Connect with us

ព័ត៌មានជាតិ

ពិព័រណ៍​ទេសចរណ៍​មូស្លីម​កម្ពុជា ស្តង់​ចូលរួម​​កើន​ពី​ ២០ ស្តង់​ឆ្នាំ ២០២៤ ដល់ ១០០ ស្តង់​នៅ​ឆ្នាំ ២០២៥

បានផុស

នៅ

វេទិកា ​និង​ពិព័រណ៍​ទេសចរណ៍​មូស្លីម​កម្ពុជា​ ​មាន​ស្តង់​ចូលរួម​​កើនឡើង​​ពី ២០ ស្តង់​​ក្នុង​ឆ្នាំ ២០២៤ កើន​​ដល់​​ជាង ១០០ ស្តង់​នៅ​ឆ្នាំ ២០២៥។ នេះ​បើ​តាម​ការ​កត់​សម្គាល់​ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​ក្នុង​ឱកាស​ចូលរួម​ពិធី​បើក​វេទិកា​និង​ពិព័រណ៍​ទេសចរណ៍​មូស្លីម​កម្ពុជា​ឆ្នាំ ២០២៥ នៅ​ព្រឹក​មិញ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ថា ​វេទិកា​ និង​ពិព័រណ៍​ទេសចរណ៍​មូស្លីម​ដែល​រៀបចំ​​ជា​លើក​ទី​ពីរ​នេះ មាន​ការ​កើន​ឡើង​ស្តង់​ចូលរួម​ ហើយ​ការ​រៀបចំ​កាន់​តែ​ធំ​ជាង​មុន។

លោក​ថា ក្រសួង​ទេសចរណ៍​បានរៀបចំវេទិកា​ទេសចរណ៍​មូស្លីម​នេះ​ឡើង ​មាន​គោល​បំណង​ប្រមូលផ្ដុំអ្នកជំនាញមានបទពិសោធន៍ល្អៗជាច្រើនពីស្ថាប័នរាជរដ្ឋាភិបាល វិស័យ​ឯកជន ប្រតិបត្តិករទេសចរណ៍ និងថ្នាក់ដឹកនាំសហគមន៍មូស្លីម ស្វែង​យល់ពីលទ្ធភាព បញ្ហា​ប្រឈម និង​កាលានុវត្តភាព​នានា ក្នុង​ការទទួល​និង​ចាប់យក​ចំណែកនៃទីផ្សារ​ទេសចរណ៍មូស្លីម។

ពាក់ព័ន្ធ​ការ​ជំរុញទាក់ទាញ​ទេសចរ​មូស្លីម​មក​ប្រទេស​កម្ពុជា លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា ទេសចរ​មូស្លីម​ជា​ទីផ្សារ​គោលដៅ​ដ៏​ចម្បង​មួយ ដែលជួយ​​រុញ​កំណើន​ទេសចរ​បរទេស​មក​កម្សាន្ត​​ប្រទេស​កម្ពុជា។

លោក​រដ្ឋមន្រ្តី​បាន​បង្ហាញ​ទិន្នន័យ​អត្រា​​កំណើន​ទេសចរ​មូស្លីម​នៅ​លើ​ពិភពលោក​កើន​ឡើង ២៥% នៅ​ឆ្នាំ​២០២៤ ប្រៀបធៀប​ឆ្នាំ ២០២៣ និង​មាន​កំណើន ១០% បើ​ប្រៀបធៀប​មុន​ផ្ទុះ​វិបត្ត​ជំងឺ​កូវីដ​​។ ឆ្នាំ ២០២៥ រំពឹង​ថា​ទេសចរ​មូស្លីម​នៅ​លើ​ពិភពលោក​នឹង​កើន​ឡើង​ដល់ ១៨៦ លាន​នាក់ ហើយ​តាម​ការ​ព្យាករណ៍​ឆ្នាំ ២០៣០ នឹង​កើន​ដល់ ២៤៥ លាន​នាក់​។

ក្នុង​ឱកាស​នោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​គោលដៅ​ទាក់ទាញ​ទេសចរ​មក​ពីប្រទេស​មូស្លីម តាម​រយៈ​ជំរុញ​ការ​ផ្សព្វផ្សាយ​និងការ​អភិវឌ្ឍ​ទីផ្សារ​​ទេសចរ​ណ៍​ដែល​ឆ្លើយតប​និន្នាការ​និងតម្រូវការ​រស់​ទេសចរ​មូស្លីម។

លោក គឹម មិនា នាយក​ប្រតិបត្តិ​នៃ​ក្រុម​ប្រឹក្សា​អភិបាល​សិក្សា​ទីផ្សារ ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​បាន​មើល​ឃើញ​ពី​សក្ដានុពល​របស់​ប្រទេស​កម្ពុជា ដែល​អាច​ទាក់ទាញ​ទេសចរ​មក​ពី​ប្រទេស​មូស្លីម​មក​កម្សាន្ត​កាន់​តែ​ច្រើន​នៅ​ពេល​ខាង​មុខ។

លោក​បាន​លើក​ឡើង​ពី​ការ​តភ្ជាប់​ជើង​ហោះហើរ​រវាង​ប្រទេស​មូស្លីម​ ដែល​នឹង​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​​ទេសចរមកពី​​ប្រទេស​មូស្លីម​ជ្រើសរើស​ប្រទេស​កម្ពុជា​ជា​គោលដៅ​កម្សាន្ត​។

លោកថា បច្ចុប្បន្ន​មាន​កម្ពុជា​បាន​តភ្ជាប់​ជើង​ហោះហើរ​ជាមួយ​ប្រទេស​មូស្លីម​មួយ​ចំនួន​​ដូចជា​ ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates airline ដែល​ហោះ​មក​ពី​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម ក្រុមហ៊ុន​អាកាសចរណ៍ Qatar airline ហោះ​មក​ពី​ទីក្រុង​ដូហា​ប្រទេស​កាតា ក្រុមហ៊ុន​អាកាសចរណ៍ Malaysia airline ហោះ​ពី​ទីក្រុង​កូឡាឡាំពួប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន​អាកាសចរណ៍ Etihad airline ហោះ​ពី​ទីក្រុង​អាប៊ូដាប៊ីប្រទេស​អារ៉ាប់រួម និង​អំឡុង​ខែ​ធ្នូ​ចុង​ឆ្នាំ ២០២៥ នឹង​មាន​ជើង​ហោះហើរ​ត្រង់​មក​ពី​ប្រទេស​អឺរ៉ុប​តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Turkey Airline ដែល​នឹង​ភ្ជាប់​ការ​ហោះហើរ​ត្រង់​​ពី​ប្រទេស​តួកគី​មក​ប្រទេស​កម្ពុជា។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​មក​កម្សាន្ត​មាន​ចំនួន ៦.៧ លាន​នាក់ ហើយ​ក្នុង​រយៈពេល ៨ ខែ​ឆ្នាំ ២០២៥ ទេសចរ​បរទេស​មក​កម្សាន្ត​មាន​ចំនួន​ ៤ លាន​នាក់។

វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ដែល​បើកដំណើរការ​នៅព្រឹកមិញនេះ​ ធ្វើឡើង​ក្រោមមូលបទ «អាស់សាឡាមូអាឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត» ដែល​រៀបចំឡើង​ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២៥ នៅបរិវេណនៃវិហារអាល់សារកាល់ (វិហារឥស្លាមបឹងកក់) ស្ថិត​នៅក្នុង​សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង៖ (១) សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ទេសចរគ្រប់ជាតិសាសន៍មកពីគ្រប់ទិសទី (២) ដើម្បីបង្ហាញពីភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍កម្ពុជា ដែលសមស្របជាមួយទីផ្សារទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្វ្រេនលីកម្ពុជា និង (៣) ការត្រៀមលក្ខណៈសម្បត្តិក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។

ពិព័រណ៍​ទេសចរណ៍​មូស្លីម​កម្ពុជា​​ដែល​ធ្វើឡើង​​រយៈពេល​ ៣ ថ្ងៃ​នេះ មានការ​តាំង​បង្ហាញ​ផលិតផល​ពី​​សហគ្រាស​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក ក្រុមហ៊ុន​ទេសចរណ៍ តំណាង​ស្ថានទូតមួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ​ក៏ដូចជា​ក្រុមហ៊ុនឯកជនដែលធ្វើការ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍។

ផលិតផល និងសេវាកម្មទេសចរណ៍ជាង ១០០ ស្តង់​មាន​ការដាក់តាំងបង្ហាញជាប្រភេទ Muslim Friendly Food and Beverages, Muslim Friendly Fashion, Muslim Friendly Hotel and service, Muslim Friendly Cosmetics៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម