Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីអះអាងពីលំហសេរីភាពរបស់សង្គមស៊ីវិល ហើយលើកទឹកចិត្តចំពោះសង្គមស៊ីវិលដែលធ្វើការពិត

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានអះអាងពីលំហសិទ្ធិសេរីភាពពេញលេញរបស់អង្គការសង្គមស៊ីវិលទាំងអស់ ដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា។ តែរាល់សកម្មភាព គឺត្រូវអនុវត្តឱ្យស្របតាមច្បាប់ជាតិកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានច្រានចោលការចោទប្រកាន់របស់មតិមួយចំនួន ដែលលើកឡើងថា រាជរដ្ឋាភិបាលបិទសិទ្ធិសេរីភាព និងមិនលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិល។

សម្ដេចធិបតី បានបញ្ជាក់ទៅវិញថា​ រាជរដ្ឋាភិបាលកម្ពុជាមិនដែលរឹតត្បិតសិទ្ធិរបស់អង្គការសង្គមស៊ីវិលឡើយ។ ផ្ទុយទៅវិញអង្គការសង្គមស៊ីវិលដែលធ្វើការពិតប្រាកដ និងបម្រើផលប្រយោជន៍របស់ប្រជាជន តែងតែទទួលបានការគាំទ្រ ការលើកទឹកចិត្ត និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំពីរាជរដ្ឋាភិបាល។

ការឆ្លើយតបរបស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ បានធ្វើឡើងនៅក្នុងពេលដែលសម្ដេចចូលរួមអបអរសាទរខួប៣០ឆ្នាំនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅឯខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ថ្លែងចេញពីវេទិកានោះ សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីដ៏សំខាន់របស់អង្គការសង្គមស៊ីវិល ក្នុងភាពជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល តួយ៉ាងដូចជាអង្គការដើម្បីភាពញញឹមនៃកុមារ ដែលបានជួយដល់កុមារក្រីក្រ និងងាយរងគ្រោះជាច្រើន។

សម្ដេច បានមានប្រសាសន៍ថា «ដៃគូបែបនេះ រាជរដ្ឋាភិបាលមានទៅបិទសិទ្ធិអី មានតែសុំជួយបន្ថែម ជួយឱ្យរីកចម្រើនថែមទៀត ព្រោះធ្វើពិតប្រាកដ»។

អង្គការដើម្បីភាពញញឹមនៃកុមារ បានផ្ដល់ជំនួយដល់កុមារក្រីក្រ និងងាយរងគ្រោះប្រមាណជិត ៧ពាន់នាក់ ដោយឱ្យបានផ្ដល់ទាំងការស្នាក់នៅ អាហារ ការអប់រំចំណេះទូទៅ និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។

រយៈពេល៣០ឆ្នាំមកនេះ PSE បានរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ហើយផ្តល់ឱកាសថ្មីដល់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ ឱ្យមានអនាគត ដែលនេះជាការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលពីអង្គការសង្គមស៊ីវិល ដែលបម្រើឱ្យប្រយោជន៍ប្រជាជនពិតប្រាកដ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម