Connect with us

ព័ត៌មានអន្ដរជាតិ

ថៃគ្រោង​រើសពលករពីស្រីលង្កា​ ១០​ ០០០ នាក់ ក្រោមកិច្ចព្រមព្រៀងការងារថ្មី

បានផុស

នៅ

ថៃគ្រោង​នឹង​ជ្រើសរើសកម្មករប្រមាណ ១០ ០០០ នាក់ ពីប្រទេសស្រីលង្កា​ ក្រោម​កិច្ចព្រមព្រៀងថ្មីស្ដីពីសហប្រតិបត្តិការការងារដ៏សំខាន់​ដែលប្រទេសទាំង២ទើបបិទបញ្ចប់ការចរចា​ ​ខណៈថៃប្រឈមមុខនឹង​កង្វះកម្លាំងពលកម្មដោយសារតែការធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំរបស់ពលករចំណាកស្រុកខ្មែរជុំវិញបញ្ហាព្រំដែន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Island កាលពីចុងសប្ដាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្ដីរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងក្រោយមន្រ្តីថៃ និងស្រីលង្កា បាន​ចរចាតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់​ ដើម្បី​សម្រេចលើឯកសារ​សំខាន់ៗចំនួន២​ គឺអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការងារ និងកិច្ចព្រមព្រៀងស្តីពីការងាររបស់កម្មករស្រីលង្កានៅ​ប្រទេសថៃ។​

​កន្លងមក គណៈរដ្ឋមន្ត្រីថៃបាន​អនុម័តរួចហើយលើគំនិតផ្តួចផ្តើមជ្រើសរើសកម្មករស្រីលង្កាចំនួន ១០ ០០០ នាក់ ដើម្បីដោះស្រាយកង្វះខាតកម្លាំងពលកម្ម​ក្នុងវិស័យជាច្រើននៃសេដ្ឋកិច្ចថៃ ។ គំនិតផ្តួចផ្តើមសាកល្បងនេះ ត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារ​សម្រាប់ប្រជាជនស្រីលង្កាក្នុងវិស័យនានា រួមមាន សំណង់ កសិកម្ម និង​ការចិញ្ចឹមសត្វ ម្ហូបអាហារ និងភេសជ្ជៈ ឧស្សាហកម្ម ស្ថាប័នអប់រំ ការកែច្នៃសត្វទឹក និងការជីកយករ៉ែ។

យ៉ាងណាមិញ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការងាររវាងថៃ​ និងស្រីលង្កា មិនទាន់ត្រូវបាន​ចុះហត្ថលេខានៅឡើយទេ ដោយវាទើបតែបិទបញ្ចប់ការចរចាប៉ុណ្ណោះ។

គួរគូសបញ្ជាក់ថា ការងាកទៅរកកម្លាំងពលកម្មស្រីលង្កានាពេលនេះរបស់ថៃ ធ្វើឡើងក្រោយ​កម្មករចំណាកស្រុកពីកម្ពុជារាប់សែននាក់ បានវិលត្រឡប់មកស្រុកដោយសារតែភាពតានតឹងព្រំដែនរវាងប្រទេសទាំង២។ មាតុភូមិនិវត្តន៍របស់ពលករកម្ពុជា បាន​បង្កក្ដីបារម្ភយ៉ាងខ្លាំងពីវិស័យឯកជន និងសេដ្ឋវិទូថៃ ជុំវិញផលប៉ះពាល់លើសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម