ព័ត៌មានជាតិ
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៤ ៧០០ កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡ
ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ» នៅបរិវេណសាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ ដោយនាំយកឱកាសការងារចំនួន ៤ ៧០០ កន្លែង ពី សហគ្រាស ក្រុមហ៊ុន និង រោងចក្រធំៗ ដល់ប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និង យុវជនជិត ៦០០ នាក់ ដើម្បីលើកកម្ពស់ឱកាសការងារក្នុងស្រុក ពង្រឹងការយល់ដឹងអំពីសន្តិសុខសង្គម និង ផ្សព្វផ្សាយឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

ដូចរៀងរាល់សប្តាហ៍ដែរ ការខិតខំផ្សព្វផ្សាយ និង ការជួបសម្ភាសដោយផ្ទាល់រវាងបណ្តាក្រុមហ៊ុនដែលត្រូវការកម្លាំងពលកម្ម និង ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកំពុងស្វែងរកការងារធ្វើ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និង ផ្ដល់ការងារឱ្យខ្មែរ» លោក សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលជួបសំណេះសំណាលជាមួយអ្នកចូលរួមទាំងអស់ បានជំរុញឱ្យប្រជាពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុក ខណៈបច្ចុប្បន្នមានតម្រូវការកម្លាំងពលកម្មជាង ៩ ម៉ឺនកន្លែង ពីបណ្តាសហគ្រាស ក្រុមហ៊ុន រោងចក្រ និង តំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេស។ លោកបញ្ជាក់អំពីការងារក្នុងស្រុកដោយស្របច្បាប់ គឺមិនត្រឹមតែធានាបាននូវប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) រួមមាន របបហានិភ័យការងារ របបថែទាំសុខភាព និង របបសោធននិវត្តន៍ ដែលផ្តល់ការគាំពារប្រហាក់ប្រហែលនឹងមន្ត្រីរាជការផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចៀសវាងការធ្វើចំណាកស្រុកដោយខុសច្បាប់ ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ច និង ខ្វះការការពារតាមផ្លូវច្បាប់។ លោកបានណែនាំថា ប្រសិនបើមានបំណងទៅបម្រើការងារនៅក្រៅប្រទេស ត្រូវជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ និង ផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរមានសមត្ថកិច្ច។ សម្រាប់ព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងលេខទូរស័ព្ទជំនួយរហ័ស Hotline ១២៩៧ សម្រាប់សេវាផ្គូផ្គងការងារ និង លេខ ១២៨៦ សម្រាប់សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។

លោកក៏បានលើកទឹកចិត្តដល់យុវជន និង ប្រជាពលរដ្ឋ ឱ្យចូលរួមសិក្សាជំនាញបច្ចេកទេស និង វិជ្ជាជីវៈ តាមរយៈកម្មវិធី «TVET ១,៥ លាន» នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង , វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង , វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ដែលផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ព្រមទាំងប្រាក់ឧបត្ថម្ភប្រចាំខែ ហើយដែលកម្មវិធីនេះមានជំនាញជាច្រើន ស្របតាមតម្រូវការទីផ្សារការងារ ព្រមទាំងការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី។

សូមជម្រាបថា វេទិកាការងារនេះ មានការចូលរួមពីសហគ្រាស ក្រុមហ៊ុន និង រោងចក្រធំៗ ដែលបាននាំយកឱកាសការងារចំនួន ៤ ៧០០ កន្លែង មកផ្តល់ជូនប្រជាពលរដ្ឋ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ , រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី , ក្រុមហ៊ុន ថាកូ អាហ្រ្គី ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅបម្រើការងារនៅក្រៅប្រទេស ដែលបានផ្តល់ព័ត៌មាន សេវាផ្គូផ្គងការងារ និង ការប្រឹក្សាយោបល់ដោយផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកស្វែងរកការងារ និង ទីផ្សារការងារក្នុងពេលបច្ចុប្បន្ន៕






-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥៧ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


