ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារសង្គ្រោះបន្ទាន់ប្រាសាទបក្សីចាំក្រុង
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសង្រ្គោះបន្ទាន់ប្រាសាទបក្សីចាំក្រុង ដែលរកកលនឹងរលំបាក់កាលពីខែតុលា ឆ្នាំ២០២៥ ដែលជាប្រាសាទស្កឹមស្កៃមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ គម្រោងសង្គ្រោះបន្ទាន់ ដោយការងារទល់ទ្រ និងជួសជុលពង្រឹងឡើងវិញទាំងស្រុង នៃប្រាសាទបក្សីចាំក្រុង បានបញ្ចប់រួចរាល់ជាស្ថាពរហើយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ។

លោក ពុទ្ធ សុទ្ធ ប្រធានគម្រោងបានលើកឡើងថា ក្រុមការងាររបស់លោកបានជួសជុល និងពង្រឹងចំណុចហានិភ័យខ្ពស់នៃប្រាសាទនេះរួចរាល់ហើយ ដោយរំពឹងថា ប្រាសាទដ៏ទាក់ទាញមួយនេះនឹងឈររឹងមាំតទៅមុខរាប់រយឆ្នាំទៀត។

តាមការបញ្ជាក់ពីអ្នកជំនាញ ចំណុចដែលប្រឈមខ្លាំងរួមមាន ផ្នែកដំបូល ដែលដោយសារ ឥដ្ឋពុកផុយ និងមានថ្មជ្រុះធ្លាក់ចំនួន២លើកនៅអំឡុងខែវស្សាឆ្នាំទៅមិញ និងផ្នែកជញ្ជាំងខាងក្នុងនៃកំពូល។ ចំណុចហានិភ័យទាំងនេះ ត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួយសង្រ្គោះបានជោគជ័យ តាមរយៈការទល់ទ្រ ការជួសជុលយកឥដ្ឋពុកផុយចេញដាក់ជំនួសឥដ្ឋថ្មី រៀបបំពេញឥដ្ឋឡើងវិញតាមរចនាសម្ពន្ធពីខាងក្នុងនៃកំពូលឱ្យមានរូបរាងដើមដើម្បីទប់លំនឹងជញ្ជាំងដែលនៅសល់ និងមានការបិទបាយអពង្រឹងបន្ថែមជាដើម។

ក្រៅពីជួសជុលផ្នែកដំបូល និងជញ្ជាំងខាងក្នុង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក៏បានសម្រេចលុបរណ្តៅដីនៅច្រកខាងមុខប្រាសាទ ដែលឯកសារបានបញ្ជាក់ថា ជារណ្តៅកំណាយនៅសម័យបារាំងអំឡុងឆ្នាំ ១៩៥១។ ការងារនេះ ដើម្បីការពារគ្រឹះប្រាសាទផង និងលើកសោភ័ណភាពជុំវិញបរិវេណប្រាសាទផង។ ចំពោះរន្ទាវិញ ក្រុមការងារនៅរក្សាមួយរយៈសិន ដើម្បីតាមដាន ពិនិត្យបាយអ និងថ្មដែលប្រេះស្រាំ ដែលធានាពីភាពធន់ និងជាប់យូរអង្វែង។

លោក ពុទ្ធ សុទ្ធ បានបង្ហាញមោទនភាពជាខ្លាំងក្នុងនាមជាអ្នកជំនាញខ្មែរសុទ្ធសាធ ដែលបានរួមគ្នាជួសជុលប្រាសាទដែលមានខឿន៤ជាន់ និងមានកម្ពស់ជិត៣០ម៉ែត្រនេះ បានដោយជោគជ័យជាទីមោទនៈ។ មន្រ្តីរូបនេះមានសុទិដ្ឋិនិយមថា ប្រាសាទនេះនឹងឈររឹងមាំ ស្កឹមស្កៃ យូរអង្វែងសម្រាប់បង្អួតភ្ញៀវទេសចរ និងសម្រាប់កូនខ្មែរតជំនាន់ក្រោយទៀត។ អ្នកជំនាញរូបនេះរំពឹងថា នឹងមានការគម្រោងជួសជុលនៅដំណាក់កាលបន្ទាប់ទៀត ព្រោះថាចំណុចខ្លះដូចជានៅខឿន ជណ្តើរ និងកំពែងជុំវិញ ក៏ត្រូវការការជួសជុល និងលើកតម្លៃឡើងវិញផងដែរ។

សូមជម្រាបថា គម្រោងទល់ទ្រ និងពង្រឹងបន្ទាន់ប្រាសាទបក្សីចាំក្រុង ធ្វើឡើងពីខែតុលា ឆ្នាំ២០២៥ និងបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៦។ ប្រាសាទនេះមានខឿនថ្មបាយក្រៀម៤ថ្នាក់ មានកម្ពស់សរុប ២៩,២០ម៉ែត្រ និងមានអាយុកាលជាង ១ ០០០ឆ្នាំ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


