Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិថាមពល ធ្ងន់ធ្ងរ ដល់ថ្នាក់លោក Modi សុំឲ្យពលរដ្ឋឥណ្ឌា ផ្អាកទៅរៀបការ នៅក្រៅប្រទេសសិន 

បានផុស

នៅ

សង្គ្រាមមជ្ឈិមបូព៌ា នៅមិនទាន់មើលឃើញសញ្ញា នៃទីបញ្ចប់ ខណៈពិភពលោក ក៏នៅតែរងគ្រោះដោយសារវិបត្តិថាមពល ជាពិសេសប្រេងសាំង និងហ្គាសឡើងថ្លៃ ហើយឥឡូវ នាយករដ្ឋមន្ត្រីឥណ្ឌា ​ដាក់ចេញនូវវិធានការសំខាន់ៗ ដើម្បីទប់ទល់នឹងវិបត្តិនេះ ដោយប្រកាសឲ្យពលរដ្ឋ សន្សំសំចៃប្រេងឥន្ធនៈ ចៀសវាងការរៀបអាពាហ៍ពិពាហ៍នៅបរទេស និងធ្វើការពីផ្ទះ។ នេះបើតាមការផ្សាយរបស់ សារព័ត៌មាន The Hindu

ពលរដ្ឋឥណ្ឌា រៀបការ (រូប៖ Reuters)

ថ្លែងក្នុងពិធីជួបជុំមួយ នៅទីក្រុង Hyderabad កាលពីថ្ងៃ អាទិត្យ ទី ១០ ខែ ឧសភា ឆ្នាំ ២០២៦ លោក Narendra Modi និយាយថា ដោយសារវិបត្តិកាន់តែអាក្រក់ទៅ មនុស្សវណ្ណៈកណ្តាល ដែលចូលចិត្តទៅរៀបអាពាហ៍ពិពាហ៍ក្រៅប្រទេស និងការដើរកម្សាន្តនៅបរទេសនោះ គួរតែពន្យារពេលសិនទៅ យ៉ាងហោចណាស់ក៏មួយឆ្នាំដែរ។

ការទៅរៀបអាពាហ៍ពិពាហ៍នៅបរទេស ដែលគេហៅថា «Destination Wedding» កំពុងមានប្រជាប្រិយភាពខ្លាំងមែនទែន ក្នុងចំណោមគ្រួសារអ្នកមាន និងវណ្ណៈកណ្តាល របស់ប្រទេសឥណ្ឌា។

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi (រូប៖ Reuters)

ហេតុផលនៅពីក្រោយរឿងនេះ គឺព្រោះតែ បើរៀបការក្នុងស្រុក គ្រួសារឥណ្ឌា អាចនឹងត្រូវហៅភ្ញៀវ រាប់ពាន់នាក់ ប៉ុន្តែបើរៀបការនៅបរទេស ពួកគេអាចសម្រិតសម្រាំង ហៅតែសាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធ ប្រហែល ១០០ ទៅ ២០០ នាក់ប៉ុណ្ណោះ ដែលធ្វើឲ្យពិធី កាន់តែមានភាពស្និទ្ធស្នាល។

ងាកទៅមើលសេចក្តីប្រកាស របស់លោក Modi វិញ នាយករដ្ឋមន្ត្រីឥណ្ឌា ក៏អំពាវនាវឲ្យពលរដ្ឋ នាំគ្នាជិះរថភ្លើងវិញ ហើយបើចាំបាច់ត្រូវជិះរថយន្ត ក៏គួរតែព្យាយាមជិះរថយន្តរួមគ្នាទៅ ដើម្បីធូរថ្លៃសាំង។

ស្របពេលជាមួយគ្នានោះ លោកថែមទាំងជំរុញឲ្យប្រជាជនឥណ្ឌា កុំទិញគ្រឿងអលង្ការ ផងដែរ។

ឥណ្ឌា ជាប្រទេស ប្រើប្រាស់ថាមពល ធំជាងគេលំដាប់ទី ៣ របស់ពិភពលោក ដូច្នេះ វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ពិតជាជះឥទ្ធិពល ដ៏អាក្រក់ដល់ប្រទេសនេះ។ 

ឥណ្ឌា នាំចូលប្រេងឆៅប្រហែល ៨៥% និងហ្គាសធម្មជាតិ (LNG) ប្រហែល ៥០% នៃតម្រូវការសរុប។ ក្នុងនោះ ប្រហែលពាក់កណ្តាលនៃប្រេងឆៅ និង ២ ភាគ ៣ នៃហ្គាស ត្រូវដឹកជញ្ជូនឆ្លងកាត់ តាមច្រកសមុទ្រ Hormuz ដែលកំពុងត្រូវបានបិទខ្ទប់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម