Connect with us

សន្តិសុខសង្គម

លោក ជួន ណារិន្ទ អញ្ជើញនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារមកបំភ្លឺ ករណី​ដេញពលរដ្ឋចេញមិនដោះស្រាយរឿងជនជាតិចិនដេកលក់លើម៉ូតូកង់បីមិនក្រោក

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ បាន​អញ្ជើញ​លោក​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ មក​សួរនាំ​បំភ្លឺ​ជាបន្ទាន់ ករណី​ដេញ​ប្រជាពលរដ្ឋ​ចេញ មិន​ដោះស្រាយ រឿង​ជនជាតិ​ចិន ១ នាក់ ដេក​លក់​លើ​ម៉ូតូ​កង់បី មិន​ក្រោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុម​ការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០២៥ បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ការិយាល័យ​បុគ្គលិក ផែន​ការងារ​ធនធាន​មនុស្ស បាន​អញ្ជើញ​លោក​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ មក​សួរនាំ​បំភ្លឺ​ជាបន្ទាន់ ក្រោយ​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ចោទ​ថា «លោកនាយ​ប៉ុស្តិ៍​នគរបាល​ជ្រោយ​ចង្វារ ដេញ​ប្រជាពលរដ្ឋ​ចេញពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល មិន​ជួយ​ទទួល​ដោះ​ស្រាយ ករណី​ជនជាតិ​ចិន ១ នាក់ ដេក​លក់​លើ​ម៉ូតូ​កង់​បី (PassApp) របស់​ខ្លួន មិន​ក្រោក»។

ពាក់ព័ន្ធ​ករណី​ខាងលើ ក្រុម​ការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បញ្ជាក់​ថា តាម​ការ​ណែនាំ​របស់​លោក​ស្នងការ ចំពោះ​មន្ត្រី​ដែល​បំពេញ​ភារកិច្ច អនុវត្ត​ការងារ​មិន​បាន​ត្រឹមត្រូវ ដោយ​គ្មាន​វិន័យ ខ្វះ​ក្រមសីលធម៌ វិជ្ជាជីវៈ និង​បម្រើ​មិនល្អ ក៏ដូចជា​ប៉ះពាល់​អារម្មណ៍​ប្រជាពលរដ្ឋ ក្នុង​ករណី​ស្រាវជ្រាវ​រក​ឃើញ​មន្ត្រី​នោះ​ពិតជា​ប្រព្រឹត្ត​ល្មើស​វិន័យ​នគរបាល​ជាតិ គឺ​នឹង​ប្រឈម​ទទួល​រង​វិន័យ​របស់​នគរបាល​ជាតិ​ដោយ​មិន​លើកលែង​ឡើយ។

ក្រុម​ការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ប្រាប់​ពី​ដំណើររឿង ថា កាលពី​វេលា​ម៉ោង ៩ និង ០០ នាទី​ព្រឹក ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០២៥ មាន​អ្នក​រត់​កង់​បី (PassApp) ផ្លាក​លេខ ភ្នំពេញ 1LF-4963 អ្នក​បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​កង់​បី​ខាង​លើ មក​ឈប់​នៅមុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយ​ចង្វារ។ ក្នុង​នោះ អ្នក​បើកបរ​កង់​បី​នោះ បាន​ចូល​មក​រាយការណ៍​ថា មាន​ជនជាតិ​ចិន ១ នាក់ ដេកលក់​នៅ​លើ​កង់​បី​របស់​គាត់ ហើយ​ដាស់​មិន​ងើប។ ពេល​ទទួល​បាន​ព័ត៌មាន មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ បាន​ដើរ​ទៅ​មើល​ជនជាតិ​ចិន​នោះ ក៏​បាន​ឃើញ​ជនជាតិ​ចិន​នោះ កំពុង​ដេក​ក្នុង​កង់​បី មន្ត្រី​នគរបាល ក៏បាន​សួរ​ទៅ​អ្នក​បើកបរ​កង់​បី​នោះ​ពី​ដំណើររឿង។ ពេលនោះ អ្នកបើកបរ​កង់​បី​នោះ បាន​និយាយ​ប្រាប់​ថា កាលពី​វេលា​ម៉ោង​ប្រហែល ៥ និង ០០ នាទី​ព្រឹក (​ថ្ងៃ​ដដែល​) គាត់​បាន​ដឹក​ជនជាតិ​ចិន​នោះ​ចេញពី​ការ៉ាស់​សាំង​តេ​លា រង្វង់​មូល ព្រហ្ម​មុខ​បួន ជ្រោយចង្វារ ទៅ​ផ្សារ​ទំនើប អ៊ី​អន ៣ ហើយ​ដឹក​មកវិញ​ដល់​ចំណុច​រង្វង់​មូល វិមានឯករាជ្យ ជនជាតិ​ចិន នោះ ក៏បាន​ដេក ដាស់​មិន​ងើប គាត់​ក៏​ដឹក​មក​កា​រ៉ា​ស់​សាំង​តេ​លា​រង្វង់​មូល​ព្រហ្ម​មុខ​បួន នោះ​វិញ ហើយ​សួរនាំ​អ្នក​ជិតៗ នោះ​ថា ជនជាតិ​ចិន​នោះ​មកពី​ណា? គេ​ក៏​ប្រាប់​គាត់​ថា ដឹក​យក​ទៅ​ប៉ុស្តិ៍​ទៅ បន្ទាប់មក​គាត់​ក៏​ដឹក​ជនជាតិ​ចិន​នោះ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយ​ចង្វារ។

ក្រុម​ការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​បន្ត​ថា មន្ត្រី​នគរបាល​ម្នាក់ បាន​ដាស់​ជនជាតិ​ចិន​នោះ តែ​គាត់​មិន​ងើប​ឡើយ គ្រាន់តែ​បើកភ្នែក​មើល ហើយ​ស្រែក​ហ៊ឹះ​! ​រួច​ក៏​បិទ​ភ្នែក​ដេក​ទៅវិញ​ទៅ។ ក្រោយពី​ដាស់​ជនជាតិ​ចិន​នោះ មិន​ងើប មន្ត្រី​ប៉ុស្តិ៍ ក៏​ចូល​មក​ប៉ុស្តិ៍ ហើយ​រាយការណ៍​ជូន​លោកនាយ​ប៉ុស្តិ៍។ ខណៈ​នោះ​ដែរ លោកនាយ​ប៉ុស្តិ៍ ក៏​ប្រាប់​ឲ្យ​អ្នក​បើកបរ​កង់​បី ដឹក​គាត់​យក​ទៅ​ពេទ្យ​ទៅ ហើយ​បុរស​នោះ ក៏​ដឹក​ជនជាតិ​ចិន​ចេញទៅ​បាត់។ បន្ទាប់មក ស្រាប់តែ​ឃើញ​បុរស​អ្នក​រត់​កង់​បី ខាងលើ បាន​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ចោទ​លោក​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ ថា ដេញ​គាត់​ចេញពី​ប៉ុស្តិ៍ មិន​ជួយ​ទទួល​ដោះស្រាយ​ករណី​ជនជាតិ​នោះ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម