Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​២០០នាក់ ក្រោយការបាក់ដីកប់អណ្តូងរ៉ែ​នៅកុងហ្គោ

បានផុស

នៅ

អាជ្ញាធរក្រុមឧទ្ទាមនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបញ្ជាក់កាលពីថ្ងៃសៅរ៍​ទី​៣១​ខែ​មករា​ឆ្នាំ​២០២៦​ថា ហេតុការណ៍បាក់ដីដ៏ធំមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០០នាក់ នៅទីតាំងអណ្តូងរ៉ែ Coltan ដ៏សំខាន់មួយក្នុងតំបន់ភាគខាងកើតដែលមានជម្លោះ។

រូបតំណាង នៅទីតាំងអណ្តូងរ៉ែ Coltan (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សោកនាដកម្មនេះបានកើតឡើងកាលពីថ្ងៃពុធ នៅអណ្តូងរ៉ែ Rubaya ក្នុងខេត្ត North Kivu ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរវ៉ាន់ដា ចាប់តាំងពីខែឧសភាឆ្នាំ២០២៤។ របាយការណ៍បាន​​ឲ្យ​ដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យបាក់រូងភ្នំដែលជីកដោយដៃជាច្រើន កប់កម្មករអណ្តូងរ៉ែ កុមារ និងអាជីវករនៅក្រោមភក់ និងកម្ទេចកម្ទីយ៉ាងជ្រៅ។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តជួបការលំបាកដោយសារភូមិសាស្ត្រតំបន់នោះមានសភាពស្មុគស្មាញ និងការបន្តធ្លាក់ភ្លៀង។ ខណៈដែលអ្នករស់រានមានជីវិតយ៉ាងហោចណាស់ ២០នាក់ កំពុងទទួលការព្យាបាលនៅគ្លីនិកក្នុងស្រុក និងក្នុងទីក្រុង Goma មន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់ត្រូវបានរំពឹងថានឹងកើនឡើងបន្ថែមទៀត ដោយសារជនរងគ្រោះជាច្រើននាក់ទៀតនៅតែជាប់គាំងក្នុងរូងភ្នំ។ រដ្ឋាភិបាលកុងហ្គោបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងបានចោទប្រកាន់ក្រុមឧទ្ទាម M23 ថាបានកេងប្រវ័ញ្ចធនធានរ៉ែក្នុងតំបន់ដោយខុសច្បាប់ និងខ្វះសុវត្ថិភាព។ អ្នកជំនាញ និងអតីតកម្មករអណ្តូងរ៉ែបានកត់សម្គាល់ថា ការខ្វះខាតស្តង់ដារសុវត្ថិភាព និងការជីករូងភ្នំស្របគ្នាច្រើនពេក បានធ្វើ​ឲ្យ​ទីតាំងនេះក្លាយជា «អន្ទាក់មរណៈ» ក្នុងអំឡុងរដូវវស្សា។

តំបន់ Rubaya មានសារៈសំខាន់ជាសកល ដោយផលិតបានប្រហែល ១៥% នៃការផ្គត់ផ្គង់ Tantalum របស់ពិភពលោក ដែលជាលោហៈដ៏កម្រចម្រាញ់ចេញពី​អណ្ដូង​រ៉ែ Coltan សម្រាប់ប្រើប្រាស់ក្នុងស្មាតហ្វូន កុំព្យូទ័រ និងម៉ាស៊ីនយន្តហោះ។ ទោះបីជាមានការខិតខំប្រឹងប្រែងពីអន្តរជាតិដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងកុងហ្គោ និងរវ៉ាន់ដាក៏ដោយ ក៏តំបន់នេះនៅតែបន្តទទួលរងគ្រោះដោយសារជម្លោះ និងវិបត្តិមនុស្សធម៌។ ក្រុម M23 ត្រូវបានគេរាយការណ៍ថា រកចំណូលបានជាង ៨០០ ០០០​ដុល្លារក្នុងមួយខែ តាមរយៈការយកពន្ធលើការជួញដូររ៉ែនៅទីតាំងនោះ ដែលបង្ហាញ​​ឲ្យ​ឃើញពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកល និងអំពើហិង្សាដែលកំពុងបន្តនៅអាហ្វ្រិកកណ្តាល៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម