Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺឲ្យអាជ្ញាធរក្រុងស្រុកគ្រប់គ្រងជនបរទេសឲ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ONLINE SCAMS ឲ្យមានប្រសិទ្ធភាព

បានផុស

នៅ

អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានណែនាំឲ្យអាជ្ញាធរក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងជនបរទេសគ្រប់ប្រភេទដែលស្នាក់នៅក្នុងមូលដ្ឋានឲ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ONLINE SCAMS ឲ្យមានប្រសិទ្ធភាព។ លោកអភិបាលខេត្ត ក៏បានព្រមានរាល់បុគ្គលទាំងឡាយណា ដែលមិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការបង្ក្រាបជនបរទេស ស្របតាមបទដ្ឋានគតិយុត្តជាធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ធ្វើឡើងដោយយោងទៅលើការណែនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ស្ដីពីការគ្រប់គ្រងជនបរទេស ក្នុងន័យបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យទទួលបាននូវប្រសិទ្ធភាព។

តាមរយៈលិខិតជម្រាបជូនលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអភិបាលក្រុង ស្រុក កាលពីថ្ងៃទី២១មករា លោក ជាម ច័ន្ទសោភ័ណ បានស្នើឲ្យលោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអភិបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងការគ្រប់គ្រងជនបរទេសគ្រប់ប្រភេទឱ្យបានហ្មត់ចត់ដែលបានទទួលស្គាល់តាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវក្តាប់ទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ចំពោះជនបរទេសមានប័ណ្ណស្នាក់នៅ។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ការណែនាំនេះ ក៏ដើម្បីអនុវត្តកិច្ចការងារ រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុវត្ថិភាពសង្គមសំដៅបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យបានទាន់ពេលវេលាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម