Connect with us

កីឡា

មក​ដឹង​ជើង​ខ្លាំងទាំង ៤រូប​​ប្រចាំ​ទម្ងន់​ ៦០​គីឡូក្រាម​មាន​ទីផ្សារ​ប្រកួត​ច្រើន​ទាំង​ក្នុង​ និងក្រៅ​ប្រទេស​

បានផុស

នៅ

ទីផ្សារ​ប្រកួត​គុន​ខ្មែរ​ទាំង​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស ​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់​ និង​សំបូរ​កម្មវិធី​ទៀត​ផង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ពិសេស​ចាប់​តាំង​ពី​លោក​ ខូវ​ ឆាយ​ ដែល​ជា​ប្រធាន​សហព័ន្ធ​ថ្មី​ចូល​កាន់​តំណែង​ដឹកនាំ​បន្ត​អំឡុង​ឆ្នាំ​២០២៤ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ខូវ ឆាយ

ចំពោះ​ប្រភេទ​ទម្ងន់​ដែល​កក្រើក​ការ​គាំទ្រ​ និង​កំពុង​មាន​ទីផ្សារ​ប្រកួត​ខ្លាំង​នោះ​ភាគ​ច្រើន​គឺ​ទម្ងន់​ ៥៧​ និង​ ៦០​កីឡូក្រាម​ដែល​បាន​ឆក់​យក​បេះ​ដូង​អ្នក​គាំទ្រ​ពិសេស​ប្រភេទ​កីឡាករ​ដែល​ដើរ​បុក​ វាយ​អស់​ៗ​ដោយ​មិន​ចាំ​ស្ទាបស្ទង់​ដៃគូ​ច្រើន។​ ថ្ងៃ​នេះ​កម្ពុជា​ថ្មី​សូម​បង្ហាញ​មុខ​កីឡាករ​ទម្ងន់​ ៦០​គីឡូក្រាម​ដែល​ល្បីឈ្មោះ​ និង​មាន​ទីផ្សារ​ប្រកួត​ក្នុង​ពេល​បច្ចុប្ប ៖​

ទី១​ កីឡាករ​ ពេជ្រ​ សម្បត្តិ​

អ្នក​ប្រដាល់​មាន​ដើម​កំណើត​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​អាច​ចាត់​ទុក​ថា​ជា​កីឡាករ​ឈរ​លេខ១​ ហើយ​ដែល​សំបូរ​កម្មវិធី​ប្រកួត​ធំៗ​ និង​អាច​ឡើង​ប្រកួត​បាន​គ្រប់​ស្ថានីយ​ទូរទស្សន៍​ និង​គ្រប់​កម្មវិធី​តែ​ម្ដង​ ពោល​ឲ្យ​តែ​ចរចា​តម្លៃ​ខ្លួន​ត្រូវ​គ្នា។​ កូន​សិស្ស​គ្រូ​ឆ្នើម​រូប​នេះ​ឡើង​ប្រកួត​ម្ដងៗ​ជក់ចិត្ត​ និង​ភាគ​ច្រើន​ផ្ដួល​ដៃគូ​ឲ្យ​បោះបង់​ការ​ប្រកួត​ និង​មិន​សូវ​ធ្វើ​ឲ្យ​គាំទ្រ​ខក​ចិត្ត​នោះ​ឡើយ​ទើប​រូប​គេ​មាន​សន្ទុះ​ទីផ្សារ​ប្រកួត​ច្រើន​មិន​ថា​ក្នុង​ស្រុក​ ឬ​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ។​ សម្បត្តិ​ ធ្លាប់​ចេញ​ទៅ​ប្រកួត​កម្មវិធី​ធំៗ​នៅ​ឯ​ក្រៅ​ប្រទេស​ច្រើន​ដង​មកហើយ​ដូច​ជា​ទៅ​អូស្ត្រាលី​ អាមេរិក​ បារាំង​ ចិន​ ជា​ដើម។​ នៅ​ថ្ងៃ​ទី១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ រូប​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី២​ ដើម្បី​ប្រកួត។​

កីឡាករ ពេជ្រ​ សម្បត្តិ

ទី២​ កីឡាករ​ ឈុត​ សេរីវណ្ណថង​

ជើង​ខ្លាំង​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​ក៏​មាន​ទីផ្សារ​ប្រកួត​មិន​ចាញ់​ ពេជ្រ​ សម្បត្តិ​ នោះ​ឡើយ។​ បើ​ទោះ​ជា​មាន​ទីផ្សារ​ប្រកួត​ច្រើន​មែន​តែ​កូន​ប្រុស​លោក​ ឈុត​ សេរី​ រូប​នេះ​មិន​សូវ​ប្រកួត​ញឹកញាប់​ដូច​កីឡាករ​ដទៃ​នោះ​ទេ​ពិសេស​បើ​មិន​មាន​ពេលវេលា​សម្រាប់​ហ្វឹកហាត់​ ឬ​ត្រៀម​ខ្លួម​បាន​ល្អ​គ្រប់គ្រាន់​នោះ។​ វណ្ណថង​ គេ​មើល​ឃើញ​ថា​ជា​កីឡាករ​វាយ​អស់ៗ​ និង​មាន​ស្នៀត​ប្រយុទ្ធ​ច្រើន។​ រូប​គេ​ក៏​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​ចាប់​គូ​ ឬ​ម្ចាស់​កម្មវិធី​ធំៗ​ផង​ដែរ​ដើម្បី​យក​ទៅ​ប្រកួត។​ ថ្មីៗ​នេះ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ទើប​តែ​មក​ពី​ប្រកួត​នៅ​ឯ​ប្រទេស​បារាំង​ទៀត​ផង​ ខណៈ​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ធ្លាប់​ឆ្លងកាត់​ច្រើន​ដង​ច្រើន​សារ​មក​ហើយ។​

កីឡាករ ឈុត​ សេរីវណ្ណថង

ទី៣​ កីឡាករ​ បឺត​ សង្ឃឹម​

កំពូល​អ្នក​លេង​ក្បាច់​ត្រកូល​ «បឺត»​ រូប​នេះ​ក៏​មាន​ការ​គាំទ្រ​ និង​មាន​ទីផ្សារ​ប្រកួត​ច្រើន​ដែរ​នៅ​តាម​កម្មវិធី​តូច-ធំ​ ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស។​ ការ​ប្រកួត​ដោយ​ប្រើ​បច្ចេកទេស​ខ្ពស់​ និង​សំបូរ​ក្បាច់​របស់​ បឺត​ សង្ឃឹម​ ក៏​បាន​ទាក់ទាញ​អ្នក​គាំទ្រ​ផ្នែក​វាយ​ក្បាច់​នេះ​ច្រើន​ផង​ដែរ​ពិសេស​គឺ​ម្ចាស់​រៀបចំ​កម្មវិធី​ធំៗ។​ បឺត​ សង្ឃឹម​ ប្រកួត​ក៏​មិន​សូវ​ចាញ់​ដូច​កីឡាករ​ទាំង​ពីរ​នាក់​ខាង​លើដែរ។​ រូប​គេ​តែងតែ​បត់បែន​គ្រប់​នាទី​ និង​គ្រប់​ទឹក​នៃ​ការ​ប្រកួត ​ដែល​ពេល​ខ្លះ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ និង​ពេល​ខ្លះ​យក​ឈ្នះ​ត្រឹម​ពិន្ទុ។​ រូប​គេ​ជា​កីឡាករ​ក្រសោប​លុយ​ធំ​ និង​មាន​ឱកាស​ច្រើន​បាន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ។​ កូន​សិស្ស​លោក​ សេន​ ប៊ុនថេន​ រូប​គេ​ក៏​មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​អូស្ត្រាលី​ជា​មួយ​សិស្ស​ប្អូន​ ពេជ្រ​ សម្បត្តិ​ ផង​ដែរ។​

កីឡាករ បឺត​ សង្ឃឹម​

ទី៤​ កីឡាករ​ ឃីម​ បូរ៉ា​

អ្នក​លេង​ក្បាច់​គុន​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​ក៏​មាន​ទីផ្សារ​ប្រកួត​ច្រើន​ដែរ​ពិសេស​នោះ​កម្មវិធី​ផ្សេងៗ​ក្នុង​ប្រទេស។​ ប្អូន​ប្រុស​របស់​ ឃីម​ ឌីម៉ា​ រូប​នេះ​ចាត់​ចូល​ជា​កីឡាករ​ជើង​ចាស់​មួយ​រូប​លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​នេះ​ហើយ។​ ក្បាច់​វាយ​មួយៗ​ និង​ការ​ចេញ​ច្បាស់ៗ​ ចិត្ត​សឿង​មិន​ខ្លាច​ដៃគូ​របស់​ បូរ៉ា​ ក៏​បាន​ទាក់ទាញ​យក​សន្ទុះ​គាំទ្រ​ពី​មហាជន​បាន​ច្រើន​ផង​ដែរ​ពិសេស​គឺ​ម្ចាស់​កម្មវិធី​ ឬ​តាម​ស្ថានីយ​ទូរទស្សន៍​ផ្សេងៗ​ក្នុង​ស្រុក។​ បូរ៉ា​ ក្រសោប​បាន​កម្មវិធី​ប្រកួត​ច្រើន​ក្នុង​ស្រុក​ ប៉ុន្តែ​កម្មវិធី​ក្រៅ​ស្រុក​មិន​សូវ​ញឹកញាប់​ដូច​កីឡាករ​ ៣រូប​ខាង​លើ​នោះ​ឡើយ។​ សប្ដាហ៍​នេះ​រូប​គេ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជូន​អ្នក​គាំទ្រ​នៅ​ឯ​សង្វៀន​បាយ័ន៕​

កីឡាករ ឃីម​ បូរ៉ា

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម