Connect with us

ព័ត៌មានជាតិ

ស្ថាប័នជំនាញ ចែករំលែកពីល្បិច ៣យ៉ាង ដែលជនបោកប្រាស់ចូលចិត្តប្រើ ដើម្បីឱ្យជនរងគ្រោះវេរលុយមុន

បានផុស

នៅ

បច្ចុប្បន្ន ការឆបោក ឬល្បិចបោកប្រាស់ បានកើតមានកាន់តែច្រើន ទាំងនៅក្នុងសង្គមជាក់ស្ដែង ទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម ដែលធ្វើឱ្យមនុស្សមួយចំនួនរងគ្រោះ ព្រោះតែល្បិចបោកប្រាស់របស់ជនខិលខូច។ តួយ៉ាង ល្បិចបោកប្រាស់ «វេលុយមុន» (Advance Fee Scam) ត្រូវបានជនខិលខូចយកទៅប្រើប្រាស់ ដើម្បីកេងចំណេញប្រាក់ពីជនរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោកប្រាស់ប្រភេទនេះ គឺជាល្បិចដែលជនល្មើសបញ្ចុះបញ្ចូលឱ្យជនរងគ្រោះ «បង់ប្រាក់ថ្លៃសេវាជាមុន» ដើម្បីទទួលបានរង្វាន់ ផលចំណេញ ឬកម្ចី។ ផ្ទុយទៅវិញ ក្រោយពេលបានលុយហើយ ជនល្មើសនឹងបន្តទារថែមមិនចេះចប់ និងមិនផ្តល់អ្វីត្រឡប់មកវិញឡើយ។

ពាក់ព័ន្ធនឹងការបោកប្រាស់ប្រភេទនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចែករំលែកល្បិច ៣ យ៉ាងដែលជនបោកប្រាស់ចូលចិត្តប្រើ៖

១. ឈ្នះរង្វាន់ធំ៖ ភូតកុហកថាអ្នកឈ្នះរង្វាន់ (ឡាន, លុយសុទ្ធ, ទូរស័ព្ទ) ប៉ុន្តែតម្រូវឱ្យបង់ «ថ្លៃសេវារដ្ឋបាល» ឬ «ពន្ធ» ជាមុនទើបដកបាន។

២. កម្ចីប្រាក់ងាយៗ៖ ផ្សាយពាណិជ្ជកម្មឱ្យខ្ចីលុយការប្រាក់ទាបខ្លាំងតាមអនឡាញ ប៉ុន្តែតម្រូវឱ្យបង់ «ថ្លៃធ្វើឯកសារ» មុនទើបទទួលបានប្រាក់កម្ចី។

៣. ការទទួលមរតក ឬការវិនិយោគ៖ មានការអះអាងថាមានមរតកមហាសាល ឬឱកាសរកស៊ីចំណេញសន្ធឹកសន្ធាប់ ប៉ុន្តែសុំលុយបន្តិចបន្តួចដើម្បី «ដំណើរការរត់ការច្បាប់»។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏បានប្រាប់ពីវិធានការការពារខ្លួន គឺត្រូវចងចាំថា គ្មានការទទួលបានណា ដែលតម្រូវឱ្យយើងវេរលុយឱ្យគេមុននោះឡើយ។ កុំជឿ រាល់ការសន្យាដែលមើលទៅ «ល្អពេកមិនគួរឱ្យជឿ» ដូចជាឈ្នះរង្វាន់ធំ ឬចែកមរតកពីបុគ្គលមិនស្គាល់អត្តសញ្ញាណ។

សូមកុំប្រញាប់ ផ្ញើប្រាក់ឱ្យនរណាម្នាក់ដែលព្យាយាមគាបសង្កត់ ឬបង្ខំឱ្យអ្នកធ្វើភ្លាមៗ ហើយដាច់ខាតកុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដូចជា គណនីធនាគារ, លេខកូដ OTP, លេខទូរស័ព្ទ និងលេខកាត Visa/Mastercard ទៅឱ្យអ្នកដទៃ។ ត្រូវពិភាក្សា សួរនាំក្រុមគ្រួសារ ឬមិត្តភក្តិសិន មុននឹងសម្រេចចិត្តផ្ញើលុយទៅបុគ្គលប្លែកមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម