Connect with us

ព័ត៌មានជាតិ

​ពលរ​ដ្ឋ​រស់នៅ​ខណ្ឌដូនពេញ ជ្រោយចង្វារ​ និង​ព្រែក​ព្នៅ​ សូម​រួសរាន់​ទៅ​ចាក់​វ៉ាក់សាំង​ ខណៈ​ដូ​ស​ទី​១​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃនេះ​

បានផុស

នៅ

​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​អំពាវនាវ​ដល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌដូនពេញ ខណ្ឌ​ជ្រោយចង្វារ ​និង​ខណ្ឌ​ព្រែក​ព្នៅ​ ដែល​ជា​ខណ្ឌ​នៅ​សេសសល់​ចុងក្រោយ​រួសរាន់​ទៅ​ចាក់​វ៉ា​ក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ ខណៈ​ដូ​ស​ទី​១​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៣​ ខែ​មិថុនា ​ឆ្នាំ២០២១​នេះ​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត ងី ម៉េង​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៣​មិថុនា​ថា ​ខណ្ឌដូនពេញ ខណ្ឌ​ជ្រោយចង្វារ​ និង​ខណ្ឌ​ព្រែក​ព្នៅ​នេះ ​បានចាប់ផ្តើម​ចាក់​ដូ​ស​ទី​១​កាលពី​ថ្ងៃ​ទី​១០​ខែមិថុនា​ រហូតដល់​ថ្ងៃទី​២៣​មិថុនា​នេះហើយ​ នឹងត្​រូវ​បន្ត​ចាក់​ដូ​ស​ទី​២​ចាប់ពី​ថ្ងៃទី​២៥ ខែ​មិថុនា​ដល់​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០២១​ខាងមុខ​។ ​លោក វេជ្ជបណ្ឌិត បាន​បន្តទៀតថា​ គិត​ត្រឹម​ថ្ងៃទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០២១​ មាន​ប្រជាពលរដ្ឋ​រស់នៅ​និង​ស្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ​ មាន​ប្រជាពលរដ្ឋ​ចំនួន​១៦៥៤៩៣៨​នាក់​ ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩ ​ក្នុងនោះ​អ្នកទទួល​បាន​ចាក់​ដូ​ស​ទី​២ ​មាន​ចំនួន​១៤៩៦៧៦៧​នាក់​។

​លោក វេជ្ជបណ្ឌិត បាន​បន្ថែម​ទៀតថា​«​ក្រុមការងារ​នឹង​ចាក់​វ៉ាក់សាំង​ជួន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ មិន​ថា​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​ឬ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅក្នុង​រាជធានី​ភ្នំពេញ​នោះទេ​ ឱ្យតែ​មកចាក់​ គឺ​ចាក់​តែ​ទាំងអស់​ហ្នឹង​»​។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​ស្នើឱ្យ​អាជ្ញាធរ​ខណ្ឌ​នី​មួយៗ​ពិសេស​ខណ្ឌ​ ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ ត្រូវ​ស្រង់​ស្ថិតិ​អ្នក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩​ ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ចាក់​គ្រប់ៗ​គ្នា​។ ​លោក វេជ្ជបណ្ឌិត បាន​បន្តទៀតថា ការទទួលបាន​វ៉ាក់សាំង​គ្រប់ៗ​គ្នា​នេះ ​នឹង​ជួយ​កាត់បន្ថយ​ការចម្លង​ជំងឺ​ពី​ធ្ងន់​ទៅ​ស្រាល​។

​លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា​ អត្រា​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ធ្លាក់ចុះ​នៅ​រាជធានី​ភ្នំពេញ​នេះ​គឺ​ដោយសារតែ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ គ្របដណ្តប់បាន​ស្ទើរ​១០០​ភាគរយ​និង​ការអនុវត្ត​វិធានការ​៣​ការពារ​រួមមាន ពាក់​ម៉ា​សលាង​សំអាត​ដៃ​និង​រក្សា​គម្លាត​សុវត្ថិភាព​និង​៣​កុំ​រួមមាន ​កុំទៅ​កន្លែង​ដែលមាន​មនុស្ស​អ៊ូរ​អរ​កកកុញ​ច្រើន កុំទៅ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់អាកាស​ចេញចូល​ និង​កុំ​ចាប់​ដៃគ្នា ប៉ះគ្នា​ឬ​អោប​គ្នា​។ លោក វេជ្ជបណ្ឌិត បានបន្តទៀតថា ជំងឺ​កូ​វីដ​១៩​ មិនអាច​លប់​បំបាត់​បាន​១០០​ភាគរយ​បានទេ ​តែ​សំខាន់​ពេលនេះ​យើង​ត្រូវ​កាត់បន្ថយ​កុំឱ្យ​ស្ថានភាព​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរៗ​ប៉ុណ្ណោះ​។

​​គួរ​បញ្ជាក់​ថា ​ចាប់ពី​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ រហូតមកដល់​ថ្ងៃទី​២២​ ខែមិថុនា ​ឆ្នាំ​២០២១​នេះ​ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ចំនួន​៣៥១៧៩៤៣​នាក់​ ស្មើនឹង​៣៥.១៨​ភាគរយ​ ក្នុង​នោះ​មាន​អ្នក​ចាក់​ដូ​ស​ទី​២​ បាន​ចំនួន​២៧៥៧៧៩៦​ នៃ​ផែនការ​ចាក់​សរុប​១០​លាន​នាក់​៕

​អត្ថបទ៖ សំអឿន​

សូមចុចអាន៖ រដ្ឋាភិបាលបន្តបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតព្យួរការងារជាង១ម៉ឺននាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម