ព័ត៌មានជាតិ
១៧ឆ្នាំក្រោយឯករាជ្យ! កម្ពុជា បានបង្កើតស្ថាបត្យកម្មខ្មែរសម័យថ្មី ក្លាយជាអត្តសញ្ញាណជាតិ បានការសរសើរពីមជ្ឈដ្ឋានអន្តរជាតិ
រយៈពេលត្រឹម ១៧ឆ្នាំ បន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ កម្ពុជាបានបង្កើតស្នាដៃស្ថាបត្យកម្មជាបន្តបន្ទាប់ ដែលមិនត្រឹមតែផ្លាស់ប្តូរមុខមាត់សង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែនោះជាអត្តសញ្ញាណស្ថាបត្យកម្មខ្មែរថ្មីមួយ និងមានការទទួលស្គាល់ពីប្រជាជាតិល្បីៗ ថាជាសម័យកាលដ៏រស់រវើក។ ទោះជាយ៉ាងណា សំណង់ជាច្រើនពីសម័យនោះ តែងតែត្រូវបានសាធារណជនភាន់ច្រឡំថា ជាសំណង់សម័យអាណានិគមបារាំង ខណៈដែលការពិត វាជាស្នាដៃរបស់ស្ថាបត្យករ និងវិស្វករខ្មែរ ក្រោយកម្ពុជាទទួលបានឯករាជ្យទាំងស្រុង។

យោងតាមសៀវភៅ «សំណង់កម្ពុជា៖ ស្ថាបត្យកម្មខ្មែរសម័យថ្មី ឆ្នាំ១៩៥៣-១៩៧០» បានបង្ហាញថា ក្រោមការដឹកនាំរបស់ សម្តេចព្រះបាទ នរោត្តម សីហនុ កម្ពុជាបានឈានចូលយុគមួយនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ក្នុងការកសាងជាតិ សម្តេចព្រះបាទ នរោត្តម សីហនុ បានជំរុញឱ្យកើតមានស្ថាបត្យកម្មខ្មែរសម័យថ្មី ដែលរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាសំណង់ទំនើប និងអត្តសញ្ញាណវប្បធម៌ខ្មែរ។
ក្នុងអំឡុងពេលនោះ សំណង់សាធារណៈធំៗជាច្រើនបានលេចរូបរាងឡើងទូទាំងប្រទេស។ ពហុកីឡាដ្ឋានជាតិ សាកលវិទ្យាល័យ អគាររដ្ឋបាល សាលារៀន មន្ទីរពេទ្យ លំនៅដ្ឋាន និងគម្រោងរៀបចំទីក្រុងជាច្រើន បានក្លាយជានិមិត្តរូបនៃកម្ពុជាទំនើបមួយ ដែលរីកចម្រើនប្រកបដោយមហិច្ឆតា និងទំនុកចិត្តលើអនាគត។
លើសពីសំណង់អគារធំៗ កម្ពុជាក៏បានពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន រួមមានផ្លូវថ្នល់ ផ្លូវដែក ក្រុងថ្មី និងគម្រោងអភិវឌ្ឍទីក្រុង លើវិស័យអប់រំ សុខាភិបាល រដ្ឋបាល ឧស្សាហកម្ម និងការរស់នៅរបស់ប្រជាពលរដ្ឋ។
នៅពីក្រោយសមិទ្ធផលដ៏អស្ចារ្យទាំងនេះ គឺជាការខិតខំប្រឹងប្រែងរបស់ស្ថាបត្យករ និងវិស្វករខ្មែរជាច្រើនរូប ក្នុងការបង្កើតស្ថាបត្យកម្មខ្មែរសម័យថ្មីឱ្យលេចធ្លោលើឆាកអន្តរជាតិ។ ឯសំណង់ល្បីៗជាច្រើននៅរាជធានីភ្នំពេញ ក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទស្សនវិស័យអភិវឌ្ឍប្រទេសជាតិក្នុងទ្រង់ទ្រាយធំ នាសម័យសង្គមរាស្ត្រនិយម។
ភាពរីកចម្រើននេះ បានទាក់ទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋានអន្តរជាតិផងដែរនាពេលនោះ។ ជាក់ស្តែង ក្នុងទស្សនកិច្ចមកកាន់កម្ពុជានាទសវត្សរ៍ឆ្នាំ១៩៦០ អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Kuan Yew ធ្លាប់បានស្ញប់ស្ញែងចំពោះសោភណភាព និងស្ថាបត្យកម្មថ្មីរបស់រាជធានីភ្នំពេញ ហើយក៏បានសម្តែងបំណងអភិវឌ្ឍសិង្ហបុរី ដោយដើរតាមបន្ទាត់មេស្រដៀងគ្នានេះ។
ថ្លែងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា កាលពីដើមខែកញ្ញា ឆ្នាំ១៩៦៦ ប្រធានាធិបតីបារាំង Charles de Gaulle ក៏បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងសុន្ទរកថារបស់លោកផងដែរ ខណៈការទទួលស្គាល់ពីមេដឹកនាំរូបនេះ បានក្លាយជាសក្ខីភាពមួយបង្ហាញថា កម្ពុជា ក្នុងទសវត្សរ៍នោះ មិនត្រឹមតែជាប្រទេសដែលកំពុងអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែជាប្រទេសមួយដែលកំពុងបង្ហាញអត្តសញ្ញាណ វប្បធម៌ និងសមត្ថភាពស្ថាបត្យកម្មរបស់ខ្លួនទៅកាន់ពិភពលោក។
យ៉ាងណាមិញ សៀវភៅស្រាវជ្រាវនេះក៏បានកែតម្រូវការយល់ឃើញមួយដែលមានជាយូរមកហើយផងដែរថា “ សមិទ្ធផលនៃសម័យសង្គមរាស្ត្រនិយម មិនមែនជាស្នាដៃរបស់ស្ថាបត្យករល្បីឈ្មោះតែម្នាក់ ឬពីរនាក់នោះទេ ផ្ទុយទៅវិញ មានភស្តុតាងបង្ហាថា ជាស្នាដៃរបស់ស្ថាបត្យករ និងវិស្វករជាច្រើននាក់”។
ជាងកន្លះសតវត្សរ៍ក្រោយមក សំណង់ជាច្រើនពីសម័យនោះនៅតែឈរយ៉ាងរឹងមាំ ជាសាក្សីនៃសម័យមួយដែលកម្ពុជា បានបង្ហាញពីសមត្ថភាព ចក្ខុវិស័យ និងភាពច្នៃប្រឌិតរបស់ខ្លួន។ ស្ថាបត្យកម្មខ្មែរសម័យថ្មី មិនត្រឹមតែជាបេតិកភណ្ឌរូបវន្តដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពជាតិ និងជាភស្តុតាងបញ្ជាក់ថា កម្ពុជាធ្លាប់មានយុគសម័យមាសមួយនៃការកសាង និងអភិវឌ្ឍប្រទេស ដែលគួរត្រូវបានសិក្សា អភិរក្ស និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


