Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ បាញ់ត្រូវយន្តហោះចម្បាំងទំនើបជំនាន់ទី៥ តម្លៃ១០០លានដុល្លាររបស់អាមេរិក

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់ ប្រកាសថា ខ្លួនបានបាញ់យន្តហោះចម្បាំងតម្លៃ១០០លានដុល្លារ ប្រភេទ F-35 របស់សហរដ្ឋអាមេរិក បណ្តាលឲ្យខូចខាតនិងចុះចតជាបន្ទាន់ នៅឯមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ ហើយនេះជាលើកដំបូងដែលអ៊ីរ៉ង់ បញ្ជាក់ពីការស្ទាក់ចាប់យន្តហោះ F-35 ក្នុងពេលសង្គ្រាមកំពុងបន្តនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ Reuters)

តាមការផ្សាយរបស់ RT, ឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានចេញមុខអះអាងថា ពួកគេប្រើប្រាស់ «ប្រព័ន្ធការពារអាកាសទំនើប» ដើម្បីបាញ់យន្តហោះនេះ នៅលើមេឃភាគកណ្តាលអ៊ីរ៉ង់ កាលពីវេលាម៉ោង ២:៥០ នាទីទៀបភ្លឺ ថ្ងៃសុក្រទី២០ខែមីនាឆ្នាំ២០២៦។

IRGC បានចេញសេចក្តីថ្លែងការណ៍មួយថា៖ «ជោគវាសនារបស់យន្តហោះចម្បាំងនេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ហើយកំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែលទ្ធភាពដែលវាធ្លាក់ គឺមានកម្រិតខ្ពស់ណាស់»។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ដ្រូនរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ១២៥គ្រឿង ត្រូវបានបាញ់ស្ទាក់ចាប់ក្នុងអំឡុងពេលសង្រ្គាមនេះ។

(រូប៖ Reuters)

បញ្ជាការដ្ឋានកណ្តាលអាមេរិក ក៏ទទួលស្គាល់ហេតុការណ៍នេះដែរ ដោយអ្នកនាំពាក្យលោក Tim Hawkins និយាយថា៖ «យន្តហោះបានចុះចតដោយសុវត្ថិភាព ហើយអ្នកបើកបរមានស្ថានភាពនឹងនរ។ ហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត»។

សូមជម្រាបថា គ្រាប់ដែលត្រូវប្រើដើម្បីវាយប្រហារលើយន្តហោះនេះ ហាក់បីដូចជាអ្វីដែលគេហៅថា «មីស៊ីល ៣៥៨» ឬគេស្គាល់ថា SA-67 ដែលជាមីស៊ីលបាញ់ពីដីទៅអាកាសផលិតក្នុងស្រុករបស់អ៊ីរ៉ង់ និងត្រូវបានដាក់ឲ្យប្រើប្រាស់នៅចុងទសវត្សរ៍ឆ្នាំ ២០១០។

គេជឿថា មីស៊ីលប្រភេទនេះ បានរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាមីស៊ីលប្រឆាំងយន្តហោះធម្មតានិងយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយ ហើយមានសមត្ថភាពហោះក្រឡឹង នៅលើអាកាសបានក្នុងរយៈពេលយ៉ាងយូរ ដើម្បីរង់ចាំគោលដៅវាយប្រហារ។

(រូប៖ Reuters)

នេះគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលយន្តហោះចម្បាំងជំនាន់ទី៥ តម្លៃ ១០០ លានដុល្លាររបស់អាមេរិក ត្រូវបានសត្រូវបាញ់ត្រូវក្នុងសមរភូមិ។

មិនត្រឹមប៉ុណ្ណឹង វាក៏បង្ហាញដែរថា ប្រព័ន្ធការពារអាកាសរបស់អ៊ីរ៉ង់ ប្រហែលជាមានសមត្ថភាពអាចចាប់សញ្ញា «ស្ទែល» (ដែលរ៉ាដាមើលមិនឃើញ) បានតាមរយៈប្រព័ន្ធកម្ដៅ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម