Connect with us

ព័ត៌មានជាតិ

នៅបំណាច់ខែកុម្ភៈនេះ រាជធានីភ្នំពេញនឹងបោសសំអាតឱ្យអស់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

បានផុស

នៅ

នៅបំណាច់ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញត្រូវតែបោសសំអាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយតាមផែនការរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបោសសំអាតឱ្យអស់នៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ល្ងាចថ្ងៃទី២៥ កុម្ភៈ២០២៦នេះនៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា តាមផែនការរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានណែនាំឱ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់យើងទាំងអស់បោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះឱ្យអស់ត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦នេះ។ ស្នើឱ្យកងកម្លាំងប៉ូលីសនិងកងរាជអាវុធហត្ថ បង្កើនកិច្ចការងារស្រាវជ្រាវ និងតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅដល់ការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះឱ្យអស់ពីរាជធានីភ្នំពេញ ដោយធានាថាដល់ខែមីនា ត្រូវតែស្អាត។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញយើង បានបង្កើតក្រុមការងារបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះចំនួន៦ក្រុម ដូច្នេះទេ ស្នើឱ្យក្រុមទាំង៦ ចុះអនុវត្តការងារព្រមៗគ្នាតែម្តង នៅតំបន់ណាដែលយើងត្រូវអនុវត្ត។ ក្រោយតំបន់នោះយើងសំអាតអស់ហើយ ទើបយើងបន្តទៅតំបន់មួយទៀត សំដៅធ្វើយ៉ាងណា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវតែស្អាតនៅបំណាច់ខែកុម្ភៈនេះ។

លោកឃួង ស្រេង ក៏បានណែនាំឱ្យខណ្ឌទាំង១៤ ត្រូវម្ចាស់ការ ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងគ្រប់ប្រភេទនិងគ្រឿងញៀនផងដែរ ពោលគឺត្រូវអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពឱ្យបានល្អ។

លោកឃួង ស្រេង បានណែនាំទៀតថា ក្រោយ បេសកម្មនៃការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះអស់ពីរាជធានីភ្នំពេញហើយ រាល់ការផ្ទេរ លក់ ជួលទីតាំង ខុនដូរ អាផាតម៉ិនផ្សេងៗ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដាច់ខាតត្រូវតែមានលិខិតស្នាមពីអាជ្ញាធរមូលដ្ឋាន ដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម