Connect with us

ព័ត៌មានជាតិ

ក្រសួង បន្តពិនិត្យឯកសារទស្សនាទានកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ដើម្បីទទួលភ្ញៀវទេសចរណ៍អន្តរជាតិ

បានផុស

នៅ

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយ ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តម ឈី ហុង អនុរដ្ឋលេខាក្រសួងសុខាភិបាល បានជួបពិភាក្សាគ្នាបន្ត អំពីការកែសម្រួលឯកសារទស្សនាទានកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩។ នេះជាលើកទី២ហើយ ដែលអ្នកជំនាញនៃក្រសួងទាំងពីរកែសម្រួលជាមួយគ្នា ដើម្បីជំរុញឲ្យឯកសារនេះមានភាពល្អប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារទស្សនាទានកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ជាឯកសារគោលដែលក្រសួងទេសចរណ៍កំពុងរៀបចំឡើង ដើម្បីបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងហើយ។ កិច្ចពិភាក្សារវាងក្រុមជំនាញនៃក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល គឺដើម្បីប្រាកដថា ឯកសារនេះមានភាពគ្រប់ជ្រុងជ្រោយក្នុងការធានានូវសុវត្ថិភាពទេសចរ និងប្រជាពលរដ្ឋពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការបើកឲ្យមានទេសចរណ៍ឡើងវិញ។

ការរៀបចំឯកសារបើកទេសចរណ៍វ៉ាក់សាំងនេះ គឺឆ្លើយតបទៅនឹងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២០-២០២៥ ដែលប្រមុខរាជរដ្ឋាភិបាលទើបតែអនុម័តនាពេលថ្មីៗកន្លងទៅនេះ។

ក្រោយកិច្ចប្រជុំ ឯកឧត្តម សុខ សង្វារ បញ្ជាក់ថា កិច្ចពិភាក្សានេះទទួលបានលទ្ធផលល្អច្រើន ដោយក្រុមការងារនៃក្រសួងទាំងពីរបានផ្តល់យោបល់លើចំណុចសំខាន់ៗមួយចំនួន ដើម្បីជាធាតុចូលក្នុងឯកសារ។ ទោះជាយ៉ាងណា មានចំណុចធំៗមួយចំនួនទៀត ដែលទាមទារការពិនិត្យ និងសម្រេចពីគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ មុននឹងស្នើការអនុម័តចុងក្រោយពីប្រមុខរាជរដ្ឋាភិបាលលើឯកសារនេះ៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម