Connect with us

កីឡា

តេជោ​លីគ​ ជុំ​ទី២ ​នឹង​កាន់​តែ​កក្រើក​​ ខណៈ​ក្រុម​ធំ​ ៣ កំពុងបង្កើន​សាច់ដុំ​ប្រយុទ្ធ

បានផុស

នៅ

ការ​ប្រកួត​លីគ​បាល់ទះ​កំពូល​កម្ពុជា​ដែល​កាត់​«តេជោលីគ​»​ នឹង​ចាប់​ផ្តើម ជុំ​ទី​២ ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ ២០២៦ បន្ទាប់​ពី​ចប់​ជុំ​ទី​១ តាំង​ពី​ដើម​ខែ​មិថុនា ដើម្បី​ទុក​ពេល​វេលា​ឲ្យ​ក្រុម​នីមួយ​ៗ​រៀប​ចំ​​ខ្លួន​​សា​ជា​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ចន្លោះ​ពេល​សម្រាក ក្រុម​នីមួយ​ៗ​អាច​ផ្លាស់​ប្តូរ​​កីឡាករ​​​បានតាម​ចិត្ត​ចង់​ ​ទាំង​កីឡាករ​ខ្មែរ និង​កីឡាករ​បរទេស​ដើម្បី​ត្រៀម​ប្រកួត​ជុំ​ទី​២។ ក្រុមដែល​​គួរ​ឲ្យ​​​ចាប់​អារម្មណ៍​​​គឺ​ បញ្ជាការដ្ឋាន​អង្គរក្ស វិសាខា និង ស្នងការ​ខេត្ត​ស្វាយរៀង ខណៈ ក្រសួង​មហា​ផ្ទៃ ស្នងការ​រាជ​ធានី​ភ្នំពេញ និង​ស្នងការ​​ខេត្ត​កោះកុង មិន​មាន​ព័ត៌មាន​ពី​ការ​ដោះ​ដូរ​កីឡាករ​ថ្មី​​ឡើយ។

មក​ចាប់​អារម្មណ៍​មុន​គេ​ពី ក្រុម បញ្ជាការដ្ឋាន​អង្គរក្ស។ ពួក​គេកំពុង​ខ្លាំង​តាំង​ពី​ជុំ​ទី ១​ មក​ម្ល៉េះ ដោយ​មិន​ទាន់​មាន​ក្រុម​ណា​អាច​យក​ឈ្នះ​ពួក​គេ​បាន​ឡើយ។ ភាព​ខ្លាំង​របស់​ពួក​គេ​​​តាម​រយៈ​​​​កីឡាករ​ឥណ្ឌូណេស៊ី​ ៣ ​នាក់​គឺ​ Luvi, Aveng និង Fahrit ហើយឈាន​ចូល​ជុំ​ទី​២ ពួក​គេ​នាំ​ចូលស្មាត់​អតីត​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ Dimas Saputra ថែម​ទៀត​​ ព្រម​ទាំងមាន​ដំណឹង​ថា ​អ្នក​ប៉ះ​សេ​​ឆ្នើម​ Dio ​ក៏​អាច​ចូល​រួម​ដែរ។ ការ​ត្រៀម​ខ្លួន​បែប​នេះ​គឺ ពួក​គេ​ដាក់​គោល​​ដៅ​ឈ្នះ​ជើង​ឯក​តេជោលីគ លើក​ទី ​៣ ជាប់​គ្នា។  

វិសាខា ទំនង​ជា​មាន​ការ​ផ្លាស់​ប្តូរ​កីឡាករ​បរទេស​ច្រើន ដូច​ជា​កីឡាករ​ឥណ្ឌា និង​កីឡាករ​អ៊ីរ៉ង់ ប៉ុន្តែ​រក្សា​ទុក​អ្នក​ប៉ះ​សេ​​ហ្វីលីពីន Retamar។ សម្រាប់​ការ​ត្រៀម​ជុំ​ទី​២ ពួក​គេ​ ទំនង​ជា​​មាន​​​ស្មាត់​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា វឿន វាសនា។ បើ​ទោះ​ជា​មិន​ទាន់​ប្រកាស​ផ្លូវ​ការ ​​ប៉ុន្តែ​កីឡាករ​​បាន​ចូល​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​រួច​ហើយ ក្រោយ​ចាក​ចេញ​ពី​លីគ​តៃវ៉ាន់។

ជា​មួយ​គ្នា​នេះ​កីឡាករ​បារាំង Rebeyrol និង​ Thomas Gill ព្រម​ទាំង​កីឡាករអាល្លឺម៉ង់ Sebastian Rosler ដែល​ធ្លាប់​លេង​​ឲ្យ វិសាខា ក៏​ត្រូវ​បាន​​​គេ​សង្ស័យ​ចូល​រួម​ជា​មួយ​ វិសាខា ដែរ។ នៅ​ពេល​មាន​វត្តមាន វឿន វាសនា និង​កីឡាករ​បរទេស​ថ្មី​​ពីរ​បី​នាក់​ទៀត​​គឺ​ច្បាស់ណាស់​ថា​ វិសាខា ​នឹង​បង្ក​ព្យុះ​ភ្លៀង​ខ្លាំង​។

ងាក​ទៅ​មើល​ក្រុម ស្នងការ​ខេត្ត​ស្វាយរៀង វិញ គឺ​ជា​ក្រុម​ដែល​កំពុង​ត្រៀម​ខ្លួន​គួរឲ្យ​ចាប់​អារម្មណ៍​​ខ្លាំង​មួយ​។ កាល​ពី​ជុំ​ទី១ ពួក​គេ​មាន​កីឡាករ​ឥណ្ឌា Praful កម្ពស់ ២.០៤ ម៉ែត្រ និង​កីឡាករ​អាមេរិក Jalen Penrose កម្ពស់ ២.០៣ ម៉ែត្រ បាន​ធ្វើ​ឲ្យ​កក្រើក​រួច​ទៅ​ហើយ ប៉ុន្តែ​សម្រាប់​ការ​ត្រៀម​ជុំ​ទី២ ពួក​គេ​បាន​នាំ​ចូល​កីឡាករ​តួកគី Marouen Bel Hadj Salah កម្ពស់ ២.០២​ ម៉ែត្រ ហើយ​ក៏​ប្រហែល​ជា​អាច​មាន​កីឡាករ​បរទេស​​ផ្សេង​ទៀត។ ប្រសិន​បើ​កីឡាករ​បរទេស​គ្មាន​បញ្ហា​របួស ហើយ​ហ្វឹក​ហាត់​បាន​ដិត​ដល់​ជា​មួយ​អ្នក​ប៉ះ​សេ សួន ចាន់​ណារ៉ូ គឺ​ច្បាស់​ជាធ្វើ​ឲ្យ​ក្រុម​ផ្សេង​ពិបាក​ប្រជែង​ជា​មួយ​ពួក​គេ​ណាស់។

សូម​បញ្ជាក់​ថា ការ​ប្រកួត​តេជោលីគ ជុំ​ទី​២ ​មាន ៦ក្រុម​ គឺ បញ្ជាការដ្ឋាន​អង្គរក្ស វិសាខា ក្រសួង​មហា​ផ្ទៃ​ ស្នងការរាជ​ធានី​ភ្នំពេញ​ ស្នងការ​ខេត្ត​ស្វាយរៀង និង ស្នងការ​ខេត្ត​កោះកុង ត្រូវ​ប៉ះ​គ្នា​សន្សំពិន្ទុ​សា​ថ្មី។ ពិន្ទុ​កាល​​ពី​ជុំ​ទី​១មិន​រាប់​បញ្ចូល​ទេ។ ក្រោយ​ការ​ចប់​វគ្គ​វិល​ជុំ​សន្សំពិន្ទុ​ជុំ​ទី​២​ ក្រុម​លេខ ៥ និង​លេខ ៦ ត្រូវ​កាត់​ចេញ​ ហើយ ក្រុម​លំដាប់​កំពូល​ទាំង ៤ ត្រូវ​ប្រកួត​វគ្គ​ខ្វែង៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម