Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ីស្រាអែល កោះ​ប្រជុំ​សន្តិសុខ​កំពូល ដើម្បីអនុម័តដក​ទ័ព​​ ពីភាគខាងត្បូង​លីបង់

បានផុស

នៅ

​បណ្តាញ​សារព័ត៌មាន​អន្តរ​ជាតិ​ជា​ច្រើន ​បាន​​ចុះ​ផ្សាយ​ថា នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និង​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ គ្រោងចួប​គ្នា ក្នុង​សប្តាហ៍នេះ​​ នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន។​

​​មុន​ជំនួប​​នៃ​មេដឹកនាំ​ទាំង​ពីរ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់​យ៉ាហ៊ូ​ បាន​កោះ​ប្រជុំ​សន្តិសុខកម្រិតខ្ពស់​មួយកាលពី​ថ្ងៃអាទិត្យ ដើម្បី​អនុម័ត​ផែន​ការ​ដកទ័ពងអ៊ីស្រាអែល​ នៅ​ភាគ​ខាងត្បូង​ប្រទេស​លីបង់ ក្រោមកិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​សម្របសម្រួលដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក។

សារព័ត៌មាន​ Channel 13 របស់​អ៊ីស្រាអែល​ បានឱ្យ​ដឹងនៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៦ ថា មន្ត្រីយោធាជាន់​ខ្ពស់និងសន្តិសុខបានចូលរួម​កិច្ចប្រជុំ ផ្តោតលើការកំណត់​តំបន់​ដែលរួមបញ្ចូល​ ក្នុង​ដំណាក់​កាលដក​ទ័ពដំបូង និងយន្តការសម្រាប់អនុវត្ត​ចលនានេះ ដោយសម្របសម្រួលជាមួយ​ភាគីអន្តរជាតិ ជា​ពិសេសអាមេរិក។

នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល លោក ណេតាន់​យ៉ាហ៊ូ ​និង​មន្រ្តី​កំពូល​។ រូបភាព៖ AA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ​កើតឡើងពេល​អ៊ីស្រាអែល និងលីបង់​បន្តទំនាក់​ទំនង​សម្របសម្រួលដោយ​អាមេរិក​លើការរៀបចំ​នៅនឹងកន្លែង រួមទាំងការកំណត់​ តំបន់​គ្មាន​ក្រុម​ហេសបូឡា ដើម្បីការពារ​ការកកិត ឬការគណនា​ខុស​ អំឡុងពេលដំណើរការ​ដកទ័ព។

យ៉ាង​ណា អ៊ីស្រាអែលមិនទាន់ចាប់ផ្តើម​ដកទ័ពចេញពីតំបន់​ដែល​បាន​កំណត់នៅឡើយទេ ដោយភ្ជាប់​ចលនានេះ​ទៅនឹងការធានាថាកងទ័ព​លីបង់ត្រៀម​ខ្លួនរួចជាស្រេច​ ដើម្បីដាក់ពង្រាយនិងគ្រប់គ្រងរួម​ជាមួយនឹងការរៀប​ចំត្រួត​ពិនិត្យ​អន្តរជាតិ។

យោង​តាមប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​ KAN របស់អ៊ីស្រាអែល ការដកទ័ពនេះត្រូវបាន​គេរំពឹងថានឹងត្រូវបានអនុវត្ត​បន្តិចម្តងៗ​នៅក្នុង ដំណាក់​កាលសាកល្បង ក្រោយមក​អាចត្រូវបានពង្រីក​ ប្រសិនបើអនុវត្តដោយ​ជោគជ័យ។

មន្ត្រីយោធាអ៊ី​ស្រាអែល និងលីបង់បានចាប់ផ្តើម​កិច្ចពិភាក្សាសម្របសម្រួលដោយអាមេរិក ដើម្បីប​ង្កើតលក្ខណៈវិនិច្ឆ័យ​ច្បាស់លាស់​សម្រាប់តំបន់គ្មាន​ហេសបូឡា​ដែលបានស្នើ​ឡើង មុនពេលការ​សាក​ល្បងដកទ័ពរបស់អ៊ីស្រាអែល​ចេញពីភូមិពីរ​នៅភាគខាងត្បូងលីបង់។

ក្រោមកិច្ច​ព្រមព្រៀងក្របខ័ណ្ឌ​សម្របសម្រួល​ដោយអាមេរិក ចុះហត្ថ​លេខានៅថ្ងៃទី២៦ ខែមិថុនា អ៊ីស្រាអែលបាន​យល់ព្រម​អនុវត្ត​ការ​ដក​ទ័ពបន្តិចម្តងៗចេញពីទឹកដីលីបង់ ដោយចាប់ផ្តើមជាមួយនឹងតំបន់សាកល្បង​ពីរ។

គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀងនេះ​មិនបានកំណត់ពេលវេលាសម្រាប់ការដកទ័ព​របស់អ៊ីស្រាអែលពេញលេញ​នោះទេ ហើយ​ភ្ជាប់ការដាក់​ពង្រាយឡើងវិញបន្ថែមទៀត​ទៅនឹងកងទ័ពលីបង់​ដែលទទួលខុសត្រូវ​សន្តិសុខ​ពេញលេញ​ក្នុងតំបន់ដែល​ត្រូវជម្លៀសចេញ និងការរំសាយអាវុធរបស់ក្រុម​ប្រដាប់អាវុធកំពុងប្រតិបត្តិការ​នៅខាងក្រៅការ​គ្រប់គ្រងរបស់រដ្ឋ ដោយ​សំដៅ​ទៅលើ​ក្រុម​ហេសបូឡា៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម