ជីវិតកម្សាន្ដ
ល្អណាស់! ព្រះវិហារអាយុកាល១០០ឆ្នាំ បានស្រោចសង់ឡើងវិញ
បច្ចុប្បន្ន មាននិន្នាការនៃការវាយកម្ទេចវិហារចាស់ ដើម្បីសាងសង់វិហារថ្មីស្ទើរនៅគ្រប់ខេត្តក្រុង ហើយបញ្ហានេះ បានបណ្តាលឲ្យមានការជជែកពិភាក្សាយ៉ាងក្តៅគគុក ក្នុងស្រទាប់មហាជន។

ព្រះវិហារនៃវត្តទួលខ្សាច់ ហៅវត្តកោះផ្តៅ ជាវិហារបុរាណមួយក្នុងចំណោមវិហារដែលគ្រោងវាយកម្ទេចចោល។ ព្រះវិហារនេះ ស្ថិតនៅក្នុងវត្តទួលខ្សាច់ ភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ព្រះវិហារវត្តកោះផ្ដៅ កសាងនៅរវាងឆ្នាំ១៩២០-១៩៣០។ ក្រៅពីវិហារចំណាស់ នៅមានសំណង់ចេតិយដែលសង់នៅព.ស.២៤៦៥ (គ.ស.១៩២១) ហើយចេតិយនេះរង់ចាំសប្បុរសជនជួយជាថវិកាសម្រាប់ការជួសជុលនិងពង្រឹង។ ក្នុងសម័យខ្មែរក្រហម ព្រះវិហារនេះ ក្លាយជាកន្លែងកាត់សម្លៀកបំពាក់ (សម្រាប់កម្មាភិបាល) និង ជាជង្រុកស្រូវ។






ដោយសារកត្តាមនុស្ស ធម្មជាតិ និងអាយុកាល ធ្វើឲ្យព្រះវិហារមួយនេះទទួលរងការខូចខាត។ ដោយយល់ឃើញពីសារសំខាន់នៃសំណង់បុរាណនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្វែងរកថវិកាសម្រាប់ក្រុមជំនាញនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ដើម្បីជួសជុល។ ក្នុងការងារជួសជុល ក្រុមការងារជំនាញ បានរក្សានូវទម្រង់និងបច្ចេកទេសបង្គំនានាតាមលំអានចាស់ មានដូចជា៖ គ្រឿងបង្គុំដំបូល ក្បឿង និង គ្រឿងលម្អស្ថាបត្យកម្មនៅដំបូល រួមមាន ហោជាង នាគដងក្តារ នាគចែង ព្រំដំបូល ជហ្វារ កិន្នរ គ្រុឌ ក្បាច់ចម្លាក់តាមសសរត្រូវជួសជុលនិងចម្លងឡើងវិញតាមទីតាំងដែលបាត់និងខូចខាត។ ដោយឡែកគំនូរបុរាណក្នុងព្រះវិហារ ក្រុមការងារមិនបានជួសជុលនោះទេ ដ្បិតផ្ទៃគំនូរជិត៨០%នៅល្អ ហើយម្យ៉ាងទៀត ដោយសារមានព័ត៌មានផ្សេងៗ ទាក់ទងនឹងសម័យខ្មែរក្រហម ហេតុនេះក្រុមការងាររក្សាទុកនៅដដែល។

ក្រៅពីការជួសជុលពង្រឹងរចនាសម្ព័ន្ធព្រះវិហារ ក្រុមជំនាញបានទាក់ទងមន្ត្រីសារមន្ទីរទួលស្លែងឲ្យចុះសិក្សា ប្រមូលចងក្រង និងស្រង់ទិន្នន័យនានានៅលើជញ្ជាំងដែលទាក់ទងនឹងសម័យខ្មែរក្រហម។ ជាលទ្ធផល ក្រុមការងារប្រមូលទិន្នន័យពីគំនូសសញ្ញាលើជញ្ជាំង បានចំនួន៨៣ផ្ទាំង។ ខ្លឹមសាររួមនៃទិន្នន័យដែលស្រង់បាន គឺបង្ហាញពីកំណត់ហេតុការងារប្រចាំថ្ងៃ គំនូសសញ្ញាជាចំនួន សារនយោបាយបដិវត្តន៍របស់ខ្មែរក្រហម ព្រមទាំងរូបទាហានជាដើម។ ឧទាហរណ៍៖ «[ថ្ងៃទី] ២.ប៉ាស់៨ [កាត់ដេរ] សំពត់២ ខោ១ អង់រឹង១, …[ថ្ងៃទី] ១៨. ប៉ាស់១ អាវក្មេង១, …[ថ្ងៃទី]២៩ ឈឺ…» «…មិត្តយើងអើង ប្រទេសកម្ពុជា» «១.៣.១៩៧៨» និងឃ្លាមួយសំខាន់គឺ «កម្ពុជាប្រ.ធិបតេយ្យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនឹងភ្លឺស្វាងនឹងទ័ពបដិវត្តកម្ពុជានៃបក្សកុម្មុយនីស្តកម្ពុជា ប្រជាជន…» ។


ព្រះវិហារនេះ ជួសជុលរួចរាល់ទាំងស្រុងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
ប្រភព៖ អគ្គនាយកដ្ឋានបេតិកភណ្ឌ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


