Connect with us

សន្តិសុខសង្គម

មន្ត្រីជំនាញ ចុះពិនិត្យឃ្លាំងស្តុកសាច់បង្កក ២ កន្លែង នៅក្រុងប៉ោយប៉ែត រកឃើញសាច់ខូចគុណភាព ១ ទីតាំង ដកហូតដុតកម្ទេចចោល

បានផុស

នៅ

មន្ត្រី​ជំនាញ​ពេទ្យសត្វ​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ទុក​សាច់​បង្កក ២ កន្លែង នៅ​ក្រុង​ប៉ោយប៉ែត ដែល​ដឹកនាំ​ដោយ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី ក.ប.ប បាន​ដក​ហូត​សាច់​បង្កក​ចំនួន ៦ ប្រភេទ ទៅ​ពិសោធន៍​សំណាក​រក​សារធាតុ​គីមី ដើម្បី​ឲ្យ​ដឹង​ថា​សាច់​នោះ​មាន​គុណភាព​ល្អ​តាម​ស្តង់ដារ​បច្ចេកទេស ឬ​មិន​មាន​គុណភាព ព្រមទាំង​រក​ឃើញ​សាច់​បង្ក​មួយ​ចំនួន​ក្នុង​ទីតាំង​មួយ​កន្លែង​ខូចគុណភាព​យក​ទៅ​ដុត​កម្ទេច​ចោល​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​ក្រោម​ការ​ដឹកនាំ​ពី​លោក ឃ្លោក នួយ អភិបាល​រង​ខេត្ត​តំណាង​លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ លើ​ទីតាំង​ឃ្លាំង​ស្តុក​ទុក​សាច់​បង្កក ២ កន្លែង ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ ២ និង​ភូមិ​បា​លិ​លេ​យ្យ ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​បសុពេទ្យ​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា តាមរយៈ​ការ​ចុះ​ត្រួតពិនិត្យ​ជា​ជា​លទ្ធផល មន្ត្រី​ជំនាញ​ពិនិត្យឃើញថា ឃ្លាំង​ទី ​១ នាំចូល​ដោយ​ក្រុមហ៊ុន VEN CHANNA EMPORT EXPORT CO.LTD មាន​មេកា​ឈ្មោះ ញៀន ញ៉ុញ ភេទ​ប្រុស (ប្រចាំការ​នៅ​ក្នុង​ឃ្លាំង ស្ថិត​ក្នុង​ភូមិ​បា​លិ​លេ​យ្យ​ ២) ដែល​មាន​ច្បាប់​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ មាន​លក់​ផលិតផល​ចំនួន ៦ រួមមាន ៖ ទា​មូល​ , ស្លាប​មាន់ គល់​ស្លាប​មាន់ ​, គូថ​មាន់ , ចុង​ស្លាប​មាន់ និង​ភ្លៅ​មាន់ (​ផលិតផល​ក្នុង​ស្រុក ៦០០​ គីឡូក្រាម​) សរុប​ទាំងអស់ ៦ ៨០០ ​គីឡូក្រាម។ មន្ត្រី​ជំនាញ​បាន​ដកហូតយក​សំណាក ៦​ មុខ សរុប ៣,១៥​ គីឡូក្រាម ដើម្បី​ត្រួត​ពិនិត្យ​សមាសធាតុ​គីមី និង​មេរោគ​បង្ក​ជំងឺ​ពី​អគ្គនាយកដ្ឋាន។ ឃ្លាំង​ទី​ ២ នាំចូល​ពី​ក្រុមហ៊ុន​បេ​តា​ក្រូ ខេត្ត​សៀមរាប មាន​ម្ចាស់​ឈ្មោះ ព្រំ ប៊ុនហេង (​ប្តី​) និង​ប្រពន្ធ​ឈ្មោះ រុំ ស្រី​ម៉ៅ មាន​លក់​ផលិតផល​ចំនួន ៤ មុខ រួមមាន ៖ មាន់​មូល​ , ទ្រូង​មាន់ ​, ប្រហិត​ត្រី និង​គល់ភ្លៅ សរុប ៧៧០ គីឡូក្រាម ក្នុង​នោះ​យក​សំណាក​វិភាគ​ទាំង​ ៤​ មុខ ស្មើ ២,៨​ គីឡូក្រាម។ ដោយឡែក ផលិតផល​ ៣​ មុខ​ផ្សេងទៀត ត្រូវ​បាន​ដកហូត​ដុត​កម្ទេច​ចោល​តាម​វិធាន​បសុពេទ្យ​សរុប ២៨០ ​គីឡូក្រាម (​ផលិតផល​មាន​ក្លិន ដែល​ប្រែប្រួល​បរិមាណ និង​សភាព​ដើម​) នៅ​ភូមិ​ទួល​ពង្រ សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត នា​វេលា​ម៉ោង ១៥ និង ៣០ នាទី​រសៀល។

លោក​បាន​បន្ត​ទៀត​ថា ជា​ទិសដៅ​បន្ត មន្ត្រី​ជំនាញ បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ធ្វើ​បច្ចុប្បន្នភាព​កន្លែង​ស្តុក ឃ្លាំង និង​កន្លែង​តាំង​លក់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ចរាចរ​ផលិតផល​សាច់​បង្កក​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​នៅ​ទូទាំង​ខេត្ត៕

អត្ថបទ ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម