Connect with us

ព័ត៌មានជាតិ

អនុវត្តបម្រាមគោចរ នៅភ្នំពេញ មានយានយន្តល្មើស ចំនួន១ ៧៩៨គ្រឿង និងពិន័យជាប្រាក់ជាង ២០០លានរៀល

បានផុស

នៅ

កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ឯក ស ថេត ជាស្នងការបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងជាប់ជាប្រចាំមិនថាយប់ ឬថ្ងៃឡើយ នូវសារាចរណែនាំ របស់រាជរដ្ឋា​ភិបាល ក៏ដូចជាសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរាត​ត្បាត នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល រាជ​ធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃពុធនេះថា ចំពោះការអនុវត្តបម្រាមគោចរ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាន នគរ​បាលរាជធានីភ្នំពេញ បានរកឃើញមានយានយន្តល្មើស ចំនួនសរុប១ ៧៩៨គ្រឿង។ ក្នុងនោះសមត្ថកិច្ច បានអប់រំណែនាំ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ចំនួន១៨៣២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេលជិត២សប្ដាហ៍ នៃការអនុវត្តបម្រាមគោចរនេះ កម្លាំងសមត្ថកិច្ចបានផាកពិន័យ អ្នកល្មើសចំនួន​១៧៧នាក់ ដែលសរុបជាទឹកប្រាក់ចំនួនជាង២០០លានរៀល។ ចំណែកយានយន្ដចំនួន៤១៤គ្រឿង ត្រូវបានឃាត់រក្សាទុក ហើយមនុស្សចំនួន២៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ ចាត់ការបន្តតាមច្បាប់។ លោកវរសេនី​យ៍ឯក សាន សុខសីហា បានថ្លែងបញ្ជាក់ថា ចំពោះការអនុវត្តបម្រាមគោចរ ប៉ុន្មានថ្ងៃមកនេះ គឺលោកកត់​សម្គាល់ឃើញថា ប្រជាពលរដ្ឋ មានការចូលរួមច្រើន ដែលនាំឲ្យការអនុវត្តនេះ ទទួលបានជោគជ័យ រួមចំណែកកាត់បន្ថយ ការឆ្លងនៃជំងឺកូវីដ-១៩។

អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «ជារួមយើងឃើញថា ទាក់ទងទៅនឹងបទល្មើស គឺមានការថយចុះជាប្រចាំ អញ្ចឹងមានន័យថា យើងឃើញថា ប្រជាពលរដ្ឋទូទៅ គឺគាត់មានការយល់ដឹង និងចូលរួមសហការ គោរព បានច្រើន ម្យ៉ាងវិញទៀត គឺនៅពេលឃើញ មានការចូលរួមគោរព​ចឹង កងកម្លាំង ក៏មានអារម្មណ៍ថា សប្បាយចិត្ត ហើយការអនុវត្តបានជោគជ័យ ដើម្បីចូលរួមសហការគ្នា ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta ហ្នឹង»។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពី ការដាក់ចេញនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១១ និង៥៩នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ នៅក្នុងសេចក្ដីសម្រេចនេះ ក៏បានដាក់ចេញនូវបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ លើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម