សេដ្ឋកិច្ច
កម្ពុជា-ហ្វីលីពីនចុះ MOU ដើម្បីជំរុញការអភិវឌ្ឍទីផ្សារមូលបត្រ
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយគណៈកម្មការមូលបត្រហ្វីលីពីន (SEC) តំណាងដោយលោក Francis Ed. Lim ប្រធាននៃ SEC នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមធ្វើជាសាក្សីដោយលោក Eugene Wong នាយកប្រតិបត្តិ នៃវិទ្យាស្ថានហិរញ្ញវត្ថុប្រកបដោយចីរភាព។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងជំរុញការជួយគ្នាទៅវិញទៅមក ការផ្លាស់ប្តូរព័ត៌មាន និងពង្រឹងកិច្ច-សហប្រតិបត្តិការនៅក្នុងការលើកកម្ពស់ និងពង្រឹងការធ្វើនិយ័តកម្មសម្រាប់ប្រទេសទាំងពីរ។
លើសពីនេះ MoUនេះ ក៏នឹងលើកកម្ពស់ដល់ការកសាងសមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៃប្រទេសទាំងពីរតាមរយៈការអភិវឌ្ឍធនធានមនុស្សផងដែរ។
លោក ស៊ូ សុជាតិ មានប្រសាសន៍ថា៖ «តាមរយៈ MoU នេះ យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងសមត្ថភាព និងការផ្លាស់ប្តូរព័ត៌មាន ដែលនឹងបង្កើតទំនុកចិត្ត សាមគ្គីភាព និងវឌ្ឍនភាពបន្ថែមទៀតសម្រាប់ភាគីទាំងពីរ»។

MoU នេះ ក៏ជានិមិត្តរូបដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរ ហើយក៏បានបង្ហាញពីព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត និងដំណើរដ៏អស្ចារ្យសម្រាប់និយ័តករទាំងពីរ ក្នុងការធ្វើការរួមគ្នាដើម្បីអភិវឌ្ឍទីផ្សារមូលបត្រនៃប្រទេសទាំងពីរ ក្នុងភាពជាដៃគូ ជាពិសេសនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងឌីជីថលូបនីយកម្ម។
លោក ស៊ូ សុជាតិ បន្ថែមថា ភាពជាដៃគូនេះ គឺជាសក្ខីភាពមួយដែលយើងជឿជាក់ថា តាមរយៈការធ្វើការជាមួយគ្នា យើងនឹងអាចសម្រេចបានសមិទ្ធផលច្រើនជាងមុន។ យើងអាចបង្កើតបរិយាកាសដែលមានសុវត្ថិភាពជាងមុនសម្រាប់វិនិយោគិន បង្កើតទំនុកចិត្ត កាន់តែខ្លាំងឡើងនៅក្នុងទីផ្សារ និងរួមចំណែកដល់ការធ្វើសមាហរណកម្មហិរញ្ញវត្ថុ និងវិបុលភាពនៃតំបន់ អាស៊ានទាំងមូល។

លោក Francis Ed. Lim មានប្រសាសន៍ថា៖ «នៅក្រោម MoU នេះ PSEC និង ន.ម.ក. នឹងធ្វើការរួមគ្នាលើការត្រួតពិនិត្យ និងការអនុវត្តច្បាប់, ការកសាងសមត្ថភាព និងការបណ្តុះបណ្តាល និងកិច្ច-សហការបច្ចេកទេសនៅក្នុងហិរញ្ញវត្ថុប្រកបដោយចីរភាព បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថលូបនីយកម្មទីផ្សារ។ យើងមានគោលបំណងពង្រឹងការការពារវិនិយោគិន រក្សាសុចរិតភាពទីផ្សារ និងលើកកម្ពស់នវានុវត្តន៍ និងកំណើន ប្រកបដោយទំនួលខុសត្រូវ»។
ភាពជាដៃគូនេះ ក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យអាស៊ានដ៏ធំទូលំទូលាយរបស់យើងផងដែរ ដើម្បីកសាងទីផ្សារមូលធនដែលប្រកបដោយដោយភាពស្មើគ្នា ប្រសិទ្ធភាព និងភាពធន់ ដែលជំរុញទំនុកចិត្ត វិនិយោគិន និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់របស់យើង៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


