Connect with us

ព័ត៌មានជាតិ

កម្លាំងយោធាខេត្តកំពង់ធំរំលឹកពលរដ្ឋកុំនេសាទត្រីក្នុងតំបន់អភិរក្ស បើផ្គើនត្រូវប្រឈមវិធានការច្បាប់

បានផុស

នៅ

កម្លាំងចម្រុះដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយរដ្ឋបាលជលផល និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យតំបន់អភិរក្សពូជត្រីតាមបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ។ លោក បានក្រើនរំលឹកពលរដ្ឋកុំឱ្យនេសាទក្នុងតំបន់អភិរក្សពូជត្រី បើផ្គើនត្រូវប្រឈមវិធានការច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពន្យល់ប្រជានេសាទអំពីច្បាប់ស្ដីពីជលផល និងហាមការនេសាទត្រីគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងតំបន់អភិរក្សជាដាច់ខាត ជាពិសេសនៅក្នុងរដូវបិទនេសាទនេះតែម្ដង។

លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានឱ្យដឹងថា តំបន់អភិរក្សពូជត្រីនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ គឺមានចំនួនពីរកន្លែង ដោយនៅតំបន់អភិរក្សអតីតឡូត៍លេខ២ព្រែកខ្សាច់ មានប្រាំព្រែក គឺព្រែកខ្សាច់ ព្រែកធ្លក ព្រែកតាប៉ា ព្រែកបា ព្រែកណាំ និងនៅតំបន់អភិរក្សឡូត៍លេខ២ស្ទួន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ពីភាពជោគជ័យក្នុងរយៈពេលជិតពីរឆ្នាំមកនេះ ដែលកម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយអាជ្ញាធរដែនដី មន្ត្រីរដ្ឋបាលជលផល និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធរួមគ្នាការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទនៅលើផ្ទៃបឹងទន្លេសាប តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

ដោយសារការអភិរក្ស និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ លោក ថា បច្ចុប្បន្ន ផលត្រីបានសម្បូរឡើងវិញនៅគ្រប់ទីកន្លែង ហើយកម្លាំងចម្រុះនៅតែបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ព្រមទាំងយកចិត្តទុកដាក់ក្នុងការការពារតំបន់អភិរក្សពូជត្រី ដើម្បីថែរក្សា និងអភិរក្សធនធានជលផលកម្ពុជាឱ្យមានកំណើនផលត្រីច្រើនសម្រាប់ទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម