Connect with us

ព័ត៌មានជាតិ

កូនទូតចង់ទទួលវ៉ាក់សាំងកូវីដ-១៩ ត្រូវមានឯកសារអីខ្លះ?

បានផុស

នៅ

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស  មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា រាជរដ្ឋាភិបាល មិនត្រឹមតែយកចិត្តទុកដាក់ចាក់វ៉ាក់សាំងកូវីដ-១៩ ចំពោះកុមារ និងប្រជាពលរដ្ឋខ្លួនប៉ុណ្ណោះទេ ក្នុងនោះក៏បានយកចិត្តដល់មន្ត្រី បុគ្គលិកអង្គទូត ស្ថាប័នអន្តរជាតិ និងជនបរទេស ព្រមទាំងកូនចៅរបស់ពួកគេ ដែលកំពុងបំពេញភារកិច្ចការងារ និងរស់នៅលើប្រទេសកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបន្តថា ជាក់ស្ដែងនៅថ្ងៃនេះ រដ្ឋាភិបាលបានប្រារព្ធពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថា ចំពោះកុមារដែលជាកូនចៅមន្ត្រីបុគ្គលិកទូត ស្ថាប័នអន្តរជាតិ ដែលមានបំណងចង់ចាក់វ៉ាក់សាំងកូវីដ-១៩នេះដែរ ត្រូវការឯកសារចាំបាច់មួយចំនួនមានដូចជា ប៉ាស្ព័រ (លិខិតឆ្លងដែន)  និងការបញ្ជាក់ពីស្ថានទូតថា ជាកូនពិតប្រាកដ ឬសំបុត្រកំណើត ឬ ID អ្វីមួយដែលបញ្ជាក់ពីអត្តសញ្ញាណកូននោះពិតប្រាកដ។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានប្រកាសចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ដោយប្រើប្រាស់ វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុងដែល នឹងចាប់ផ្ដើមបើកយុទ្ធនាការពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ និងខេត្តទាំង២១ទៀត នឹងត្រូវចាប់ផ្តើមបើកចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

តាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ចំពោះកូនចៅមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិកស្ថានទូត ស្ថានកុងស៊ុល និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ទៅទទួលវ៉ាក់សាំងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ និងកូនចៅមន្ត្រី និងបុគ្គលិកអង្គការជាតិអន្តរជាតិ និងដៃគូផ្សេងទៀតទៅទទួលវ៉ាក់សាំង ចាប់ថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម