ព័ត៌មានជាតិ
កម្ពុជា និងកូរ៉េ ស្វែងរកកិច្ចសហការរួមគ្នាដោះស្រាយបញ្ហាឆបោកតាមអនឡាញ
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់កូរ៉េខាងត្បូង ដើម្បីស្វែងរកកិច្ចសហការរួមគ្នាក្នុងការដោះស្រាយនូវបញ្ហាពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមអនឡាញ (online scam) ដែលប្រព្រឹត្តនៅកម្ពុជា។

កិច្ចពិភាក្សានេះ បានធ្វើឡើងដោយតំណាងពីអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ខណៈគណៈប្រតិភូមកពីកូរ៉េ គឺដឹកនាំដោយលោក KIM SEOK KI ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងបង្រួបបង្រួមរបស់រដ្ឋសភាកូរ៉េ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ កិច្ចពិភាក្សារវាងភាគីទាំងពីរ នៅថ្ងៃនេះ គឺដើម្បីជជែកគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ និងការស្វែងរកយុទ្ធសាស្ត្រសហការក្នុងការដោះស្រាយបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជាដែលពាក់ព័ន្ធពលរដ្ឋកូរ៉េ។

ការស្វែងរកកិច្ចសហការរួមគ្នារវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េខាងត្បូង គឺចំពេលដែលបទល្មើសតាមប្រព័ន្ធអនឡាញ បាននិងកំពុងបង្កការគំរាមកំហែងទាំងក្នុងពិភពលោក និងតំបន់ រួមទាំងការជ្រៀតចូលប្រទេសកម្ពុជាពីឧក្រិដ្ឋជនបរទេស ដើម្បីប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានេះ រហូតករណីខ្លះមានជាប់ជាប់ពាក់ព័ន្ធនឹងពលរដ្ឋកូរ៉េ ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើចាត់វិធានការឆ្លើយតបនឹងបញ្ហានេះបន្ទាន់ ពិសេសករណីចាប់ជំរិតជនជាតិកូរ៉េដែលស្នាក់នៅក្នុងប្រទេសកម្ពុជា។
នៅចំពោះមុខបញ្ហានេះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ បានប្រកាសពួតដៃក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។

គួរឱ្យដឹងដែថា កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូពីកូរ៉េ ដឹកនាំដោយលោក KIM, SEOK-KI តំណាងរាស្ត្រខាងបក្សប្រឆាំង រួមនឹងតំណាងរាស្ត្រគណបក្សដឹកនាំរដ្ឋាភិបាល ក៏បានរួមដំណើរជាមួយកម្លាំងសមត្ថកិច្ចកម្ពុជា ដើម្បីចុះត្រួតពិនិត្យទីតាំងសង្ស័យមានលបលួចប្រព្រឹត្តបទល្មើស online scam ស្ថិតនៅអគារសេះស សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែក្រោយចុះពិនិត្យដល់ទីតាំងផ្ទាល់ ក្រុមតំណាងរាស្ត្រកូរ៉េ បានយល់ច្បាស់ថា មិនមានការបង្ខាំង ឬបង្ខិតបង្ខំជនជាតិកូរ៉េនៅកម្ពុជាទេ គឺពួកគេបានធ្វើសកម្មភាពល្មើសខ្លួនឯងផ្ទាល់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនបរទេសចំនួន៨៦នាក់ ក្នុងនោះស្ត្រីចំនួន៥នាក់ រាប់បញ្ចូលជនជាតិកូរ៉េចំនួន ៥៧នាក់ (ស្រី្ត២នាក់) និងជនជាតិចិនចំនួន២៩នាក់ (ស្រី្ត៣នាក់)។
តំណាងគណៈប្រតិភូប្រទេសកូរ៉េ បានស្នើសុំដល់ភាគីកម្ពុជាឱ្យបន្តប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជន និងផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនជាតិកូរ៉េ ដែលជាអ្នករងគ្រោះដោយការចាញ់បោកមេខ្លោងឧក្រិដ្ឋកម្មឆបោកអនឡាញនេះផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


