ព័ត៌មានជាតិ
អ្នកនាំពាក្យ១០រូប តែងឆ្លើយតបសំណួរ របស់អ្នកសារព័ត៌មាន មិនថាយប់ ឬថ្ងៃ
អ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនរូប តែងតែឆ្លើយតបសំណួរ របស់អ្នកសារព័ត៌មាន ដែលបានសាកសួរអំពីបញ្ហាអ្វីមួយ ដើម្បីយកព័ត៌មាននោះ ទៅផ្សព្វផ្សាយបន្តជូនដល់សាធារណ ជន និងប្រជាពលរដ្ឋ បានដឹង បានយល់។ នៅថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មី សូមលើកយកឈ្មោះអ្នកនាំពាក្យចំនួន១០រូប ដែលតែងតែឆ្លើយតបសំណួរ របស់អ្នកសារព័ត៌មាន។
ទី១. លោកជំទាវ ឱ វណ្ណឌីន
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល។ ចាប់តាំងពីកើតមានករណីឆ្លងជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០មក គេតែងតែលឺឈ្មោះ និងស្ដាប់សំឡេងលោកជំទាវ ឱ វណ្ណឌីន ដែលបានផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍, វិទ្យុ, កាសែត, និងអនឡាញ ដោយលោកជំទាវ បានជម្រាបជូន សាធារណជន និងប្រជាពលរដ្ឋ អំពីស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដូចជាព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងជំងឺរាត ត្បាតមួយនេះ។ ក្នុងរយៈពេលជាង១ឆ្នាំមកនេះ លោកជំទាវ ឱ វណ្ណឌីន ដែលមានមាឌតូចច្រឡឹង តែពោរពេញដោយសមត្ថភាពនោះ ក៏តែងតែឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន តាមរយៈទូរស័ព្ទ ឬក៏បណ្ដាញសង្គម តេលេក្រាមជាដើម ហើយមិនថា យប់ ឬថ្ងៃប៉ុណ្ណាទេ ឲ្យតែលោកជំទាវ មានពេលទំនេរ គឺតែងតែឆ្លើយតប មកកាន់តែអ្នកសារព័ត៌មាន ដើម្បីឲ្យអ្នកសារព័ត៌មាន ផ្ដល់ព័ត៌មានបន្តទៅកាន់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ។

ទី២. លោកជំទាវ យក់ សម្បត្តិ
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ ដូចគ្នាដែរ! លោកជំទាវ យក់ សម្បត្តិ ក៏តែងតែផ្ដល់ព័ត៌មាន ឬរបាយការណ៍ផ្សេងៗ ពាក់ព័ន្ធនឹងស្ថានភាព នៃជំងឺកូវីដ-១៩ ដល់អ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយបន្ត ជូនសាធារណជន និងប្រជាពលរដ្ឋដែរ។ មិនថាតាមទូរស័ព្ទ ឬតាមបណ្ដាញសង្គមតេលេក្រាមនោះទេ លោកជំទាវ យក់ សម្បត្តិ តែងតែឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន ឲ្យតែលោកជំទាវមានពេលទំនេរ។

ទី៣. ឯកឧត្ដម ផៃ ស៊ីផាន
ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ តាំងពីនៅជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមកម្លេះ ឯកឧត្ដម ផៃ ស៊ីផាន តែងតែឆ្លើយតបនូវសំណួរនានា របស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ នៅពេលឯកឧត្ដម មកកាន់តំណែងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តែងតែរៀបចំឲ្យមានសន្និសីទសារព័ត៌មាននានា របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឲ្យអ្នកសារព័ត៌មាន បានសាកសួរនូវសំណួរផ្សេងៗ ហើយយកទៅផ្សព្វផ្សាយបន្តជូនសាធារណជន និងប្រជាពលរដ្ឋ។

ទី៤. ឯកឧត្ដម ជិន ម៉ាលីន
ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ហើយក៏ជាអនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ និងសិទ្ធិមនុស្ស អ្នកសារព័ត៌មានរូបណាក៏ដឹងដែរថា ឯកឧត្ដម ជិន ម៉ាលីន ជាអ្នកនាំពាក្យ ដែលតែងតែឆ្លើយតបជាមួយអ្នកសារព័ត៌មាន ហើយកាន់តែងាយស្រួលទៀតនោះ ឯកឧត្ដមតែងតែឆ្លើយតប តាមបណ្ដាញសង្គមតេលេក្រាម ដែលទទួលបានការកោតសរសើរ ពីអ្នកសារព័ត៌មានយ៉ាងច្រើន។

ទី៥. ឯកឧត្ដម នេត្រ ភក្ដ្រា
ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ហើយក៏ជាអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមផងដែរ។ តាមពិតឯកឧត្ដម នេត្រ ភក្ត្រា បានផ្ដល់ភាពងាយស្រួល ក្នុងការឆ្លើយតប ជាមួយអ្នកសារ ព័ត៌មានជាច្រើនឆ្នាំមកហើយ តាំងពីនៅសាលាក្ដីខ្មែរក្រហមមកម្លេះ។ នៅពេលឯកឧត្តម ត្រូវបានតែងតាំងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន ឯកឧត្ដមក៏រឹតតែបង្កការងាយស្រួល ជាមួយអ្នកសារព័ត៌មានថែមទៀត ដោយឯកឧត្ដម តែងតែរៀបចំសេចក្ដីប្រកាសព័ត៌មានមួយយ៉ាងស្អាត អមជាមួយរូបភាពសន្លឹក និងវីដេអូ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ជូនដល់អ្នកសារព័ត៌មាន។ លើសពីនេះទៀត ឯកឧត្តម ក៏តែងតែរៀបចំឲ្យមានដំណើរទស្សនកិច្ច របស់អ្នកសារព័ត៌មាន ទៅកាន់តំបន់ការពារ និងអភិរក្សជាច្រើនទៀត ដែលស្ថិតនៅក្នុងការគ្រប់គ្រង របស់ក្រសួងបរិស្ថាន។

ទី៦. ឯកឧត្ដម មាស សុភ័ណ្ឌ
ឯកឧត្ដម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន។ ចាប់តាំងពីត្រូវ បានតែង តាំងជាអ្នកនាំពាក្យក្រសួងព័ត៌មានមក ឯកឧត្ដម មាស សុភ័ណ្ឌ ក៏តែងតែឆ្លើយតបជាមួយអ្នកសារព័ត៌មានច្រើនដែរ មិនថា ជាស្ថាប័នព័ត៌មានតូច ធំ ឬស្ថាប័នព័ត៌មានបរទេសផ្សាយជាភាសាខ្មែរនោះទេ។ លើសពីនេះទៀត ឯកឧត្ដម ក៏តែងតែចូលរួមក្នុងកិច្ចពិភាក្សា ឬក៏វេទិកានានា ដែលពាក់ព័ន្ធនឹងវិស័យព័ត៌មានផងដែរ នៅពេលមានការអញ្ជើញឯកឧត្ដម ឲ្យចូលរួម។

ទី៧. ឯកឧត្ដមសន្តិបណ្ឌិត ខៀវ សុភ័គ
ឯកឧត្ដមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ឯកឧត្ដមតែងតែឆ្លើយ តប ជាមួយអ្នកសារព័ត៌មាន តាមប្រព័ន្ធទូរស័ព្ទ និងបណ្ដាញតេលេក្រាម ឲ្យតែជាព័ត៌មានពាក់ព័ន្ធ នឹងក្រសួងមហាផ្ទៃ។

ទី៨. លោក ហ៊ាង សុទ្ធាយុត្តិ
លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ តែងតែឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងផ្ដល់ព័ត៌មានជូនអ្នកសារព័ត៌មាន តាមបណ្ដាញសង្គមតេលេក្រាមផងដែរ។ លោកក៏ជាបុគ្គលម្នាក់ ដែលជំនាញផ្នែកបច្ចេកវិទ្យា នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនដែរ។

ទី៩. លោក ឃាង ភារម្យ
លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ។ លោក ឃាង ភារម្យ មិនត្រឹមតែឆ្លើយតប ជាមួយអ្នកសារព័ត៌មាន តាមទូរស័ព្ទ និងបណ្ដាញសង្គមតេលេក្រាមប៉ុណ្ណោះទេ លោកក៏តែផ្ដល់ព័ត៌មាននានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ និងបញ្ហាដែលកើតឡើងនានា នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

ទី១០. លោកវរសេនីយ៍ឯក សាន សុខសីហា
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងព័ត៌មានសន្តិសុខ សណ្ដាប់ធ្នាប់ ការអនុវត្តច្បាប់ របស់សមត្ថកិច្ចរាជធានីភ្នំពេញ លោក វរសេនីយ៍ឯក សាន សុខសីហា តែងតែឆ្លើយតបជាមួយសំណួរ របស់អ្នកសារព័ត៌មាន មិនថាពេល យប់ ឬថ្ងៃនោះទេ ជាពិសេសអំឡុងពេលដែលរាជធានីភ្នំពេញ អនុវត្តវិធានការបិទខ្ទប់កាលពីពេលកន្លងទៅថ្មីៗនេះ។ លោកវរសេនីយ៍ឯក សាន សុខសីហា តែងតែឆ្លើយតបរាល់សំណួរ អ្នកសារព័ត៌មាន មិនថាតាមទូរស័ព្ទ ឬតាមបណ្ដាញសង្គមតេលេក្រាមនោះទេ៕

អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


