Connect with us

ព័ត៌មានជាតិ

សាលាដំបូងខេត្តតាកែវ និងមន្ទីរដែនដី រួមគ្នាពន្លឿនដោះស្រាយបញ្ហាចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យទាន់ពេលវេលា

បានផុស

នៅ

ដើម្បីជំរុញប្រសិទ្ធភាពនៃការផ្តល់សេវាដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងមានតម្លាភាព សាលាដំបូងខេត្តតាកែវ បានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បើកកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាប្រឈមនានា ក្នុងការអនុវត្តសេចក្តីសម្រេចរបស់តុលាការ ពាក់ព័ន្ធនឹងការចុះបញ្ជីអចលនវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ និងលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានលើកយកបញ្ហាប្រឈមនានា ដែលកើតមានក្នុងដំណើរការអនុវត្តសេចក្តីសម្រេចរបស់តុលាការ ពាក់ព័ន្ធនឹងការចុះបញ្ជីអចលនវត្ថុ មកពិភាក្សាយ៉ាងលម្អិត ដើម្បីស្វែងរកយន្តការ និងដំណោះស្រាយរួមឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងសមស្របតាមនីតិវិធីច្បាប់។

ជាមួយ​គ្នានោះក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសម្របសម្រួលការងាររវាងស្ថាប័នតុលាការ និងមន្ទីរជំនាញ ដើម្បីធានាថា ការចុះបញ្ជីដីធ្លីតាមសេចក្តីសម្រេចរបស់តុលាការ អាចអនុវត្តបានលឿន ត្រឹមត្រូវ និងផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ជារួម​ កិច្ចប្រជុំក៏មានគោលដៅកាត់បន្ថយការកកស្ទះសំណុំរឿងដីធ្លីនៅតុលាការ ព្រមទាំងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការផ្តល់សេវាសាធារណៈ និងការអនុវត្តច្បាប់របស់ស្ថាប័នពាក់ព័ន្ធ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម