Connect with us

សន្តិសុខសង្គម

ការតវ៉ារបស់កម្មកររោងចក្រ យូជា ឆេង ត្រូវបានដោះស្រាយបញ្ចប់យ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ពីក្រសួងការងារ

បានផុស

នៅ

ការតវ៉ារបស់កម្មករកម្មការិនីនៃរោងចក្រ យូជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះបានអះអាងថា «ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ កង្វល់របស់កម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករក៏នឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ជាធម្មតាឡើងវិញ»។

ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរ បានឯកភាពគ្នាស្រុះស្រួលចំនួន ១០ចំណុចក្នុងនោះរួមមាន ការបញ្ឈប់ការប្រើប្រាស់ពាក្យមិនសមរម្យ និងជេរប្រមាថលើកម្មករ ការអនុញ្ញាតឱ្យកម្មករដែលមានជំងឺដែលមានវេជ្ជបញ្ជាអាចឈប់សម្រាក អនុវត្តការឈប់សម្រាកប្រចាំឆ្នាំដែលធ្វើឡើងទៅតាមវេនដើម្បីធានាខ្សែច្រវាក់ផលិតកម្ម និងការមិនគុំគួននឹងគ្នាជាដើម។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែល។

គួរបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុមអន្តរាគមន៍ក្រសួង និងមន្ទីរការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសម្របសម្រួលដោះស្រាយករណីនេះដោយមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់កម្មករ។

ការដោះស្រាយដ៏លឿនរហ័ស និងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថា គឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម