Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ ឱនភាពថវិការុស្ស៊ីនឹង​ឡើង​ដល់​១០០​ពាន់​លាន​ដុល្លារ ខណៈ​ឥណ្ឌា​កាត់បន្ថយ​ការទិញ​ប្រេង

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយ​ថា ការកាត់បន្ថយ​របស់ឥណ្ឌាក្នុងការទិញថាមពលពីរុស្ស៊ី អាចធ្វើ​ឲ្យ​បញ្ហា​សេដ្ឋកិច្ច​របស់ទីក្រុងមូស្គូ​កាន់​តែយ៉ាប់យ៉ឺន ដោយឱនភាពថវិការបស់រុស្ស៊ីត្រូវបានគេព្យាករ​ថានឹងឈានដល់ជិត១០០​ពាន់លានដុល្លារនៅ​ឆ្នាំក្រោយ។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​​សារព័ត៍មាន Ukrinform លោក​ហ្សេលេនស្គី​ បានប្រាប់​អ្នកយកព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២០​ខែ​តុលា​ឆ្នាំ​២០២៥​ថា «យើងជឿជាក់ថា នៅឆ្នាំក្រោយប្រទេសរុស្ស៊ីនឹងប្រឈមមុខនឹងឱនភាពដ៏ធំ ជិត​១០០​ពាន់លានដុល្លារ។ កាលពីមួយខែមុន តួលេខនេះមានចំនួន​៧១​ពាន់លានដុល្លារ ប៉ុន្តែបញ្ហារបស់ពួកគេបានកើន​យ៉ាងខ្លាំង។ ហើយប្រសិនបើឥណ្ឌាពិតជាចាប់ផ្តើមទិញធនធានថាមពលតិចជាងមុន នោះវា​នឹងជួយ(ឲ្យ​ឱនភាព​រុស្ស៊ី​កាន់តែ​ខ្ពស់)»។

មេដឹកនាំអ៊ុយក្រែន បានបន្ថែមថា របាយការណ៍ចារកម្មបង្ហាញថា ឥណ្ឌាបានចាប់ផ្តើមកាត់បន្ថយការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីរួចហើយ។ យ៉ាង​ណា​មិញ លោក​មិន​ទាន់​មាន​របាយការណ៍​តួ​លេខ​ពិត​ប្រាកដ​ទេ តែ​លោក​ថា​​នឹង​ចែក​រំលែក​ទិន្នន័យ​នេះ​ប​ន្ថែម​ទៀត​នា​​ខែ​ក្រោយ។

ឥណ្ឌាគឺជាអ្នកទិញប្រេងធំបំផុតរបស់រុស្ស៊ី។ នៅឆ្នាំ​២០២៥​នេះ ​ឥណ្ឌាកំពុងទិញប្រហែល ១ភាគ៣​​នៃការនាំចូលប្រេងពីរុស្ស៊ី ដោយទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃ។ សម្រាប់ឆ្នាំសារពើពន្ធ​២០២៤-២០២៥ ការនាំចូលប្រេងពីរុស្ស៊ីរបស់ឥណ្ឌាមានតម្លៃ ៥០,២ពាន់លានដុល្លារ។ នេះ​បើយោង​តាម​ទីភ្នាក់ងារព័ត៍មាន​រ៉យទ័រ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក​ហ្សេលេនស្គី ធ្វើ​ឡើង​បន្ទាប់​ពី​​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា​ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសន្យា​​ជាមួយ​គាត់ថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ី។ ទន្ទឹម​នោះ លោក​ត្រាំ​​​ក៏​បាន​ព្រមានដែរ​ថា ក្រុង​ញូវដេលីនឹងប្រឈមមុខនឹងពន្ធ«ដ៏ធំ» ប្រសិនបើ​ខ្លួន​បរាជ័យក្នុងការធ្វើដូច្នេះ៕

ដោយ៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម