Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរចំពោះការចុះអនុស្សរណៈ នៃសមាគមនារីកម្ពុជាសហព័ន្ធនារីឡាវ ដើម្បីថែរក្សាសុខសន្តិភាព និង កសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព អភិវឌ្ឍន៍

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងនូវការអបអរសាទរចំពោះការអនុវត្តតាមខ្លឹមសារអនុស្សារណៈរបស់សមាគមនារី នៃប្រទេសទាំងពីរ ដែលបានរួមចំណែកលើកកម្ពស់សិទ្ធិស្ត្រី ការពារសិទ្ធិ និងផលប្រយោជន៍ត្រឹមត្រូវស្របច្បាប់របស់ស្ត្រី បង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាប្រពៃណី ពិសេសថែរក្សាសុខសន្តិភាព និងកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព អភិវឌ្ឍន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងឱកាសដែល សម្តេច និង លោកស្រី អាលី វង្សណរប៊ុនថាំ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនបដិវត្តឡាវ ប្រធានសហព័ន្ធនារីឡាវ បានបន្តចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដំណាក់កាលឆ្នាំ២០២៦-២០៣០ ដែលពិធីនេះបានរៀបចំឡើងនៅអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ កាលពីរសៀលថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងផងដែរថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីឡាវ ធ្លាប់បានចុះហត្ថលេខាលើអនុស្សារណៈរវាងស្ថាប័នទាំងពីរបាន ១លើក ដំណាក់កាលឆ្នាំ២០១៤-២០១៦ បន្ទាប់មកក៏មានការខកខានពុំបានចុះហត្ថលេខាបន្តទេ។ ទោះបីមិនបានចុះហត្ថលេខាបន្តក្រោយអនុស្សារណៈផុតកំណត់ ដោយសារស្ថានភាពមិនអំណោយផលយ៉ាងក៏ដោយ សមាគមនារីកម្ពុជា និងសហព័ន្ធនារីឡាវ នៅតែបន្តអនុវត្ត និងរក្សាទំនាក់ទំនងជាមួយគ្នាបានយ៉ាងល្អ។ ដោយឡែកខេត្តដែលនៅជាប់ព្រំដែនក៏បានភ្ជាប់ទំនាក់ទំនងទៅវិញទៅមករកគ្នា តាមរយៈ ការបង្កលក្ខណៈងាយស្រួលពីថ្នាក់ដឹកនាំខេត្ត។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា អនុវត្តតាមខ្លឹមសារអនុស្សារណៈរបស់សមាគមនារីនៃប្រទេសទាំងពីរបានរួមចំណែក ៖ លើកកម្ពស់សិទ្ធិស្ត្រី ការពារសិទ្ធិ និងផលប្រយោជន៍ត្រឹមត្រូវស្របច្បាប់របស់ស្ត្រី បង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាប្រពៃណីរវាងនារីប្រទេសទាំងពីរ ថែរក្សាសុខសន្តិភាព និងកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព អភិវឌ្ឍន៍ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន ជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។

គួររំលឹកផងដែរថា គណៈប្រតិភូឡាវ ដែលដឹកនាំដោយ លោកស្រី អាលី វង្សណរប៊ុនថាំ រួមជាមួយសមាភាពប្រិតភូអមដំណើរចំនួន ៨រូប នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៥ ខែកក្កដា ឆ្នាំ២០២៦។

ជាទីបញ្ចប់ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរ លោកស្រី អាលី វង្សណរប៊ុនថាំ និងប្រតិភូអមដំណើរទាំង សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច និងទទួលបានការស្នាក់នៅប្រកបដោយផាសុកភាព និងត្រលប់ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម