Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អបអរសាទរពិធីបុណ្យ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅឆាប់ៗ ខាងមុខនេះ

បានផុស

នៅ

‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ បានសម្ដែងការចូលរួម​អបអរសាទរ​ចំពោះ​ពិធីរៀបចំ​ព្រឹត្តិការណ៍​បុណ្យទន្លេលើកទី ១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌ​វប្បធម៌ និងធម្មជាតិមហាសាល» នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងសាទរបែបនេះក្នុងពេលអញ្ជើញ​ដឹកនាំ​រៀបចំ​ពិធី​ក្រុងពាលី កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ សុំម្ចាស់ទឹក ម្ចាស់ដី បួងសួងសុំពរជ័យ សិរីសួស្តី សុខសប្បាយ និងសុំសេចក្តីសុខសាន្ត ដើម្បីជាពរជ័យ និង​ជោគជ័យ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើកទី ១០ ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខេត្តក្រចេះ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែ​មីនា ឆ្នាំ ២០២៦ ខាងមុខនេះ។

ពិធីក្រុងពាលីនេះត្រូវបានរៀបចំឡើងតាមប្រពៃណីខ្មែរ ស្ថិតនៅលើវាលខ្សាច់មាត់ទន្លេ កោះទ្រង់ ស្ថិតក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ ដោយ​មាន​ការចូលរួមពី លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ លោក ហ៊ឹម សុភា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោកស្រី ដួង វណ្ណា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង លោក វ៉ា ថន អភិបាល នៃគណៈ​អភិបាល​ខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប បានបូជាទៀនធូបផា្កភ្ញី និង​បណ្តែត​ប្រទីប​ថ្វាយដល់ព្រះម៉ែគង្គា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងឲ្យការរៀបចំ​ព្រឹត្តិការណ៍​បុណ្យទន្លេលើកទី ១០ ប្រព្រឹត្តទៅដោយ​រលូន និងទទួលបានជោគជ័យ។

គួររំលឹកផងដែរថា ពិធីនេះរៀបចំឡើងដើម្បីដឹងគុណចំពោះព្រះម៉ែគង្គា ដែល​បានផ្ដល់​ប្រភព​ទឹក​មនុស្ស សត្វ និងរុក្ខជាតិនានា សម្រាប់ប្រើប្រាស់ និងសម្រាប់​ស្រោចស្រព​ដំណាំ។ ពិធីនេះ​ក៏​ជា​ការ​សូម​ស្មារលា ឬ​សុំខមាទោស ពីព្រះគង្គា ព្រះពាយ ព្រះធរណី និងព្រះពៃស្រពណ៍ ចំពោះ​អំពើ​បាប​ទាំងឡាយដែលមនុស្សបានប្រព្រឹត្តដោយចេតនា ឬអចេតនា។ ពិសេស សូមឲ្យព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើកទី ១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌ​វប្បធម៌ និងធម្មជាតិ​មហា​សាល» នៅក្នុងឆ្នាំនេះគឺ ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមីនា ឆ្នាំ ២០២៦ ដំណើរការ​ទៅ​ដោយ​រលូន និងទទួលបានជោគជ័យ និងទទួលបានភ្ញៀវ​ទេសចរ​កាន់តែច្រើន ដើម្បី​ជួយដល់​សេដ្ឋកិច្ច​ខេត្ត​ក្រចេះ និងបង្កើនចំណូលដល់ពលរដ្ឋឲ្យកើនឡើងថែមមួយ​កម្រិត​ទៀត។

ព្រឹត្តិការណ៍​បុណ្យ​ទន្លេ គឺជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​សំខាន់មួយ ដែល​រាជរដ្ឋាភិបាលកម្ពុជា​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ ក៏ដូចជាការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​វប្បធម៌​ប្រពៃណី​ជាតិ ព្រមទាំង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចក្នុងមូលដ្ឋានឲ្យ​កាន់តែ​រីកចម្រើន។ ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី ១០ នៅ​ខេត្ត​ក្រចេះ ត្រូវបាន​រំពឹងថា នឹងទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិជាច្រើនមកចូលរួមកម្សាន្ត និងស្វែងយល់អំពីសម្រស់ធម្មជាតិ វប្បធម៌ និង​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ។

ព្រឹត្តិការណ៍​បុណ្យទន្លេនេះផងដែរ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែល​មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់​រាជរដ្ឋាភិបាល ក្នុងការ​យកចិត្តទុក​ដាក់​អភិវឌ្ឍន៍​តំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ បុណ្យ​ទន្លេ មិន​ត្រឹមតែ​ជាព្រឹត្តិការណ៍​មួយសម្រាប់ខេត្តជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ទាំង​ដោយផ្ទាល់ និងដោយប្រយោលដូចជា ៖ ទី១-បង្ហាញ​ពីសាមគ្គីភាព​រឹងមាំគ្រប់តួអង្គ​ពាក់ព័ន្ធ តាម“អភិក្រម​ជវភាព នៃប្រព័ន្ធតួអង្គតែមួយ” , ទី២-ជំរុញ​ការ​អភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច , ទី៣-លើកកម្ពស់ការអភិវឌ្ឍបៃតង ដែលមានការគិតគូរអំពីធនធានវប្បធម៌ (ភាពជាខ្មែរ) ធម្មជាតិ និង​បរិស្ថាន , ទី៤-លើកកម្ពស់ការអប់រំ និងការយល់ដឹង និង ទី៥-លើកកម្ពស់​វិស័យ​ទេសចរណ៍ តាមរយៈ​ព្រឹត្តិការណ៍៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម