Connect with us

សន្តិសុខសង្គម

អាជ្ញាធរស្រុកបាទី ចាប់ផ្ដើមដំឡើងអំពូលភ្លើងសូឡាតាមបណ្ដោយផ្លូវជាតិលេខ២ ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាពមូលដ្ឋាន

បានផុស

នៅ

រដ្ឋបាលស្រុកបាទី កំពុងបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយផ្តោតលើការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសោភ័ណភាពតាមដងផ្លូវ។ ជាក់ស្តែង នាពេលថ្មីៗនេះ លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចុះអនុវត្តការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវប្រើប្រាស់ថាមពលព្រះអាទិត្យ (សូឡា) នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងដំឡើងភ្លើងសូឡានេះ ត្រូវបានអនុវត្តចាប់ពីចំណុចព្រំប្រទល់ស្រុកសំរោង រហូតតាមបណ្តោយផ្លូវជាតិលេខ២ក្នុងមូលដ្ឋានស្រុកបាទី ដើម្បីធានាឱ្យមានពន្លឺគ្រប់គ្រាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ ជាពិសេសនៅពេលយប់ ដែលជាពេលងាយប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាអសន្តិសុខផ្សេងៗ។

លោក សាយ វណ្ណៈ បានមានប្រសាសន៍ថា ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវនេះ គឺជាការឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ដែលតែងតែយកចិត្តទុកដាក់លើសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាចម្បង។

អភិបាលស្រុកបាទី បានបញ្ជាក់ថា បង្គោលភ្លើងសូឡាទាំងនេះ មិនត្រឹមតែជួយបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់សកម្មភាពអវិជ្ជមានដែលអាចកើតមាននៅតាមដងផ្លូវនាពេលរាត្រីផងដែរ។ លើសពីនេះ គម្រោងប្រើប្រាស់ភ្លើងសូឡា ក៏ជាផ្នែកមួយនៃការលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញ ដែលមានលក្ខណៈសន្សំសំចៃ ប្រកបដោយនិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន ស្របតាមទិសដៅអភិវឌ្ឍបៃតងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា និងការពារសមិទ្ធផលសាធារណៈទាំងនេះឱ្យបានគង់វង្ស ជៀសវាងការបំផ្លាញ ឬធ្វើឱ្យខូចខាត ដើម្បីបម្រើផលប្រយោជន៍រួមរបស់សហគមន៍ និងកូនចៅជំនាន់ក្រោយ។

បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងបន្តដំណើរការដំឡើងបង្គោលភ្លើងសូឡាយ៉ាងមមាញឹក ដើម្បីឱ្យការបំភ្លឺតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រស្រុកបាទី អាចដំណើរការបានពេញលេញនាពេលឆាប់ៗខាងមុខ។ ការអនុវត្តគម្រោងនេះ ត្រូវបានរំពឹងថា នឹងជួយលើកកម្ពស់សោភ័ណភាពទីប្រជុំជន បង្កើនទំនុកចិត្តដល់អ្នកធ្វើដំណើរ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ស្រុកបាទីឱ្យកាន់តែរីកចម្រើន៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម