Connect with us

ព័ត៌មានជាតិ

ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​រវាង​ក្រុម​សុខសាន្ត​ និង​តោ​ក្រហម​ បញ្ចប់​ដោយ​ស្នាម​ញញឹម

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​រវាង​ក្រុម​បាល់ទាត់​សុខសាន្ត​ និង​ក្រុម​តោក្រហម​ ដើម្បីរៃអង្គាសថវិកាជួយសាងសង់ជម្រកដ៏កក់ក្តៅជូនដល់កុមារងាយរងគ្រោះ និងកុមារកំព្រា ជាង២០០នាក់ នៅមណ្ឌលមែកឈើ​ កាល​ពី​ថ្ងៃ​ទី១៤​ ខែ​មិថុនា​ ២០២៦​ នេះ​បាន​បញ្ចប់​ដោយ​លទ្ធផល​ ៥-៥​ និង​ប្រកប​ដោយ​ស្នាម​ញញឹម​នៅ​ឯ​កីឡដ្ឋានបាល់ទាត់​ អាយ អេស អាយ ផាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ប្រកួត​ម្សិលមិញ

នេះ​ជា​ការ​បើកទំព័រ​ប្រវត្តិសាស្ត្រ​មនុស្សធម៌ថ្មីមួយទៀត​របស់​ក្រុម​បាល់ទាត់​មិនមែន​អាជីព​គឺ​ក្រុម​បាល់ទាត់​សុខសាន្ត​ (Sok San FC) ​និង​ក្រុម​បាល់ទាត់​តោក្រហម​ (Red Lion Casumina) បាន​រួម​គ្នា​​រៀបចំ​កម្មវិធី​ប្រកួត​មិត្តភាព​សប្បុរសធម៌​ប្រចាំ​ឆ្នាំ២០២៦​ នៅកីឡដ្ឋាន អាយ អេស អាយ ផាក (ISI Park)។

ទិដ្ឋភាព​ប្រកួត​ម្សិលមិញ

ប្រធាន​ក្រុម​ទាំង​ពីរ​ខាង​លើ​លើក​ឡើង​ថា​ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះកើតចេញ​ពី​បេះដូង​ស្រលាញ់​ និង​បំណងប្រាថ្នាចង់ផ្តល់ជម្រកដ៏កក់ក្តៅ ព្រមទាំងស្នាមញញឹមឡើងវិញដល់កុមារៗ។ នៅក្នុងឆ្នាំនេះព្រឹត្តិការណ៍ទាំងមូលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សប្បុរសជន ដោយទទួលថវិកាពីសប្បុរសធម៌ប្រមាណជាង ៦លានរៀល និងបានប្រគល់ជូនថ្នាក់ដឹកនាំនៃមណ្ឌលមែកឈើដើម្បីយកទៅបំពេញក្តីស្រមៃសង់ផ្ទះជូនកុមារៗប្រមាណជាង ២០០នាក់។

ប្រធានក្រុមសុខសាន្ត

ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​នេះ​កើក​មាន​ឡើង​ពី​ស្មារតី​របស់​កីឡាករ​ទាំង​ពីរ​ក្រុម​ និង​ការ​លៈបង់​នូវ​ពេល​វេលា​ចូល​ហ្វឹកហាត់​ ប្រកួត​ និង​ពិសេស​នោះ​គឺ​ការ​រៃអង្គាស​ថវិកា​គ្នា​នេះ​តែ​ម្ដង​ដើម្បី​ជួយ​ដល់​កុមារៗ​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។​ លោក​សូម​អរគុណ​ចំពោះ​ការ​លៈបង់​ និង​ទឹកចិត្ត​ដ៏​ល្អ​របស់​ក្រុម​ទាំង​ពីរ​ក្នុង​ការ​ចូលរួម​ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​មួយ​នេះ។​ សម្ដី​លោក ​«រាល់ការចូលរួមរបស់បងប្អូន ទោះតិចក្តីច្រើនក្តី គឺក្លាយទៅជាឥដ្ឋ ស៊ីម៉ង់ត៍ ដែក និងជាដំបូលផ្ទះសម្រាប់កុមារៗ»។


ចំណែក​លោក ផន ផល្លា ប្រធានមជ្ឈមណ្ឌលមែកឈើ បានថ្លែងអំណរគុណដល់ក្រុមបាល់ទាត់ទាំងពីរព្រម​​ទាំង​សប្បុរសជនទាំងអស់ ដែលបានចូលរួមគាំទ្រដល់មណ្ឌលមែកឈើ ជាពិសេសការចូលរួមបរិច្ចាគថវិកា និងសម្ភារៈ តាមរយៈកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ និងការជាវអាវរបស់លោក ដើម្បីឱ្យលោកមានលទ្ធភាពយកប្រាក់ទាំងអស់នេះទៅផ្គត់ផ្គង់កុមារ និងសាងសង់ជម្រករបស់ពួកគេឱ្យបានចប់សព្វគ្រប់។​ ក្នុងឱកាសនោះ លោកផល្លា ក៏បានបន្តសំណូមពរ និងអំពាវនាវដល់សាធារណជន និងសប្បុរជនទាំងអស់ ចូលរួមបរិច្ចាគជាថវិកាក្តី និងសម្ភារៈក្តី ដើម្បីឱ្យកុមារនៃមណ្ឌលមែកឈើមានជម្រកដ៏កក់ក្តៅ។​

ទិដ្ឋភាព​ប្រកួត​ម្សិលមិញ

គួរបញ្ជាក់ថា ការ​ប្រកួត​សប្បុរសធម៌​នេះ​ចាប់ផ្តើម​នា​ពេលព្រឹកចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១ព្រឹកដោយការប្រកួតដំបូងធ្វើឡើងរវាងកុមារក្រោមអាយុ១២ឆ្នាំ និងការជួបគ្នារវាងក្រុម Sok San FC ដឹកនាំដោយលោក ឈុន កុសល និងក្រុម Red Lion Casumina ដឹកនាំដោយលោក ញឹក សេរីវុធ ដែលបានប្រកួតគ្នាយ៉ាងស្វិតស្វាញចំនួន ៣ តង់។ ក្រៅពីអ្នកគាំទ្រផ្ទាល់នៅលើទីលាន ព្រឹត្តិការណ៍នេះក៏បានទាក់ទាញទស្សនិកជនទស្សនាតាមអនឡាញ (ការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ) យ៉ាងច្រើនកុះករផងដែរ៕

ទិដ្ឋភាព​ប្រកួត​ម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម