមេដាយប្រាក់៣គ្រឿងជូនជាតិក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម។
កញ្ញាបាននិយាយថា ៖«គោលដៅធំទី១ដែលខ្ញុំសម្រេចបានគឺបានប្រកួតកីឡាស៊ីហ្គេមនៅលើដីប្រទេសកំណើត ហើយខ្ញុំក៏ទទួលបានមេដាយជាបន្តបន្ទាប់ទៀតជូនជាតិ»។
កីឡាការិនីអាយុ១៩ឆ្នាំដែលមានដើមកំណើតនៅរាជធានីភ្នំពេញទើបតែប្រឡងជាប់បាក់ឌុបឆ្នាំ២០២៤ និងបន្តចូលសាកលវិទ្យាល័យឆ្នាំទី១។

សមិទ្ធផលដែលកញ្ញាសម្រេចបាន
- មេដាយប្រាក់ វិញ្ញាសាសម្តែងគូ Women’s Duo កីឡាស៊ីហ្គេម ឆ្នាំ២០២៣
- មេដាយប្រាក់ វិញ្ញាសាសម្តែងគូ Women’s Show កីឡាស៊ីហ្គេម ឆ្នាំ២០២៣
- មេដាយប្រាក់ វិញ្ញាសាគូបុរស-នារី Mixed Duo កីឡាស៊ីហ្គេម ឆ្នាំ២០២៣
- មេដាយប្រាក់២ និងសំរិទ្ធ ពីព្រឹត្តិការណ៍ ASIAN Championship លើកទី៧ ឆ្នាំ២០២៣
- មេដាយប្រាក់១ ពីព្រឹត្តិការណ៍ JJIF Ju-Jitsu E Tournament ឆ្នាំ២០២៣
- មេដាយសំរិទ្ធ២ ពីព្រឹត្តិការណ៍ ASIAN Championship លើកទី៨ ឆ្នាំ២០២៤
- មេដាយមាស៣ ប្រាក់១ និងសំរិទ្ធ១ ពីព្រឹត្តិការណ៍ ASIAN Regional Championship Southeast Asia ឆ្នាំ២០២៤






អត្ថបទ៖ វីរបុត្រ
រូបថត៖ ផ្តល់ឲ្យដោយកញ្ញា ហេង ស៊ីវហ៊ាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ