ព័ត៌មានជាតិ
អគារសណ្ឋាគារកម្ពស់ ១១ ជាន់ដំបូងជាប្រវត្តិសាស្រ្ត នឹងលេចរូបរាងនៅកោះឋានសួគ៌កោះរ៉ុង
អគារសណ្ឋាគារដ៏ប្រណីតដែលមានកម្ពស់ ១១ ជាន់ នឹងលេចរូបរាងនៅលើកោះឋានសួគ៌កោះរ៉ុង នៅរយៈពេលប្រមាណ ២ ឆ្នាំទៀតនេះ ក្រោយពិធីបើកការដ្ឋានសាងសង់បានរៀបចំជាផ្លូវការកាលពីថ្ងៃទី ២៧ ខែតុលា ក្រោមវត្តមានរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលខេត្តព្រះសីហនុ រួមទាំងម្ចាស់គម្រោងវិនិយោគ។


ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង Port Yves Palace លោកស្រី IWONA MAGDA KMIECIK នាយិកាប្រតិបត្តិក្រុមហ៊ុន M.B.I.S Development Co., Ltd, និងជាម្ចាស់រមណីយដ្ឋាន APSARA RESORT បានបញ្ជាក់ថា គម្រោងសាងសង់អគារពហុមុខងារ និងសណ្ឋាគារដ៏ប្រណិត Port Yves Palace តាមផែនការគ្រោងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ ២០២៧ ខាងមុខ។

ជាមួយការសាងសង់អគារស្នាក់នៅដ៏ប្រណីតដែលមានចំនួន ១៥០ បន្ទប់ តាមរយៈគម្រោងវិនិយោគនេះមិនមែនជាចេតនាបង្ហាញពីអំណាចនោះទេ ប៉ុន្តែចង់បង្ហាញអំពីតុល្យភាពនិងភាពសុខដុមរមនាចុះសម្រុងជាមួយពិភពលោកជុំវិញខ្លួន ខណៈរាល់ផ្នែកប្រតិបត្តិការនៃគម្រោង នឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ចំពោះបរិស្ថាន ដោយប្រើដំណោះស្រាយដែលការពារធម្មជាតិ និងរួមចំណែកដល់អាយុជីវិតយូរអង្វែងសម្រាប់ភពផែនដី និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោកស្រី IWONA MAGDA KMIECIK បញ្ជាក់ថា «គម្រោងនេះគឺច្រើនជាងការវិនិយោគ ប៉ុន្តែវាជាក្តីសុបិនរួម»។



លោកស្រី IWONA MAGDA KMIECIK វិនិយោគិនមានសញ្ជាតិដើមប៉ូឡូញ និងទើបទទួលបានសញ្ជាតិកម្ពុជាផងនោះ បានប្រដូចកោះរ៉ុងទៅនឹងកោះឋានសួគ៌ ដែលពិបាករកនៅកន្លែងណាផ្សេងអាចប្រដូចបាន។
«ខ្ញុំបានជួបមនុស្សជាច្រើនប្រកបដោយទឹកចិត្ត និងភាពបរិសុទ្ធរីករាយ ហើយចាប់ពីពេលនោះមក ប្តីរបស់ខ្ញុំបានពិភាក្សាគ្នាថា តើយើងគួរសាងអ្វីនៅទីនេះ? ត្រូវតែធ្វើដើម្បីកម្ពុជាដូចការគោរពជាតិមាតុភូមិរបស់យើង ដើម្បីធម្មជាតិ និងសម្រាប់ប្រជាជនកម្ពុជាទាំងមូល និងប្រជាជនរស់នៅលើកោះនេះ។ នោះហើយជាមូលហេតុដែលគម្រោងផត អ៊ីវស៍ ផាលេស និងមិនត្រឹមតែឈរនៅលើកោះនេះប៉ុណ្ណោះទេ ប៉ុន្តែក៍បង្កើតការរីកចម្រើនប្រកបដោយចីរភាពជាមួយកោះនេះផងដែរ»។
លោកស្រីបន្តថា «ក្នុងបេះដូងនៃធម្មជាតិ យើងចាប់ផ្តើមបង្កើតគម្រោងផត អ៊ីវស៍ ផាលេស (Port Yves Palace) ដែលផ្តល់នូវសម្រស់ដ៍ស្រស់ស្អាតដល់ប្រទេសកម្ពុជា មនុស្សសត្វ និងភពផែនដី ដែលផ្សារភ្ជាប់យើងទាំងអស់គ្នា»។
លោកស្រីបន្ថែមថា «ប្រទេសកម្ពុជាបានផ្តល់សញ្ជាតិដល់ខ្ញុំ។ ការផ្តល់ជូន និងការទទួលស្គាល់ដ៏អស្ចារ្យនេះ នាំឱ្យរំភើបដល់ទឹកចិត្តខ្ញុំ ហើយធ្វើឱ្យខ្ញុំមានអារម្មណ៍ដឹងគុណចំពោះប្រទេសនេះ»។
លោកស្រីបន្តថា «ឥឡូវនេះខ្ញុំមានអារម្មណ៍ថាដូចជាសមាជិកពិតប្រាកដនៃប្រជាជាតិនេះ វាមិនមែនត្រឹមតែនៅលើឯកសារតែប៉ុណ្ណោះទេ។ ខ្ញុំឆ្លើយតបជាមួយនឹងការទទួលខុសត្រូវត្រឡប់មកឱ្យកម្ពុជាវិញ រួមទាំងរាជរដ្ឋាភិបាល និងព្រះមហាក្សត្ររបស់យើងប្រកបដោយភក្តីភាព ក្តីសង្ឃឹម និងការគោរពចំពោះប្រទេសកម្ពុជា និងអនាគតរបស់កម្ពុជា»។


Port Yves Palace នឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា ជាពិសេសរួមចំណែកដល់គោលដៅ ដែលបានកំណត់ដោយរាជរដ្ឋាភិបាលដែលនាំប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ 2050។ នេះបើតាមលោកស្រី IWONA MAGDA KMIECIK មានប្រសាសន៍។
លោកស្រី IWONA MAGDA KMIECIK បញ្ជាក់ថា តាមរយៈគម្រោងអភិវឌ្ឍនេះនឹងផ្តល់ឱកាសការងារអចិន្ត្រៃយ៍យ៉ាងតិច ៣៥០ កន្លែងដល់ប្រជាជនកម្ពុជា និងយ៉ាងហោចណាស់ឱកាសការងារកិច្ចសន្យា ៥០០ កន្លែង ក្នុងអំឡុងពេលសាងសង់ និងដំណាក់កាលចាប់ផ្តើម។
លោកស្រីរំពឹងទុកថា តាមរយៈគម្រោង Port Yves Palace ក៏នឹងទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជាកាន់តែច្រើន បង្កើតអនុស្សាវរីយ៍ល្អៗសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ បន្ថែមពីនេះ គម្រោងនេះនឹងនាំមកនូវជីវិតថ្មីដល់កោះនេះ រួមទាំងកសាងស្ពានវប្បធម៌ ស្ពានយោគយល់ និងគោរពគ្នាទៅវិញទៅមក។
ដូចដែលព្រះពុទ្ធធ្លាប់មានដីកាថា “ទៀន ១ ដើមអាចបំភ្លឺបន្តដល់ទៀនរាប់ពាន់ដើម ដូច្នេះទៀននឹងនៅតែភ្លឺជាបន្តបន្ទាប់រៀងរហូត”។ ពាក្យទាំងនេះរំឭកយើងថាតាមរយៈការចែករំលែកពន្លឺរបស់យើង យើងនឹងមិនដែលបាត់បង់វាឡើយ»។
ម្ចាស់គម្រោងវិនិយោគលោកស្រី IWONA MAGDA KMIECIK ក៏បានលើកឡើងពីការគាំទ្រពីរាជរដ្ឋាភិបាល ដែលធ្វើឲ្យលោកស្រីមិនស្ទាក់ស្ទើរក្នុងការប្រាប់មិត្តភ័ក្តិ និងអ្នកវិនិយោគថា កម្ពុជាជាប្រទេសដែលមានសន្តិភាព និងបានបង្កើតគោលនយោបាយគាំទ្រអ្នកវិនិយោគ។ ជាឧទាហរណ៍ ជាមួយនឹងគម្រោងដំបូងរបស់លោកស្រីគឺរមណីយដ្ឋានអប្សរា ដែលរាជរដ្ឋាភិបាលបានសម្របសម្រួលនីតិវិធី និងផ្តល់ការលើកលែង និងការលើកទឹកចិត្តផ្សេងៗជាច្រើន។

ថ្លែងជាសាក្សីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារ និងសណ្ឋាគារប្រណីត Port Yves Palace ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើគម្រោងវិនិយោគសាងសង់អគារស្នាក់នៅដ៏ប្រណិតកម្ពស់ ១១ ជាន់ជាប្រវត្តិសាស្ត្រនៅលើកោះរ៉ុង។
លោករដ្ឋមន្ត្រីបានថ្លែងថា ការវិនិយោគនេះមិនត្រឹមតែជាសណ្ឋាគារសម្រាប់ស្នាក់នៅនោះទេ ប៉ុន្តែគឺជាការកកើតជីវិតថ្មីមួយទៀតសម្រាប់កោះឋានសួគ៌របស់ប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តីមើលឃើញថា តាមរយៈគម្រោងវិនិយោគនេះ នឹងផ្តល់ជម្រើសថ្មីបន្ថែមទៀតសម្រាប់ទេសចរណ៍ ដែលត្រូវការកន្លែងស្នាក់នៅដែលមានភាពទំនើប ប្រកបដោយស្តង់ដាខ្ពស់៕




-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


