Connect with us

កីឡា

ក្រុមសាំម៉ូរ៉ៃ ជប៉ុន អាចពិបាកឆ្លងផុតវគ្គចែកពូល ដោយត្រូវឆ្លងរនាំងក្រុមខ្លាំងមកពី អឺរ៉ុប ២

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិ ជប៉ុន ទំនងជួបការលំបាកខ្លាំង ក្នុងការឆ្លងផុតវគ្គចែកពូលឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដោយសារស្ថិតនៅក្នុងពូល F ពោរពេញទៅដោយក្រុមខ្លាំងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមរហស្សនាមដាវសាំម៉ូរ៉ៃ ជប៉ុន បានស្ថិតនៅក្នុងពូល F ជាមួយក្រុមជម្រើសជាតិ ហូល្លង់ ស៊ុយអែត និង ទូនីស៊ី។ ក្រឡេកទៅមើលចំណាត់ថ្នាក់ក្នុង FIFA គឺ ជប៉ុន ស្ថិតនៅលេខ ១៨ ក្រោមតែក្រុម ហូល្លង់ មួយប៉ុណ្ណោះ ដែលស្ថិតនៅលេខរៀងទី ៨ ពិភពលោក។ ក្រៅពីនោះ ក្រុមតំណាង អាស៊ី ស្ថិតនៅលើក្រុម ស៊ុយអែត ដែលស្ថិតនៅលេខ ៣៨ និង ទុយនីស៊ី លេខ ៤៦។

រនាំងធំបំផុតរបស់ ជប៉ុន នៅក្នុងពូល F នេះ គឺក្រុមមជ្ជរាជទឹកក្រូច ហូល្លង់ និងក្រុម ស៊ុយអែត។ ក្រុម ហូល្លង់ ជាក្រុមខ្លាំងតាំងពីអតីតកាលមកដល់បច្ចុប្បន្ន។ បញ្ជីឈ្មោះកីឡាកររបស់ពួកគេនៅ World Cup 2026 នេះ គឺល្អទាំងព្រមតែម្តង ជាពិសេសនៅតំបន់ការពារមាន Nathan Ake, Denzel Dumfries, Jurrien Timber និង Virgil van Dijk ជាដើម។ ដោយឡែកនៅតំបន់បម្រើ និងប្រយុទ្ធវិញ ក៏មិនធម្មតាដែរ ក្នុងនោះមាន Frenkie de Jong, Ryan Gravenberch, Tijjani Reijnders និង Cody Gakpo។

ងាកទៅមើលក្រុម ស៊ុយអែត វិញ គឺត្រូវបានចាត់ទុកជាក្រុមមិនធម្មតាមួយ ដ្បិតពីមុនពួកគេមិនមានប្រវត្តិសាស្ត្រជោគជ័យច្រើនក៏ដោយ។ ក្រុមស៊ុយអែត មានអ្នកចាំទី ខ្សែការពារ និងបម្រើ ស្ថិតក្នុងកម្រិតមធ្យម ប៉ុន្តែខ្សែប្រយុទ្ធវិញ ត្រូវបានគេចាត់ទុកជាសំណុំដ៏ល្អបំផុតមួយ រួមាន Anthony Elanga, Viktor Gyokeres និង Alexander Isak។

ចំណែកក្រុម ទុយនីស៊ី វិញ មិនមែនជាឧបសគ្គធំទេ ប៉ុន្តែពួកគេក៏ជាក្រុមមិនអាចមើលរំលងបានផងដែរ។ ទោះបីជាយ៉ាងណា ក្រុម ជប៉ុន បច្ចុប្បន្នក៏ត្រូវបានគេចាត់ទុកជាក្រុមខ្លាំងមួយផងដែរ បន្ទាប់​ពីពួកគេបង្ហាញកំណត់ត្រាយ៉ាងអស្ចារ្យ តាមរយៈការយកឈ្នះ អាល្លឺម៉ង់ និង អេស្ប៉ាញ​ នៅពូល E កាលពី World Cup 2022 ហើយបានឆ្លងផុតវគ្គចែកពូលឡើងទៅកាន់វគ្គ ១៦ ក្រុម។

បន្ថែមពីនេះ ការត្រៀមខ្លួនរបស់ ជប៉ុន មុន World Cup 2026 ពិតជាធ្វើបានល្អគួរឱ្យកត់សម្គាល់ ដោយ ៦ ប្រកួតចុងក្រោយមិនទាន់ចាញ់សោះ ក្នុងនោះបានស្មើក្រុម ប៉ារ៉ាហ្គាយ ២-២, ឈ្នះ ប្រេស៊ីល ៣-២, ឈ្នះ ហ្គាណា ២-០, ឈ្នះ បូលីវី ៣-០, ឈ្នះ ស្កុតលែនដ៍ ១-០, ឈ្នះ អង់គ្លេស ១-០ និងឈ្នះ អ៊ីស្លង់ ១-០។

ការប្រកួតពូល F នៅ World Cup 2026 នេះ នឹងក្លាយជាការប្រកួតក្នុងពូលដ៏តឹងតែងបំផុតមួយ បន្ទាប់ពីក្នុងពូលប្រជុំដោយក្រុមខ្លាំងមកពី អឺរ៉ុប អាហ្វ្រិកខាងជើង និង អាស៊ី។ ដូច្នេះ យើងនឹងរង់ចាំមើល ថា តើក្រុមតំណាង អាស៊ី ជប៉ុន នឹងអាចឆ្លងផុតពូល F នេះបានឬទេ?

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម