Connect with us

ព័ត៌មានជាតិ

៣ខែដើមឆ្នាំនេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង៤០០ ខណៈបានដោះស្រាយ៦២%

បានផុស

នៅ

៣ខែដើមឆ្នាំ២០២៦ ពាក្យបណ្ដឹងដាក់មកអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានកើនឡើង១៨៤បណ្ដឹង ស្មើនឹង៧៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ យោងតាមរបាយការណ៍ បានបង្ហាញថា ៣ខែមកនេះ អគ្គាធិការដ្ឋានទទួលបានពាក្យបណ្ដឹងចំនួន៤១៩បណ្ដឹងក្នុងនោះមានបណ្តឹងស្ទួនចំនួន២៣បណ្ដឹង និងបណ្តឹងគ្មានប្រភព១០បណ្ដឹង ខណៈសម្រេចបានការដោះស្រាយ៦២% នៃបណ្ដឹងសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខនេះ បើគិតទាំងបណ្តឹងនៅសល់ផងនោះ អគ្គាធិការដ្ឋានមានពាក្យបណ្ដឹងសរុបចំនួន៦១០បណ្ដឹង។ របាយការណ៍បានបញ្ជាក់ឱ្យដឹងថា បណ្តឹងទាំងនោះ រួមមាន បណ្តឹងពលរដ្ឋនឹងពលរដ្ឋ ពលរដ្ឋជាមួយមន្ត្រីរាជការ មន្ត្រីរាជការជាមួយមន្ត្រីរាជការ ពលរដ្ឋប្ដឹងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងបណ្ដឹងពាក់ព័ន្ធនឹងការអនុវត្តតួនាទី-ភារកិច្ចរបស់មន្ត្រីរាជការ ជាដើម។

អគ្គាធិការដ្ឋានក៏ទទួលបានរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន១៤៩របាយការណ៍ ខណៈបានរៀបចំដាក់សំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងពាក្យបណ្ដឹងចំនួន២៩៥បណ្ដឹង និងរបាយការណ៍បំភ្លឺ១២៩។

 

បន្ថែមពីនេះ ក្រោយទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានបានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវចំនួន២៥បណ្ដឹង និងបានចុះតាមដានការអនុវត្តសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃចំនួន ៥គោលដៅ ស្មើនឹង១៦ស.ជ.ណ។

ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជារួមលទ្ធផលក្នុងរយៈពេល៣ខែដើមឆ្នាំនេះ អគ្គាធិការដ្ឋានសម្រេចដោះស្រាយពាក្យបណ្ដឹងស្មើនឹង ៦២% នៃបណ្ដឹងសរុប ដែលចំនួននេះបានកើនឡើង ១០% បើធៀបនឹងលទ្ធផលដោះស្រាយក្នុងឆ្នាំ២០២៥ ខណៈបណ្ដឹងនៅសេសសល់២៣២បណ្ដឹងទៀត អគ្គាធិការដ្ឋានកំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត។

គួរកត់សម្គាល់ថា រយៈពេល៣ខែមកនេះ អគ្គាធិការដ្ឋាន ក៏បានបង្ហាញនូវលទ្ធផលតាមដានការអនុវត្តសេចក្តីជូនដំណឹង ការដាក់វិន័យ និងទណ្ឌកម្ម រួមមាន៖ ដកហូតតំណែង និងបន្ថយឋានន្តរស័ក្តិលើមន្ត្រីនគរបាលខេត្តរតនគិរី ការបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍១រូប និងមន្ត្រីនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ១រូប ករណី ដកហូតមុខតំណែងមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា១រូប នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាអី និងការបន្ថយឋានន្តរស័ក្តិលើមន្ត្រីអគ្គនាយកដ្ឋានធនធានមនុស្ស១រូប នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់២រូប រួមទាំងការព្រមានជាលាយលក្ខណ៍អក្សរ៩រូប និងណែនាំ៦រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម