Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភាប្រាប់ភាគីកូរ៉េពីឆន្ទៈរបស់កម្ពុជាក្នុងការបោសសម្អាត Scams ឱ្យអស់ត្រឹមខែមេសា

បានផុស

នៅ

កម្ពុជាបាននិងកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងក្លាយជាកង្វល់រួមរបស់សកលលោក។នេះជាការលើកឡើងរបស់អនុប្រធានទី២ព្រឹទ្ធសភា លោក ធន់ វឌ្ឍនា ប្រាប់ទៅកាន់ភាគីកូរ៉េ ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយ Online Scam។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Lee Hyun-Hoon មកពីសាកលវិទ្យាល័យជាតិ Kangwon នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក ធន់ វឌ្ឍនា បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់កម្ពុជាក្នុងកិច្ចសហការប្រកបដោយតម្លាភាពជាមួយសហគមន៍អន្តរជាតិ ដើម្បីលុបបំបាត់បទល្មើសឆបោកតាមអនឡាញនេះឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦នេះ។

ការប្តេជ្ញាចិត្តនេះ មិនត្រឹមតែធ្វើឡើងដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះទេ ក៏ប៉ុន្តែលោកអនុប្រធានព្រឹទ្ធសភា អះអាងថា ថែមទាំងដើម្បីការពារកេរ្តិ៍ឈ្មោះប្រទេសជាតិ និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគអន្តរជាតិ ដែលមកកាន់ប្រទសកម្ពុជាផងដែរ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តនូវវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយធ្វើយ៉ាងណាបោសសម្អាត និងលុបបំបាត់ឱ្យអស់ពីប្រទេសកម្ពុជា ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកនេះ។ ជាក់ស្ដែង ក្នុងរយៈពេលចុងក្រោយនេះ កម្លាំងមានសមត្ថកិច្ចកម្ពុចាបានបង្ក្រាប និងចាប់ខ្លួនបណ្ដាញឧក្រិដ្ឋជនបានយ៉ាងច្រើន ជាមួយនឹងការជួយសង្គ្រោះជនរងគ្រោះរាប់សិបនាក់។

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាគឺបានប្ដូរទិសដៅពីការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញទៅជាការលុបបំបាត់ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦។ តែក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានអះអាងថា ការបោសសម្ពាត Online Scams នៅកម្ពុជា ពុំមែនបញ្ចប់យុទ្ធនាការត្រឹមតែខែមេសាខាងមុខនោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ ដើម្បីសេដ្ឋកិច្ចសង្គមកម្ពុជា។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ត្រូវបានតាក់តែងឡើងផងដែរ ដោយសេចក្ដីព្រាងច្បាប់នេះ ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ហើយនឹងត្រូវបញ្ជូនទៅស្ថាប័នសភា ដើម្បីសុំការអនុម័តនាពេលខាងមុខ។ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺធ្វើឡើងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មប្រភេទនេះ សំដៅកំណត់វិធានការផ្នែកព្រហ្មទណ្ឌ ដើម្បីទប់ស្កាត់ និងបង្ក្រាបអំពើឆបោក ដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាដែលមានលក្ខណៈតំបន់ និងសកល ហើយកម្ពុជា ជាប្រទេសមួយដែលរងផលប៉ះពាល់ និងបានធ្វើឱ្យខូចឈ្មោះលើឆាកអន្តរជាតិ។ ដូច្នេះយុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាសកម្មភាពបង្ហាញឱ្យល្អមើលនោះទេ ប៉ុន្តែជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មប្រភេទនេះ ដើម្បីការពារមុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គម៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម