Connect with us

សន្តិសុខសង្គម

រយៈពេល១០ថ្ងៃ កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ ១,៣៦២នាក់ ចេញពីប្រទេស

បានផុស

នៅ

ក្នុង​រយៈ​ពេល​១០ថ្ងៃ ​ចាប់​ពី​ថ្ងៃទី១​ ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ២០២៦ ​អគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍ បាន​​បណ្ដេញ​ជនបរទេស​សរុប ១,៣៦២នាក់ ​ក្នុង​នោះ​ស្រី ២៤៣នាក់ ​មាន ​២៤សញ្ជាតិ ចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ​ពាក់​ព័ន្ធ​នឹង​ការ​ស្នាក់​នៅ​ខុស​ច្បាប់ ​និង​បទល្មើសផ្សេង​ៗ​។​

​ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​​លោក​អភិសន្តិបណ្ឌិត ​ស សុខា ឧបនាយករដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ​និង​ការ​ណែ​នាំ​របស់​​លោក​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ ដោយ​នាយកដ្ឋានស៊ើបអង្កេត ​និង​អនុវត្តនីតិវិធី​ បាន​បន្ត​អនុវត្តវិធាន​ការ​បណ្ដេញចេញ​ជន​បរទេស​ដែល​ល្មើស​ច្បាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​បរទេស​ទាំង​នោះ​មាន ​២៤​សញ្ជាតិ ​រួម​មាន ឥណ្ឌូនេស៊ី ​ចិន ​បង់​ក្លាដេស ​ថៃ ​វៀត​ណាម​ មីយ៉ាន់​ម៉ា ​នីហ្សេរីយ៉ា ចិនតៃវ៉ាន់​ កូរ៉េ​ ស្រីលង្កា ​ហ្វីលីពីន ​ឥណ្ឌា ​កាមេរូន ​យូហ្គង់ដា ទុយណេស៊ី ទួក​មេនីស្ថាន ​ប៉ាគីស្ថាន​ រុស្ស៊ី​ បារាំង​ លីបេរីយ៉ា ​ស៊ុយអែត ហ្គាណា ហ្សកហ្ស៊ី ​និង​ចក្រភពអង់គ្លេស។

ក្នុង​ចំណោម​នោះ ​ជន​ជាតិ​ចិន​ ១៧០នាក់ (ស្រី៨នាក់)​ ត្រូវ​បាន​បណ្ដេញ​ចេញ​តាម​ជើងហោះ​ហើរ​ពិសេស​ពី​អាកាស​យានដ្ឋានអន្ត​រជាតិ​តេជោ។ ​ជន​ជាតិ​វៀតណាម ​៤៥នាក់ ​(ស្រី៣នាក់)​ ត្រូវ​បាន​បញ្ជូន​ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃវល្លិ៍ ​ខេត្ត​ស្វាយរៀង ​ខណៈ​ជនជាតិ​ថៃ ​៧៩នាក់ (ស្រី៣៥​នាក់) ​ត្រូវ​បាន​បណ្ដេញ​ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ។

សម្រាប់​ជនបរទេស​ផ្សេង​ទៀត ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ឆ្លង​ដែន​ ប្រើ​ប្រាស់​ឯកសារ​ និង​ទិដ្ឋាការ​ក្លែងក្លាយ ​ស្នាក់​នៅ​ដោយ​គ្មាន​លិខិត​ឆ្លងដែន ​ចាប់​ជំរិតទារ​ប្រាក់​ ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ ​ធ្វើ​ការងារ​ដោយ​ខុស​ច្បាប់​ ព្រម​ទាំង​បទល្មើស​ព្រហ្ម​ទណ្ឌផ្សេង​ៗ​។​

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់​ថា ​ការ​បណ្ដេញ​ចេញ​ជនបរទេស​ទាំង​នេះ ​គឺជា​ការ​អនុវត្តវិធាន​ការ​ច្បាប់​យ៉ាងម៉ឺង​ម៉ាត់​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​បង្ក្រាប ​និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម ជា​ពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ​ដើម្បី​ធានា​សន្តិសុខ ​សុវត្ថិភាព​សាធារណៈ និង​ជួយ​សង្គ្រោះ​ជនរង​គ្រោះដែល​ត្រូវ​បាន​បោក​បញ្ឆោត​ឱ្យ​ចូលរួមក្នុងសកម្មភាព​ខុស​ច្បាប់​ ឱ្យ​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ដោយ​សុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម